ទូកក្រឡាប់នៅនីហ្សេរីយ៉ា បណ្តាលឱ្យមនុស្សជាង ១០០ នាក់ស្លាប់ និងជាច្រើននាក់បាត់ខ្លួន

នីហ្សេរីយ៉ា៖ មន្ត្រីរដ្ឋក្នុងតំបន់បានឱ្យដឹងនៅយប់ថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារការក្រឡាប់ទូកក្នុងទន្លេនីហ្សេ នាតំបន់ភាគខាងជើងនៃប្រទេសនីហ្សេរីយ៉ាកាលពីយប់ថ្ងៃចន្ទបានកើនឡើងដល់ ១០៣ នាក់ ខណៈជាច្រើននាក់ទៀតបានបន្តបាត់ខ្លួន។

ទូកឈើដែលក្រឡាប់បានដឹកភ្ញៀវលើសទម្ងន់នៅតាមបណ្ដោយទន្លេនីហ្សេមកតំបន់កើតហេតុ Patigi ក្នុងរដ្ឋ Kwara ដោយចេញពីពិធីមង្គលការមួយក្នុងរដ្ឋជិតខាង នីហ្សេ។ នេះបើតាមការឱ្យដឹងចុងក្រោយរបស់អ្នកនាំពាក្យរដ្ឋសម្រាប់បញ្ជាការប៉ូលិសរដ្ឋ Kwara ដែលមិនទាន់ចេញព័ត៌មានលម្អិតភ្លាមៗ។

ខណៈបញ្ជាការប៉ូលិសរដ្ឋមិនទាន់បញ្ចេញព័ត៌មានលម្អិតឱ្យច្បាស់លាស់ សារព័ត៌មាននីហ្សេរីយ៉ា Sahara Reporters បានរាយការណ៍ដោយស្រង់សម្ដីមន្រ្តីមូលដ្ឋានថា ទូកដែលក្រឡាប់បានដឹកមនុស្សយ៉ាងហោចណាស់ ២៧០ នាក់។

ខណៈប្រតិបត្តិការជួយសង្រ្គោះកំពុងដំណើរការ អភិបាលរដ្ឋ Kwara បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនសូមសម្តែងការរំលែកទុក្ខជាមួយប្រជាជន «ចំពោះព័ត៌មានដ៏រំជើបរំជួលនៃឧបទ្ទវហេតុលិចទូក» ដែលធ្វើឱ្យមនុស្សរាប់សិបនាក់ស្លាប់ និងជាច្រើនបានបាត់ខ្លួន។

គួរបញ្ជាក់ថា ដោយភ័យខ្លាចការចាប់ពង្រត់ដោយក្រុមប្រដាប់អាវុធនៅតាមដងផ្លូវ ប្រជាជននីហ្សេរីយ៉ាខ្លះប្រើទូកដើម្បីធ្វើដំណើរទៅកាន់ទីតាំងក្បែរៗខាង។ ទោះជាយ៉ាងណាក៏ដោយ ការដាក់មនុស្សលើសចំណុះ ការថែទាំមិនល្អ និងហានិភ័យសុវត្ថិភាព ធ្វើឱ្យគ្រោះថ្នាក់តាមទូកកើតមានជារឿយៗនៅនីហ្សេរីយ៉ា។

កាលពីខែមុន មនុស្សយ៉ាងហោចណាស់ ១៥ នាក់ បានស្លាប់បន្ទាប់ពីទូកមួយបានក្រឡាប់នៅរដ្ឋភាគពាយ័ព្យ Sokoto របស់ប្រទេសនេះ៕ ដោយ៖ ហួន ឌីណា

ads banner