អង្គភាពកងពលតូចអន្តរាគមន៍លេខ ៨ចេញ ញាត្តិគាំទ្រការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ “សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត”
ខេត្តព្រះវិហារ៖ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ និងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះកងពលតូចអន្តរាគមន៍លេខ៨ ទាំងមូល នៅថ្ងៃអង្គារ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានចេញញាត្តិគាំទ្រទាំងស្រុងនូវការផ្តួចផ្តើម របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ “សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត” ដោយចាត់ទុកថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ មានគោលបំណងកែទម្រង់ ដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា ។
ពិសេស ដើម្បីឱ្យអនាគតនៃ អ្នកដឹកនាំ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ហើយការទទួលខុសត្រូវនេះ ត្រូវចាប់ផ្តើមពីការអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន នូវសិទ្ធិបោះឆ្នោត ដែលជាកាតព្វកិច្ចចាំបាច់ របស់ប្រជាពលរដ្ឋគ្រប់ៗរូប ចំពោះប្រទេសជាតិ នៅក្នុងសង្គមប្រជាធិបតេយ្យ ៕ ដោយ ៖ សួន លីណា