រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ជូនដល់ប្រជាពលរដ្ឋ គឺជាការផ្តល់នូវឯកសារគតិយុត្តមួយដ៏សំខាន់ ដើម្បីចុះឈ្មោះបោះឆ្នោត និងចូលរួមក្នុងការបោះឆ្នោត
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យផលទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតានាថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២៣នៅទីស្តីការក្រសួងមហាផ្ទៃ។
សម្តេចក្រឡាហោម បានមានប្រសាសន៍ថាថ្ងៃនេះក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យលទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ដើម្បីពិនិត្យអំពីចំណុចខ្លាំង និងចំណុចខ្សោយ បញ្ហាប្រឈមនានា និងបទពិសោធន៍ ដើម្បីមានមូលដ្ឋានក្នុងការដាក់ចេញនូវទិសដៅបន្ត និងវិធានការសំខាន់ៗសម្រាប់បម្រើឱ្យការងារបោះឆ្នោត ជូនប្រជាពលរដ្ឋនៅឆ្នាំខាងមុខ ជាពិសេស នៅឆ្នាំ២០២៧ និង២០២៨ ដែលជាឆ្នាំនៃការរៀបចំដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៦ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៨ ផងដែរ។
សម្តេចក្រឡាហោម បានបន្ថែមថា លទ្ធផលដែលសម្រេចបាននាពេលនេះ គឺកើតចេញពីសកម្មភាពនៃអង្គភាពពាក់ព័ន្ធទាំងអស់ ជាពិសេស រដ្ឋបាលរាជធានី-ខេត្ត និងរដ្ឋបាលឃុំ សង្កាត់ និងស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំបំពេញការងារក្នុងការជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា សម្រាប់បម្រើដល់ការងាររៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។
សម្តេចក្រឡាហោម បានបញ្ជាក់ថា ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ជូនដល់ប្រជាពលរដ្ឋ គឺជាការផ្តល់ជូននូវឯកសារគតិយុត្តមួយដ៏សំខាន់ ជាពិសេស យោងតាមច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានកំណត់យកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីចុះឈ្មោះបោះឆ្នោត និងចូលរួមក្នុងការបោះឆ្នោត។ ក្នុងន័យនេះ ដើម្បីធានានូវសិទ្ធិសេរីភាព ក៏ដូចជាកាតព្វកិច្ចនានារបស់ប្រជាពលរដ្ឋនៅក្នុងសង្គម ក្រសួងមហាផ្ទៃ បានដាក់ចេញផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ និងបានបង្កើតក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ព្រមទាំងណែនាំដល់ថ្នាក់ក្រោមជាតិ ក្នុងការជំរុញការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ជូនប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាពបានប្រើប្រាស់។
សម្តេចក្រឡាហោម បានបញ្ជាក់បន្ថែមថា យោងតាមផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតានេះ នឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ក៏ប៉ុន្តែមកដល់ពេលនេះ ក្រសួងមហាផ្ទៃ បានស្នើសុំរាជរដ្ឋាភិបាល ដើម្បីពន្យានូវដំណើរការនៃការអនុវត្តផែនការនេះរហូតដល់ថ្ងៃប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ដើម្បីបន្តអនុវត្តការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា។
ក្នុងន័យនេះដែរ សម្តេចក្រឡាហោម បានបញ្ជាក់យ៉ាងច្បាស់ថា នេះគ្រាន់តែជាការបិទបញ្ចប់នៃផែនការយុទ្ធនាការតែប៉ុណ្ណោះ មិនមែនមានន័យថាឈប់ផ្តល់សេវាផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាជូនប្រជាពលរដ្ឋបានទៀតនោះទេ គឺប្រជាពលរដ្ឋនៅតែមានសិទ្ធិអាចទៅទទួលសេវាផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនេះជាមួយអាជ្ញាធរមូលដ្ឋានបានដដែល ៕ ដោយ-រ៉ាវុធ