សម្តេចតេជោ ហ៊ុន សែន នឹងផ្អាកសកម្មភាពសំណេះសំណាលជាមួយកម្មករមួយរយៈ ក្នុងដំណាក់កាលយុទ្ធនាការឃោសនាបោះឆ្នោត

កំពង់ចាម៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងផ្អាកសកម្មភាពសំណេះសំណាល ជាមួយកម្មករមួយរយៈ ក្នុងដំណាក់កាលយុទ្ធនាការឃោសនាបោះឆ្នោត ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសដូច្នេះនៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខកម្មករ កម្មការិនី នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយការបោះឆ្នោត សម្ដេច នឹងបន្តចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនី នៅតាមបណ្ដារោចក្រជាបន្តទៀត ខណៈក្នុងដំណាក់កាលយុទ្ធនាការឃោសនាបោះឆ្នោត សម្ដេចនឹងផ្អាកសកម្មភាពនានាមួយរយៈសិន កុំឲ្យគេរិះគន់ និងផាកពិន័យ។

សម្តេចតេជោ បានបញ្ជាក់ថា ការដែលសម្តេចចុះសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនីនៅតាមបណ្តារោងចក្រនានាដោយផ្ទាល់នាពេលបន្តបន្ទាប់នេះ គឺគ្មានអ្វីក្រៅពីពិនិត្យវឌ្ឍនភាពនៅតាមរោងចក្រ សួរសុខទុក្ខ និងរកដំណោះស្រាយជូនដល់បងប្អូនកម្មករ -កម្មការិនី ឱ្យបានឆាប់រហ័ស។

សូមជម្រាបថា ដំណើរចុះជួបកម្មករ កម្មការិនីជុំទី១ ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយកម្មករ និយោជិតចំនួន ៧៧លើក ដែលមានកម្មករនិយោជិតចំនួនប្រមាណ ១លាននាក់ ។

ជំនួបក្នុងជុំទី១ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះ ១០ចំណុច ដែលបានសម្រួលដល់បរិយាកាសវិនិយោគ, ផ្តល់នូវការលើកកម្ពស់សិទ្ធិ អត្ថប្រយោជន៍ និងកិច្ចគាំពារសង្គមយ៉ាងច្រើនដល់បងប្អូនកម្មករនិយោជិត ហើយដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការជាមួយក្រសួង ស្ថាប័នអនុវត្តបានជោគជ័យ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner