សម្តេចតេជោ ហ៊ុន សែន៖ បញ្ហាធំ និងបញ្ហាតូច ត្រូវបានដោះស្រាយជាបន្តបន្ទាប់ តាមរយៈជំនួបជាមួយកម្មករនិយោជិត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បញ្ហាធំ និងបញ្ហាតូច ត្រូវបានដោះស្រាយជាបន្តបន្ទាប់ តាមរយៈជំនួបជាមួយកម្មករនិយោជិត ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូច្នេះ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ក្នុង ជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ មកពីរោងចក្រ សហគ្រាសចំនួន៩ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សម្តេចតេជោ បានមានប្រសាសន៍ថា តាមរយៈជំនួបជាមួយកម្មករនិយោជិត គឺសម្ដេចបានទទួលរាល់បញ្ហារបស់បងប្អូនកម្មករនិយោជិត និងបានយកបញ្ហានោះមកធ្វើការដោះស្រាយជាបន្តបន្ទាប់ ដូចជាករណីកាលពីមុនមានកម្មការិនីនៅតាមរោងចក្រមួយចំនួនបានដួលសន្លប់ គឺត្រូវបានធ្វើការដោះស្រាយ។
សម្ដេចថា ជារួមរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាទាំងបញ្ហាធំ និងបញ្ហាតូចរបស់កម្មករនិយោជិត ។ ជាមួយគ្នានេះ គោលនយោបាយប្រាក់សោធននិវត្តន៍សម្រាប់កម្មករនិយោជិត ក៏ជាគោលនយោបាយរយៈពេលវែងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាជូនកម្មករនិយោជិតនៅពេលមានវ័យចំណាស់ទៅ គឺមិនចាំបាច់ពឹងផ្អែកតែនៅលើកូននោះទេ។
សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់ម្ចាស់រោចក្រ និងកម្មករនិយោជិតត្រូវរួមគ្នាធ្វើយ៉ាងណា ធ្វើឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។ ការធ្វើបែបនេះបាន គឺកម្មករនិយោជិត និងម្ចាស់រោងចក្រត្រូវធ្វើបែបណា កុំឱ្យមានគ្រឿងញៀន កុំឱ្យមានបងតូច បងធំ កុំឱ្យមានជម្លោះរវាងកម្មករនិយោជិត និងថៅកែរោងចក្រ នៅក្នុងរោងចក្ររបស់ខ្លួន ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ.