ក្រសួងសុខាភិបាលណែនាំឱ្យយកចិត្តទុកដាក់ និងទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងឆ្នាំ ២០២៣នេះ ដែលហាក់មានការកើនឡើងគួរឱ្យបារម្ភ
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំដល់ប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេសពីវិធានការទប់ស្កាត់ជំងឺគ្រុនឈាមនៅកម្ពុជាក្នុងឆ្នាំ ២០២៣ ខណៈជំងឺគ្រុនឈាមក្នុងអំឡុង ២១សប្តាហ៍ ដើមឆ្នាំ២០២៣នេះ បានកើតមានឡើង រហូតដល់ ៣ ៤៣៩ ករណី។
យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលកាលពីល្ងាចថ្ងៃទី១៣ខែមិថុនា បានលើកឡើងថា យោងតាមប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនឈាមថ្នាក់ជាតិ ការចម្លងបានចាប់ផ្តើមកើនឡើងនៅតាម ភូមិ ឃុំ និងទីប្រជុំជននៃបណ្តាខេត្តមួយចំនួន ពិសេសខេត្តដែលមានការដ្ឋានសំណង់ច្រើន និងមានប្រជាជន រស់នៅច្រើនកុះករ។
ក្រសួងបានបន្តថា កំណើននៃករណីជំងឺគ្រុនឈាមនាពេលនេះ តម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប ក្នុងការពង្រឹងអនុវត្តវិធានការការពារសុខភាពឱ្យបានល្អ ចៀសផុតពីការឆ្លងជំងឺគ្រុនឈាម ដោយសារសត្វមូសខ្លាញីខាំ ដែលបានកើតឡើងដោយសារពពួកដង្កូវទឹក។
ក្នុងន័យនេះ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមធំធេងក្នុងសហគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាព នោះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមចលនាកាត់បន្ថយ និងទប់ស្កាត់ការកកើតសត្វមូស។
ឯកឧត្តមបានលើកឡើងថា ៖ «ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្រូវប្រកាន់ខ្ជាប់នូវគោលជំហរ ជាប្រជាជនគំរូមួយរូប ស្របនឹងពាក្យស្លោក៖ ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំ គ្មាន ដង្កូវទឹក»។
ទាក់ទងនឹងការចូលរួមលុបបំបាត់មូស និងកាត់បន្ថយការកើតជំងឺគ្រុនឈាមនេះដែរ ឯកឧត្តម ម៉ម ប៊ុនហេង ក៏បានណែនាំនូវវិធានការមួយចំនួនផងដែរ ដោយលោកបានអំពាវនាវឱ្យអាណាព្យាបាល មាតាបិតា កុមារា កុមារី គ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្មចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់។
ឯកឧត្តមបានថ្លែងថា ៖ «សូមឱ្យម្ចាស់ការដ្ឋានសំណង់ រួមទាំងកម្មករ កម្មការិនីទាំងអស់ ត្រូវធ្វើអនាម័យ បរិស្ថានឱ្យបានស្អាតនៅក្នុងបរិវេណការដ្ឋានសំណង់របស់ខ្លួន ជាពិសេសត្រូវលុបបំបាត់វត្ថុដក់ទឹក និងថ្លុកដក់ទឹក ដើម្បីការពារកុំឱ្យដក់ទឹក លុបបំបាត់ប្រភព និងជម្រកមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម»។
ជាមួយគ្នានោះដែរឯកឧត្តមរដ្ឋមន្រ្តីសុខាភិបាល ក៏បានបញ្ជាក់ដែរថា ករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ លើសពី ៣៨អង្សារសេ ត្រូវប្រញាប់នាំអ្នកជំងឺ ទៅរកសេវាពិនិត្យ និងព្យាបាលរបស់រដ្ឋ (សេវាសាធារណៈ) ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតបំផុតជាបន្ទាន់ (មិនឱ្យយឺតជាង ៧២ម៉ោង បន្ទាប់ពីក្តៅខ្លួន)។
ឯកឧត្តម ម៉ម ប៊ុនហេង សង្កត់ធ្ងន់ថា ៖ «ក្រសួងសុខាភិបាល សូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ក្រសួង មន្ទីរ ឬអង្គភាពពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ បន្តចូលរួមជួយអន្តរាគមន៍ និងសហការពេញលេញជាមួយកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម ដើម្បីទប់ស្កាត់ និងបញ្ចៀសបានទាន់ពេលវេលានូវហានិភ័យរាតត្បាតទ្រង់ទ្រាយធំជាយថាហេតុនៃជំងឺគ្រុនឈាម»។
ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល លោក លាង ឬទ្ធា បានប្រាប់ឱ្យដឹងកាលពីសប្តាហ៍មុន ដោយលោកបង្ហាញពីការព្រួយបារម្ភនៃការកើនឡើងនៃករណីជំងឺគ្រុនឈាម និងបានត្រៀមលក្ខណៈក្នុងការទប់ស្កាត់ការឆ្លងរាលដាលផងដែរ។
លោកបានឱ្យដឹងថា ៖ «កម្មវិធីជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាមបានអនុវត្តវិធានការផ្សេងៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺគ្រុនឈាម ដោយបានរៀបចំថ្នាំអាបែត (Abate) សម្លាប់មូសខ្លា ចំនួន ២៣០ តោន និងថ្នាំគីមីសម្រាប់បាញ់ចំនួន ៦០០០ លីត្រ»។
បើតាមលោក លាង ឬទ្ធា ក្នុងរយៈពេល ២០ សប្ដាហ៍នៃឆ្នាំ២០២៣នេះ ករណីជំងឺគ្រុនឈាមមានចំនួន ២៦៦៦ ករណី ដោយក្នុងនោះមានករណីស្លាប់ ៥ករណី មានការកើនឡើងជាង ១០០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ដោយក្នុងឆ្នាំ ២០២២ មានតែករណីគ្រុនឈាមចំនួន ១១៤០ករណី និងស្លាប់១ករណីប៉ុណ្ណោះ។
ប្រភពដដែលបន្តថា ខេត្តដែលមានករណីជំងឺគ្រុនឈាមខ្ពស់មាន ខេត្តកំពង់ចាម កណ្ដាល តាកែវ ត្បូងឃ្មុំ ព្រះវិហារ សៀមរាប ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញផងដែរ៕
ដោយ៖នាង សុគន្ធា


