សម្តេចតេជោ ហ៊ុន សែន៖ គោលនយោបាយ ពង្រាយរោងចក្រទៅតាមបណ្ដាខេត្ត គឺដើម្បីចៀសវាងការធ្វើចំណាកស្រុក និងផ្ដល់ការងារធ្វើនៅនឹងកន្លែងដល់ប្រជាពលរដ្ឋ
កំពង់ចាម៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា គោលនយោបាយ ពង្រាយរោងចក្រទៅតាមបណ្ដាខេត្ត គឺដើម្បីចៀសវាងការធ្វើចំណាកស្រុក និងផ្ដល់ការងារធ្វើនៅនឹងកន្លែងដល់ប្រជាពលរដ្ឋ ។
សម្ដេចតេជោ បានថ្លែងថា «ខ្ញុំពិតជារីករាយដែលបានឃើញនូវអ្វីដែលយើងបានខិតខំកសាងរោងចក្រផលិតកម្មនៅទូទាំងប្រទេស ហើយត្រូវបានរក្សាទុកដោយគ្មានការប្រែប្រួល បន្ថែមទៅដោយស្ថានភាពកាន់តែល្អប្រសើរឡើង»។
សម្តេច បញ្ជាក់ថា គោលនយោបាយពង្រាយរោងចក្រទៅតាមបណ្ដាខេត្តរបស់រាជរដ្ឋាភិបាល គឺដើម្បីចៀសវាងការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ និងផ្ដល់ការងារធ្វើនៅនឹងកន្លែងដល់ប្រជាពលរដ្ឋតែម្ដង ខណៈដែលនៅខេត្តកំពង់ចាម ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស ចំនួន៥១០ មានកម្មករនិយោជិតប្រមាណជាង ៣ម៉ឺន៦ពាន់នាក់ ។
សម្តេច បន្តថា យើងបានឃើញហើយថា ៥ឆ្នាំកន្លងទៅនេះ គឺជារយៈពេលដ៏លំបាកមួយសម្រាប់ជាតិយើង នោះនៅត្រង់ថា ជំងឺកូវីដ-១៩ បានយាយីយើង ហើយពេលនោះ គឺមានការកង្វល់យ៉ាងធំ ចំពោះកម្មករ-កម្មការិនីនៅក្នុងរោងចក្រតែម្ដង។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានសហការគាំទ្រដល់វិធានការរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំងគ្រប់គ្នា ធ្វើឱ្យកម្ពុជាទទួលបានភាពស៊ាំ ឈានទៅបើកប្រទេស និងសេដ្ឋកិច្ចជាប្រក្រតីឡើងវិញរហូតដល់បច្ចុប្បន្ននេះ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ជិត២ម៉ឺននាក់ មកពីរោង ចក្រសហគ្រាសចំនួន៦ នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) ភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ



