ឥណ្ឌាច្រានចោលការលើកឡើងដែលថា ខ្លួនធ្លាប់គំរាមកំហែងបិទធ្វីតធឺរ
ញូវដែលី៖ ប្រទេសឥណ្ឌាជាថ្មីម្ដងទៀតកាលពីថ្ងៃអង្គារទី ១៣ ខែមិថុនា បានបដិសេធការអះអាងរបស់សហស្ថាបនិកក្រុមហ៊ុនធ្វីតធឺរ លោក Jack Dorsey ដែលថា រដ្ឋាភិបាលឥណ្ឌាធ្លាប់គំរាមកំហែងបិទវេទិកាបណ្ដាញសង្គមមួយនេះក្នុងប្រទេសរបស់ខ្លួន ប្រសិនបើធ្វីតធឺរមិនរឹតត្បឹតគណនីអ្នកប្រើប្រាស់ដែលរិះគន់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ទេនោះ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានឥណ្ឌា លោក Rajeev Chandrasekhar បានប្រតិកម្មក្នុងសំណេរនៅលើធ្វីតធឺរថា ការអះអាងរបស់លោក Dorsey គឺជាការកុហកទាំងស្រុង ខណៈក្រុមហ៊ុននេះបានរំលោភច្បាប់ក្នុងស្រុករបស់ឥណ្ឌាម្តងហើយម្តងទៀត។
លោក Chandrasekhar បន្តថា ធ្វីតធឺរដំណើរការនៅឥណ្ឌា ហាក់ដូចជាច្បាប់របស់ប្រទេសមិនអនុវត្តចំពោះខ្លួន ដោយវាមានបញ្ហាក្នុងការលុបព័ត៌មានមិនពិតចេញពីវេទិកានេះនៅក្នុងប្រទេសឥណ្ឌា។
គួរគូសបញ្ជាក់ថា ក្នុងបទសម្ភាសន៍ជាមួយកម្មវិធីព័ត៌មានលើយូធូប Breaking Points កាលពីថ្ងៃចន្ទ លោក Dorsey បាននិយាយថា ប្រទេសឥណ្ឌា នីហ្សេរីយ៉ា និងតួកគី បានគំរាមបិទវេទិការបស់ខ្លួន ដោយឥណ្ឌាទាមទារ និងមានសំណើលុបមាតិកាជាច្រើនទៅកាន់ក្រុមហ៊ុនជុំវិញការសុំឱ្យរឹតត្បឹតសម្លេងប្រឆាំងរដ្ឋាភិបាល។
កាលពីឆ្នាំមុន ក្រុមហ៊ុនធ្វីតធឺរបាននិយាយថា ប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់ទី ៤ នៅទូទាំងពិភពលោក ក្នុងការដាក់សំណើពីរដ្ឋាភិបាលឱ្យវេទិកាលុបមាតិកា ដោយឈរនៅលេខរៀងពីក្រោយប្រទេសជប៉ុន រុស្ស៊ី និងតួកគី។
ក្រុមសិទ្ធិមនុស្សនិយាយថា សេរីភាពនៃការបញ្ចេញមតិនៅឥណ្ឌាស្ថិតនៅក្រោមការគំរាមកំហែងទ្រង់ទ្រាយធំ ដោយធ្លាក់ចុះចំនួន ២១ ពិន្ទុចាប់តាំងពីលោក ម៉ូឌី ចូលកាន់តំណែងក្នុងឆ្នាំ ២០១៤ ដែលបច្ចុប្បន្ន ប្រទេសនេះឈរនៅលេខរៀង១៦១ លើ ១៨១ ប្រទេស ក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក៕
ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ India denies threatening Twitter with shutdown https://www.channelnewsasia.com/business/india-denies-threatening-twitter-shutdown-narendra-modi-3558816