អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រៀបចំកម្មវិធីពិសារសាច់ជ្រូកប្រកបដោយសុវត្ថិភាព

អត្ថបទដោយ៖
Kien Sereyvuth

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ បានរៀបចំកម្មវិធីពិសារសាច់ជ្រូកប្រកបដោយសុវត្ថិភាព ក្រោមអធិបតីភាពឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងមន្ត្រីរាជការក្រោមឱវាទអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។
ឯកឧត្តម តាន់ ផាន់ណារ៉ា បានអោយដឹងពីគោលបំណងនៃការរៀបចំកម្មវិធីនេះ ដើម្បីបំផុសប្រជាពលរដ្ឋងាកមកបរិភោគសាច់ជ្រូក កុំមានការខ្លាចរអាជំងឺប៉េស្តជ្រូកអាហ្រ្វិក ជំងឺនេះមិនឆ្លង និងប៉ះពាល់ដល់សុខភាពមនុស្សទេ ប៉ុន្តែបណ្តាលឱ្យជ្រូកឈឺ និងងាប់មានអត្រាខ្ពស់រហូតដល់១០០ភាគរយ បង្កឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមជ្រូក។ ជំងឺប៉េស្តជ្រូកអាហ្រិកនេះ បានឆ្លងរាតត្បាតយ៉ាងឆាប់រហ័សពីប្រទេសជិតខាង និងបន្តឆ្លងរាតត្បាតដល់ខេត្តរតនៈគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និងកណ្តាល។
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរាជ      រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលដោយរឹត   បណ្តឹងការនាំចូលជ្រូកពីបរទេស ត្រួតពិនិត្យសត្តឃាតដ្ឋាន អនាម័យសាច់ ឃាត់ទុកឬបំផ្លាញចោលនូវជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទដែលលួចនាំចូលខុសច្បាប់ ធ្វើការតាមដាន ស្រាវជ្រាវជាប្រចាំលើសុខភាពសត្វទូទាំងប្រទេស និងអនុវត្តវិធានជីវសុវត្ថិភាព វិធានការអនាម័យនៅកន្លែងចិញ្ចឹមសត្វ ពង្រឹងការត្រួតពិនិត្យអនាម័យសត្វ និងផលិតផលមានដើមកំណើតពីសត្វ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងពីជំងឺនេះ និងវិធានការការពារ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner