មេដឹកនាំកូរ៉េខាងត្បូងរិះគន់ប្រេសិតចិន ជុំវិញការលើកឡើងមិនសមរម្យអំពីទំនាក់ទំនងជាមួយអាមេរិក
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊កយល បានបង្កើនការរិះគន់ឯកអគ្គរដ្ឋទូតចិនកាលពីថ្ងៃអង្គារទី ១៣ ខែមិថុនា ចំពោះការលើកឡើងមិនសមរម្យថា កូរ៉េខាងត្បូងចូលដៃខុសជាមួយសហរដ្ឋអាមេរិកក្នុងការប្រឆាំងនឹងចិន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការរិះគន់បែបនេះ ធ្វើឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូតចិនប្រចាំកូរ៉េខាងត្បូង លោក ជីង ហៃមីង(Xing Haiming) បានបង្កឱ្យមានភាពចម្រូងចម្រាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយនិយាយព្រមានកុំឱ្យកូរ៉េខាងត្បូង «ជ្រើសរើសខុស» នៅពេលនិយាយអំពីការប្រកួតប្រជែងគ្នារវាងចិននិងអាមេរិក ហើយជំរុញឱ្យក្រុងសេអ៊ូល បញ្ឈប់ការបែកបាក់គ្នាពីប្រទេសចិន។
ក្រសួងការបរទេសកូរ៉េខាងត្បូង បានកោះហៅលោក ជីង កាលពីថ្ងៃសុក្រ ដើម្បីជាការតវ៉ា និងសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះមតិយោបល់ដែលក្រសួងចាត់ទុកថាជាការ «ញុះញង់» និងការជ្រៀតកិច្ចការផ្ទៃក្នុងដែលអាចកើតមាន។
ជាថ្មីម្ដងទៀត លោក យូន បានបង្ហាញការមិនពេញចិត្តបន្ថែមរបស់លោកយ៉ាងច្បាស់នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ ដោយចោទសួរពីវិធីសាស្រ្តរបស់លោក Xing ក្នុងនាមជាអ្នកការទូត។
ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ ដោយស្រង់សម្ដីមន្រ្តីមិនបញ្ចេញឈ្មោះក្នុងកិច្ចប្រជុំនោះ ដោយត្រាប់តាមសម្ដីរបស់លោក យូន ថា៖ «ក្រឡេកមើលអាកប្បកិរិយារបស់ឯកអគ្គរដ្ឋទូត Xing មិនដឹងជាលោកមានអាកប្បកិរិយាគោរពគ្នាទៅវិញទៅមក ឬការលើកកម្ពស់មិត្តភាពក្នុងនាមជាអ្នកការទូត ឬអត់»។
ប្រភពដដែលបន្តដោយលើកឡើងនៅសម្ដីរបស់ប្រធានាធិបតីដដែលថា៖ «ប្រជាជនយើង មិនពេញចិត្តនឹងអាកប្បកិរិយាមិនសមរម្យរបស់លោកទេ»។ ការិយាល័យរបស់ លោក យូន មិនបានធ្វើអត្ថាធិប្បាយភ្លាមៗលើការរាយការណ៍របស់ យុនហាប់(Yonhap) នោះទេ ប៉ុន្តែមន្ត្រីពីការិយាល័យដដែលម្នាក់ បាននិយាយថា លោក ជីង បានលើកឡើងខុសពីការពិត ហើយរដ្ឋាភិបាលកំពុងរង់ចាំ «វិធានការសមស្រប» ពីប្រទេសចិន។
គួរបញ្ជាក់ថា កូរ៉េខាងត្បូងគឺជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់សហរដ្ឋអាមេរិក អស់ជាច្រើនទសវត្សរ៍មកហើយ និងមានកងទ័ពអាមេរិកឈរជើងជិត ២៨ ០០០ នាក់ ប៉ុន្តែប្រទេសនេះបានបង្កើតទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងទូលំទូលាយជាមួយប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ចំពេលបញ្ហាភូមិសាស្រ្តនយោបាយក្នុងតំបន់កើនឡើងទាំងជាមួយក្រុងប៉េកាំង និងកូរ៉េខាងជើង៕
ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ South Korean leader criticises China envoy over ‘inappropriate’ remarks https://www.channelnewsasia.com/asia/south-korean-leader-yoon-suk-yeol-criticises-china-envoy-inappropriate-remarks-3558206