កិច្ចប្រជុំត្រៀមលក្ខណៈ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សតី នរោត្ដម មុនិនាថ សីហនុ គម្រប់ព្រះជន្ម ៨៧ យាងចូល ៨៨ ព្រះវស្សា

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ ៖ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នាព្រឹកថ្ងៃទី១៤ ខែមិថុនា បានកិច្ចប្រជុំអន្តរក្រសួងស្តីពីការរៀបព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សតី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល គម្រប់ព្រះជន្ម ៨៧ យាងចូល ៨៨ព្រះវស្សា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ។

ឯកឧត្តម ឈិន កេតនា បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ព្រមទាំងប្រជារាស្ត្រទូទាំងប្រទេស តែងរៀបចំប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ស្របតាមព្រះរាជប្បវេណី ពីបុរាណ និងប្រពៃណីសាសនា។

ដើម្បីសម្តែងនូវកតញ្ញូតាធម៌ តបស្នងព្រះមហាករុណាទិគុណដ៏ធំធេង ដែលព្រះអង្គបានលះបង់ ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជារាស្ត្រ ជាកូនចៅ ចៅទួតរបស់ព្រះអង្គ ពិសេសលើវិស័យមនុស្សធម៌ អប់រំ សង្គមកិច្ច សុខុមាលភាពទូទៅ និងចូលរួម អបអរសាទរថ្វាយព្រះរាជសព្ទសាធុការពរបវរមហាប្រសើរ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ គម្រប់ព្រះជន្ម ៨៧ យ៉ាងចូល ៨៨ ព្រះវស្សា។

នាឱកាសនោះ ឯកឧត្តម បានជំរុញណែនាំ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរៀបចំព្រះរាជពិធីបុណ្យឱ្យប្រព្រឹត្តទៅស្របតាមព្រះរាជប្បវេណីពីបុរាណ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដូចតទៅ ក្រសួងព្រះបរមរាជវាំងរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឱ្យបានសមស្របទៅនឹងព្រះរាជប្បវេណី និងតាមការសព្វព្រះរាជហឫទ័យ របស់ សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ សម្តេចព្រះមហាក្យត្រី ព្រះវររាជមាតាជាតិខជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានតុបតែងលម្អដោយភ្លើងពណ៌ ពាក្យស្លោកថ្វាយព្រះពរ សារលិខិត ថ្វាយព្រះពរ និងលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោកអបអរសាទរ ។

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សង្ឃឹមថា ថ្នាក់ដឹកនាំគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត នឹងអនុវត្តនូវផែនការណែនាំនេះ ឱ្យទទួលបានលទ្ធផលល្អប្រសើ ៕

រូបភាព ងីម ឆៃហួត អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner