ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញ បំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនកម្ពុជា ទូទាំងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ក្នុងឱកាសអញ្ជើញ បំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនកម្ពុជាទូទាំងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សរុប ៤៤២នាក់ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍ បានថ្លែងលើឡើងថា អតីតយុទ្ធជនទាំងអស់ បានចូលរួមចំណែកដ៏ធំធេងក្នុងការតស៊ូធ្វើពលិកម្មយ៉ាងលំបាកលំបិន ដើម្បីបុព្វហេតុសន្តិភាព ការបង្រួបបង្រួម និងអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ ។

ឯកឧត្តម រដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា សម្តេចតេជោ ហ៊ុន សែន អាចបន្តដឹកនាំប្រទេសកម្ពុជាអស់រយៈជាង ៤០ឆ្នាំនេះបានដោយសារតែការគាំទ្រមួយផ្នែកពីអតីតយុទ្ធជនដែរ ។ ហេតុនេះ ទើបសម្តច លោកគិតគូណាស់ ចំពោះអតីតយុទ្ធជនដែលចូលនិវត្តន៍ ដោយសម្តេចដែលជាអ្នកដឹកនាំរាជរដ្ឋាភិបាលបានឲ្យប្រាក់ខែសម្រាប់អ្នកចូលនិវត្តន៍មានភាពស្មើរគ្នាទៅតាមមុខការងារតួនាទី ដោយមិនគិតអ្នកចូលនិវត្តន៍ការងារមុនក្រោយឡើយ ពោលគិតតាមបរិបទសង្គមជាតិ។

ឯកឧត្តម រដ្ឋមន្រ្តី ក៏បាន លើកឡើងបន្ថែមទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយនិងយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងត្រូវបានចូលរួមគាំទ្រយ៉ាងសកម្មពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ថ្នាក់ ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ ធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងសារៈសំខាន់នៃការរក្សាសន្តិភាព ដែលជាគ្រឹះនៃការអភិវឌ្ឍ មានន័យថា ទាល់តែមានសន្តិភាពទើបរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋមានពេលវេលាក្នុងការគិតគូរអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិក៏ដូចជាសេដ្ឋកិច្ចគ្រួសារ។សមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលដែលសម្រេចបានដូចជា ការរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩បច្ចុប្បន្នភាពស្ថានភាពនយោបាយ និងសេដ្ឋកិច្ចក្នុងប្រទេសនិងសកលលោកស្ថានភាពគណបក្សប្រឆាំងនាពេលបច្ចុប្បន្ន។

ឯកឧត្តម រដ្ឋមន្រ្តី បានអំពាវនាវដល់អង្គពិធីទាំងអស់ដែលបានចូលរួម សូមអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ឱ្យទទួលបានជ័យជំនះ ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស ឱ្យកាន់តែរីកចម្រើន និងសុខសន្តិភាពបន្តទៀត ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី និងគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត។

ឯកឧត្តម បានផ្ដល់កិត្តិយសបំពាក់មេដាយជូនអតីតយុទ្ធជនដែលមានស្នាដៃឆ្នើមក្នុងការចូលរួមចំណែកបម្រើបុព្វហេតុជាតិ និងប្រជាជន ដែលមានស្នាដៃ ខិតខំបំពេញភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងជូនថវិកាដល់អតីតយុទ្ធជន ក្នុង១នាក់ ៥ម៉ឺនរៀលផងដែរ៕






រូបភាព ៖ ជីម ភារ៉ា
អត្ថបទ៖ ជាវ ចន្ធូ