វិបត្តិអាកាសធាតុសម្លាប់ជីវិតមនុស្ស ១៩៥,០០០នាក់ និងខាតបង់សេដ្ឋកិច្ច ៦០៥ពាន់លានដុល្លារនៅទ្វីបអឺរ៉ុប ចាប់តាំងពីឆ្នាំ ១៩៨០
កូប៉ិនហាក៖ ការប្រែប្រួលអាកាសធាតុនៅក្នុងទ្វីបអឺរ៉ុប បានឆក់យកអាយុជីវិតមនុស្សប្រហែល ១៩៥,០០០នាក់ និងបង្កការខាតបង់សេដ្ឋកិច្ចច្រើនជាង ៥៦០ពាន់លានអឺរ៉ូ ឬប្រហែល ៦០៥ពាន់លានដុល្លារ។
ទីភ្នាក់ងារបរិស្ថានអឺរ៉ុប (EEA) នៅថ្ងៃពុធនេះ បាននិយាយថា ការប្រែប្រួលអាកាសធាតុនៅក្នុងទ្វីបអឺរ៉ុប បានសម្លាប់ជីវិតមនុស្សប្រមាណ ១៩៥,០០០នាក់ និងបង្កការខាតបង់សេដ្ឋកិច្ចច្រើនជាង ៥៦០ពាន់លានអឺរ៉ូ ឬប្រហែល ៦០៥ពាន់លានដុល្លារ ចាប់តាំងពីឆ្នាំ ១៩៨០។
ទីភ្នាក់ងារនេះបន្តថា អ្នកស្លាប់ប្រហែល ១៩៥,០០០នាក់ បណ្តាលមកពីគ្រោះទឹកជំនន់ ខ្យល់ព្យុះ រលកកំដៅ និងរលកត្រជាក់ ភ្លើងឆេះព្រៃ និងការបាក់ដីជាដើម នៅចន្លោះឆ្នាំ ១៩៨០ និងឆ្នាំ ២០២១។
អ្នកជំនាញរបស់ទីភ្នាក់ងារបរិស្ថានអឺរ៉ុប (EEA) លោក Aleksandra Kazmierczak បានប្រាប់សារព័ត៌មាន AFP ថា ដើម្បីការពារការខាតបង់បន្ថែមទៀត យើងត្រូវផ្លាស់ប្តូរការឆ្លើយតបជាបន្ទាន់ទៅនឹងព្រឹត្តិការណ៍អាកាសធាតុដដ៏អាក្រក់។
យោងតាមទិន្នន័យចុងក្រោយបំផុត រលកកំដៅបានរ៉ាប់រងរហូតដល់ ៨១ភាគរយនៃការស្លាប់ និង ១៥ភាគរយនៃការខាតបង់ផ្នែកហិរញ្ញវត្ថុ។ ទន្ទឹមគ្នា ទីភ្នាក់ងារបរិស្ថានអឺរ៉ុប (EEA) បាននិយាយថា អឺរ៉ុបចាំបាច់ត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីការពារប្រជាជនវ័យចំណាស់របស់ខ្លួន ពីការវាយប្រហារដោយរលកកម្តៅ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា