អាហ្រ្វិកខាងត្បូងនិយាយថា ខ្លួនទទួលបានការគាំទ្រពីអាមេរិក ធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកា AGOA នៅឆ្នាំនេះ
សេអ៊ូល៖ រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងបានលើកឡើងថា ខ្លួនទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្តីពីកំណើន និងគោលការណ៍នៃឱកាស ឬហៅកាត់ថា (AGOA) នៅឆ្នាំ២០២៣នេះ បន្ទាប់ពីសមាជិកសភាអាមេរិកបួនរូប បានជំរុញឱ្យរដ្ឋបាលលោក បៃដិន ផ្លាស់ប្តូរទីតាំងនៃព្រឹត្តិការណ៍នេះ ដោយសារតែទំនាក់ទំនងរវាងអាមេរិកជាមួយប្រទេសរុស្ស៊ីមានភាពល្អក់កករខ្លាំង។
អ្នកនាំពាក្យក្រសួងទំនាក់ទំនងអន្តរជាតិ និងសហប្រតិបត្តិការ លោក ខ្លេសុន ម៉ូនីយ៉េឡា (Clayson Monyela) បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការមួយដែលលោកបានបង្ហោះនៅលើបណ្ដាញ Twitter កាលពីថ្ងៃអង្គារថា «គ្មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងដោយក្រសួងការបរទេសអាមេរិក ឬសេតវិមាន ជុំវិញការផ្លាស់ប្តូរពេលវេលាកិច្ចប្រជុំ ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែវិច្ឆិកាខាងមុខនោះទេ»។
លោកបានបន្តថា ៖ «អាហ្វ្រិកខាងត្បូងពិតជារីករាយណាស់ ដែលអាចទទួលបាននូវការគាំទ្រពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកានេះ»។ គួរដឹងដែរថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ អាហ្វ្រិកខាងត្បូងតែងតែបានធ្វើឱ្យសហរដ្ឋអាមេរិកខឹងសម្បារ ដូចជាការបោះឆ្នោតអនុបវាទទៅលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិដែលថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីទៅលើទឹកដីអ៊ុយក្រែន។
លើសពីនេះ អាហ្វ្រិកខាងត្បូងក៏បានធ្វើជាម្ចាស់ផ្ទះរៀបចំនាវាចម្បាំងរបស់រុស្ស៊ី និងចិន សម្រាប់ធ្វើសមយុទ្ធយោធាកាលពីខែកុម្ភៈដើមឆ្នាំទៀតផង។ កាលពីខែមុន ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងប្រេតូរីយ៉ា (Pretoria) បានចោទប្រកាន់អាហ្វ្រិកខាងត្បូង ពីបទផ្ទុកអាវុធលើកប៉ាល់រុស្ស៊ី ប៉ុន្តែ រដ្ឋបាលរបស់ប្រធានាធិបតីអាហ្វ្រ៊ិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាហ្វូសា (Cyril Ramaphosa) បានបដិសេធការចោទប្រកាន់នេះ។
សូមរំឭកថា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ក្រុមមន្ត្រីសហរដ្ឋអាមេរិក រួមទាំងសមាជិកព្រឹទ្ធសភា លោក គ្រីស ឃូនស៍ (Chris Coons) បានស្នើសុំរដ្ឋមន្ត្រីការបរទេស លោក អាន់តូនី ប្លិងកិន (Antony Blinken) ឱ្យស្វែងរកទីតាំងផ្សេងទៀត ពោលគឺប្រទេសផ្សេង ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកានៅឆ្នាំនេះ នេះបើយោងតាមលិខិតមួយដែលបានចេញផ្សាយនៅលើទំព័រ Twitter របស់លោក ម៉ូនីយ៉េឡា។
«ប្រសិនបើអាហ្រ្វ៊ិកខាងត្បូងនៅតែបន្តបង្ហាញការគាំទ្រដល់រុស្ស៊ីក្នុងការឈ្លានពានទឹកដីអ៊ុយក្រែនដោយខុសច្បាប់បែបនេះ នោះការធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកានៅប្រទេសមួយផ្សេងទៀត អាចនឹងត្រូវបានពិចារណា ហើយនេះគឺជាការបង្ហាញថាអាមេរិកនៅតែបន្តឈរជាមួយអ៊ុយក្រែន។ យើងនឹងមិនទទួលយកដៃគូពាណិជ្ជកម្មណាដែលផ្តល់ជំនួយដល់រុស្ស៊ី ក្នុងការឈ្លានពានយ៉ាងឃោរឃៅទៅលើទឹកដីអ៊ុយក្រែននោះទេ»។ នេះបើយោងតាមការលើកឡើងរបស់សមាជិកសភា នៅក្នុងលិខិតនោះ។
សន្និសីទស្តីពីកំណើន និងគោលការណ៍នៃឱកាស (AGOA) នឹងផុតកំណត់នៅឆ្នាំ២០២៥។ ក្រុមមន្ត្រីអាមេរិកធ្លាប់បាននិយាយថា លក្ខណៈវិនិច្ឆ័យទៅលើប្រទេសដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានផលប្រយោជន៍ពីសន្និសីទនេះអាចនឹងត្រូវបានកែប្រែ។ កន្លងមក អាហ្វ្រិកខាងត្បូងតែងតែបាននាំចេញរថយន្ត និងកសិផល ទៅកាន់សហរដ្ឋអាមេរិក ក្រោមកិច្ចព្រមព្រៀងមួយនេះ។ កាលពីឆ្នាំមុន អាហ្រ្វ៊ិកខាងត្បូងបាននាំចេញទំនិញក្នុងតម្លៃសរុប ២,៧ ប៊ីលានដុល្លារអាមេរិក ដោយពឹងផ្អែកទៅលើគោលការណ៍នៅក្នុងសន្និសីទ AGOA នេះ និងប្រព័ន្ធអនុគ្រោះពន្ធ GSP៕
ប្រែសម្រួល៖ធា សុណា
ប្រភពព័ត៌មាន៖ The Bloomberg
South Africa Says It Has US Support to Host AGOA Forum This Year