មន្ត្រីធនាគារជាតិនៃកម្ពុជា៖ ការចរាចរប្រាក់រៀលលើទីផ្សារ កើនឡើង ដល់ជាង ១៤ទ្រីលានរៀល
កំពង់ធំ៖ ទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា បានលើកឡើងថា តម្រូវការប្រាក់រៀលបានកើនឡើងជាលំដាប់ ដែលឆ្លុះបញ្ចាំង តាមរយៈកំណើនប្រាក់រៀលក្នុងចរាចរណ៍ជាមួយអត្រាកំណើនមធ្យមប្រចាំឆ្នាំ ១៦,៦% ពី ប្រមាណ ៣៥៦ប៊ីលានរៀល នៅឆ្នាំ១៩៩៨ រហូតដល់១៤,១ទ្រីលានរៀល នៅឆ្នាំ២០២២។
លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងបែបនេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ប្រាក់រៀល ចំណេះដឹងហិរញ្ញវត្ថុ និងប្រព័ន្ធបាគង” នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលត្រូវបានធ្វើឡើង ដើម្បីអបអរសាទរទិវាប្រាក់រៀល ព្រមទាំងចូលរួមលើកកម្ពស់ ការយល់ដឹងពីប្រាក់រៀល ក៏ ដូចជាចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធបាគងឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស។
លោកជំទាវ លើកឡើងថា ឆ្នាំនេះជាឆ្នាំទី៤៣ហើយ ដែលកម្ពុជា បានបោះផ្សាយ និងដាក់ឱ្យចរាចរណ៍ប្រាក់រៀល ឡើងវិញ ដែលជា រយៈពេលដ៏យូរក្នុងប្រវត្តិសាស្ត្រ ដែលកម្ពុជាប្រើប្រាស់ រូបិយវត្ថុ របស់ខ្លួនប្រកបដោយនិរន្តរភាព និងកាន់តែចម្រើនទៅមុខឥតឈប់ឈរ។
លោកជំទាវ បន្តថា សន្តិភាពដែលសម្រេចបាន ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានផ្តល់ជាមូលដ្ឋានដល់ការ អភិវឌ្ឍសេដ្ឋកិច្ច សង្គម និងជំនឿទុកចិត្តមកលើប្រាក់រៀលឡើងវិញ ។
លោកជំទាវ ទេសាភិបាលរង បន្តថា ជំនឿទុកចិត្តផ្សាភ្ជាប់មិនអាចខ្វះបាន ជាមួយនឹងសុខសន្តិភាព ស្ថិរភាព នយោបាយ និងស្ថិរភាពសេដ្ឋកិច្ច ដែលនាំឱ្យប្រជាជនមានការងារធ្វើ មានជីវភាពល្អប្រសើរ និងប្រើប្រាស់លុយរៀលកាន់តែទូលំទូលាយ។
លោកជំទាវបន្តថា ទោះយ៉ាងណា ការប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ឱ្យងាកពីប្រាក់ដុល្លារអាមេរិក មកពឹងផ្អែក លើប្រាក់រៀលជាចម្បង ត្រូវការការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំង សា្ថប័នសាធារណៈ ឯកជន និងប្រជាជនទូទៅ។
គោលដៅរបស់ធនាគារជាតិនៃកម្ពុជា គឺការប្រើប្រាស់ប្រាក់រៀល ឱ្យកាន់តែទូលំទូលាយ មិនមែនទៅយកឈ្នះប្រាក់ដុល្លារអាមេរិក ឬដកប្រាក់ដុល្លារអាមេរិក ទាំងស្រុងចេញពីកម្ពុជា តែមួយប៉ប្រិចភ្នែកនោះទេ គឺប្រជាជន ត្រូវមានស្មារតីបន្តដំណើរ ក្នុងការប្រើប្រាស់ប្រាក់រៀលជាប្រចាំ ដើម្បីសម្រេចបានគោលដៅ បើទោះបីជាត្រូវការពេលវេលាយូរបន្តិចក្ដី ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត