រដ្ឋបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំពិភាក្សាពិនិត្យកែសម្រួលទិន្នន័យ ការធ្វើបទបង្ហាញពីសក្តានុពលសេដ្ឋកិច្ចរបស់ខេត្ត និងសម្រាប់ផ្តល់ឱកាសក្នុងការទាក់ទាញដល់ការវិនិយោគ

ខេត្តបាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបើកកិច្ចប្រជុំសិក្សាស្វែងយល់លម្អិតពីទិន្នន័យសក្តានុពលសេដ្ឋកិច្ចចម្រុះ ដើម្បីធ្វើការព្យាករណ៍សម្រាប់បង្ហាញដល់អ្នកវិយោគ ដែលគេមានចំណាប់អារម្មណ៍ក្នុងគោលបំណងដើម្បីស្វែងរកឱកាសនៃការវិនិយោគក្នុងខេត្ត ខណៈដែលខេត្តបាត់ដំបងត្រូវបានរាជរដ្ឋាភិបាល បានចាត់បញ្ចូល ជាខេត្តប៉ូលសេដ្ឋកិច្ចទី៤ នៃបណ្តុំខេត្តភាគខាងលិចប្រទេសរួមមាន៖ ខេត្តបាត់ដំបង ប៉ៃលិន ពោធិសាត់ និងខេត្តបន្ទាយមានជ័យ កិច្ចប្រជុំនេះធ្វើឡើង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ជាមួយបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធ ក្នុងខេត្ត ។

ខេត្តបាត់ដំបងមាន GDPឆ្នាំ២០២១កន្លងទៅ សរុបប្រមាណ ១០ទ្រីលានរៀល និងគិតជាដុល្លារប្រមាណជាង២ ៣៨៤លានដុល្លារអាមេរិច ។ ដោយក្នុងនោះសេដ្ឋកិច្ចខេត្តមានកំណើនប្រមាណ២,៣%នៅអំឡុងឆ្នាំ២០២១។ចំណូលមធ្យមសម្រាប់ម្នាក់ៗប្រមាណ១ ៧៦០ដុល្លារអាមេរិច កើនឡើងប្រមាណ០,៥ បើប្រៀបធៀបនិងឆ្នាំ២០២០ ចំណូលសម្រាប់ម្នាក់ៗប្រមាណ ១ ៦៩៨,៧ដុល្លារអាមេរិច។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានផ្តល់នូវអនុសាសន៍គន្លឹះសំខាន់ៗដែលទាមទារតម្រូវឲ្យគ្រប់បណ្តាស្ថាប័នមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវធ្វើការសិក្សាលម្អិតបំពេញបន្ថែម និងធ្វើការកែតម្រូវឲ្យបានត្រឹមត្រូវជាក់លាក់ច្បាស់លាស់ ដើម្បីជាទុនក្នុងការផ្តល់គំនិតផ្តួចផ្តើមហើយក៏ជាទុនសម្រាប់ខេត្តក្តាប់បានអំពីសក្តានុពលសេដ្ឋកិច្ចសំខាន់ៗដែលខេត្តខ្លួនមាន និងជាឱកាសសម្រាប់រដ្ឋបាលខេត្តបាត់ដំបង ខិតខំធ្វើការកៀគរស្វែងរកដៃគូ ដើម្បីធ្វើការវិនិយោគនៅក្នុងខេត្ត និងដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តរបស់ខ្លួន ប្រកបដោយចីរភាព នៅឆ្នាំ២០២៤ខាងមុខ និងនៅឆ្នាំបន្តៗខាងមុខថែមទៀត។

គួរបញ្ជាក់ផងដែរថា៖ ខេត្តបាត់ដំបងមានផ្ទៃដីសរុប ១១ ៦៣១,២១ គម.ក្រឡា។ មានស្រុក១៣ និងក្រុង១, ឃុំចំនួន៩៣,សង្កាត់ចំនួន១០ និងភូមិចំនួន៨៣៩ភូមិ។ ប្រជាពលរដ្ឋសរុប ១លាន ៣៦៤ពាន៎៨៧៣នាក់(ក្នុងនោះស្ត្រី ៦៨៦ពាន់៣៣២នាក់។ កម្លាំងពលកម្ម ជាសក្តានុពល ចាប់ពីអាយុ១៨-៣៥ឆ្នាំ មានចំនួន២៧%។ ក្នុងនោះ មុខរបរចម្បងកសិកម្ម ៦៨,២%។ សេវាកម្ម ៣១,៤%និង សិប្បកម្ម ០,៤%៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន )

ads banner