សម្តេចតេជោ ហ៊ុន សែន៖ ជោគជ័យក្នុងការអភិវឌ្ឍ និងសុខសន្ដិភាពនៅកម្ពុជា បានកើតឡើងពីការចូលរួមចំណែករបស់ប្រជាពលរដ្ឋ និងកម្មករនិយោជិត ដែលជឿជាក់លើរាជរដ្ឋាភិបាល
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជោគជ័យក្នុងការអភិវឌ្ឍ និងសុខសន្ដិភាពរបស់ប្រទេសកម្ពុជា គឺបានកើតឡើងពីការចូលរួមចំណែកពីសំណាក់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិតទាំងអស់ ដែលបានជឿជាក់មកលើរាជរដ្ឋាភិបាល និងរួមគ្នារក្សាសន្ដិភាពរបស់ប្រទេសកម្ពុជា។
សម្តេចតេជោ បានបញ្ជាក់ថា ការស្វែងរកសុខសន្ដិភាពរបស់ប្រទេសកម្ពុជា គឺមានការលំបាកខ្លាំងណាស់ ទម្រាំប្រទេសកម្ពុជា ទទួលបានការអភិវឌ្ឍ និងសន្ដិភាពដូចបច្ចុប្បន្ននេះ ដូច្នេះត្រូវរួមគ្នារក្សាសន្ដិភាពរបស់ប្រទេសកម្ពុជាឱ្យបាន។
សម្តេច ថា ការធ្វើឱ្យប្រទេសមានសង្គ្រាម គឺរហ័សណាស់ គ្រាន់តែសម្រេចចិត្ត ១០ នាទី គឺអាចធ្វើឱ្យប្រទេសមានសង្គ្រាមបាត់ទៅហើយ ប៉ុន្ដែបញ្ឈប់សង្គ្រាមទៅវិញទេ ដែលមានការលំបាកខ្លាំងណាស់ ។
សម្តេច ក៏បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តខុសរបស់លោក លន់ នល់ ក្នុងការធ្វើរដ្ឋប្រហារ បានធ្វើឱ្យកម្ពុជា ចាប់ផ្តើមផ្ទុះសង្រ្គាម រហូតធ្លាក់ចូលទៅក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែនិង២០ថ្ងៃ ។
សម្តេចតេជោ ហ៊ុន សែន លើកឡើងបន្ថែមទាក់ទងនឹងករណីសង្គ្រាមនេះ ដូចជា៖ ប្រទេសអ៊ុយគ្រែន និងប្រទេសរ៉ុស្ស៊ី គឺសង្គ្រាមនេះពិបាកនឹងបញ្ចប់ណាស់ បើប្រទេសទាំងពីរនៅតែបន្តធ្វើការវាយប្រហារគ្នាទៅវិញទៅមក ហើយមានតែការសន្ទនាចរចាគ្នាទេ ដែលអាចដោះស្រាយសង្គ្រាមនៅប្រទេសទាំងពីរនេះបាន ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូច្នេះ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ មកពីរោងចក្រ សហគ្រាសចំនួន៩ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ