សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា មិនដែលសន្យាអ្វីជាមួយប្រជាពលរដ្ឋទេ គឺធ្វើតែម្ដង និងតែងតែរួមរស់នៅជាមួយប្រជាពលរដ្ឋជានិច្ច

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រដូវកាលនេះ គឺជារដូវកាលសន្យាខ្យល់របស់គណបក្សនយោបាយមួយចំនួន ប៉ុន្ដែគណបក្សប្រជាជនមិនដែលសន្យាអ្វីជាមួយប្រជាពលរដ្ឋទេ គឺធ្វើតែម្ដង និងតែងតែរួមរស់នៅជាមួយប្រជាពលរដ្ឋជានិច្ច ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបញ្ជាក់ដូច្នេះ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ក្នុង ជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ មកពីរោងចក្រ សហគ្រាសចំនួន៩ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សម្តេចតេជោ បានមានប្រសាសន៍ថា រដូវកាលនេះ គឺជារដូវកាលសន្យាខ្យល់របស់គណបក្សនយោបាយមួយចំនួន ប៉ុន្ដែគណបក្សប្រជាជនមិនដែលសន្យាអ្វីជាមួយប្រជាពលរដ្ឋទេ។ គណបក្សប្រជាជនកម្ពុជា ធ្វើអ្វីជាមួយប្រជាពលរដ្ឋ គឺធ្វើតែម្ដងលើអ្វីដែលត្រូវធ្វើ និងតែងតែរួមរស់នៅជាមួយប្រជាពលរដ្ឋជានិច្ច ដូចជា៖ ករណីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាដើម ដែលរាជរដ្ឋាភិបាល បានរកវិធីគ្រប់បែបយ៉ាង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ និងផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ហើយនៅពេលដែលមានការព្យួរការងារ រាជរដ្ឋាភិបាលកម្ពុជាក៏បានផ្តល់ជាសាច់ប្រាក់ជូន ដើម្បីដោះស្រាយជីវភាពកម្មករ-កម្មការិនី។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អត់បានឡើងប្រាក់ខែឆ្នាំ២០២១ និង២២ទេ ទើបតែ ២០២៣ទើបឡើង ព្រោះយើងផ្ដល់ការគិតគូរខ្ពស់ លើការការពារសុខភាព និងជីវិតប្រជាជន។

សម្ដេចតេជោ បានបន្តថា ក្នុងមួយខែ រដ្ឋចំណាយលុយអស់ប្រមាណជា ៤០លានដុល្លារអាមេរិក ជួយទៅដល់ជនងាយរងគ្រោះពីជំងឺកូវីដ-១៩ និងអតិផរណានៅក្នុងសង្គម។ សម្តេច ក៏បានរំឭកផងដែរថា បណ្ដាមេដឹកនាំប្រទេសនានា ពេលដែលឡើងកាន់តំណែង ប្រទេសគេអត់មានសង្គ្រាមទេ គេឡើងមកគេមានអ្វីៗគ្រប់យ៉ាង ដោយឡែកសម្រាប់កម្ពុជា ពេលសម្តេចឡើងកាន់តំណែងដឹកនាំប្រទេស តាំងពីប្រទេសមានសង្គ្រាម បាតដៃទទេរហូតដល់ការអភិវឌ្ឍដូចសព្វថ្ងៃ ។

សូមជម្រាបថា យោងតាមសេចក្តីប្រកាសព័ត៌មាន លេខ ០៨៣ គ.ជ.ប. ស្ដីពីកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ បានឱ្យដឹងថា៖ អនុលោមតាមច្បាប់ស្ដីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត និងសេចក្ដីសម្រេចលេខ ៤៦ សសរ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការគណបក្សនយោបាយចំនួន១៨ លើការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ដោយឡែកគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវបាន គ.ជ.ប បដិសេធដោយសារមិនបានបំពេញត្រឹមត្រូវតាមលក្ខខណ្ឌ និងច្បាប់កំណត់។

តាមរយៈសេចក្តីប្រកាសព័ត៌មាន គ.ជ.ប បានឱ្យដឹងថា ក្នុងដំណាក់កាលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានគណបក្សនយោបាយចំនួន២០ បានដាក់ពាក្យសុំចុះបញ្ជីនៅ គ.ជ.ប។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានបន្តថា ប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ គឺជាអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner