ក្រោយករណីនាវាទេសចរណ៍ WESTERDAM អង្គការទេសចរណ៍ពិភពលោកសម្រេចបង្កើត «ក្រមអន្តរជាតិស្ដីពីការការពារទេសចរ», កម្ពុជាទទួលអនុវត្តក្រមអន្តរជាតិនេះមុនគេ

ភ្នំពេញ៖ បន្ទាប់ពីកើតមានករណីប្រទេសមួយចំនួនមិនព្រមទទួលសង្គ្រោះភ្ញៀវទេសចរលើនាវា ទេសចរណ៍ MS WESTERDAM ដែលជាប់នៅលើមហាសាគរកាលពីអំឡុងឆ្នាំ២០២០ អង្គការទេសចរណ៍ពិភពលោក (UNWTO) ក៏បានសម្រេចរៀបចំបង្កើតនិងអនុម័ត «ក្រមអន្តរជាតិស្ដីពីការការពារទេសចរ ឬ International Code for Protection of Tourists» ដើម្បីឱ្យប្រទេសជាសមាជិកបង្កើនទំនុកចិត្តចំពោះភ្ញៀវទេសចរ។

នៅក្នុងកិច្ចប្រជុំរួមនៃគណៈកម្មការតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីខាងត្បូង នៃអង្គការទេសចរណ៍ពិភពលោកលើកទី៣៥ អង្គការពិភពលោកនេះ បានប្រកាសអនុម័តលើក្រមអន្តរជាតិស្ដីពីការការពារទេសចរជាធរមាន ក្នុងនោះ លោក ហ្សូរ៉ាប ប៉ូឡូលីកាស្វីលី (Zurab Pololikashivili) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក បានបញ្ជាក់ថា ការរៀបចំបង្កើតនិងអនុម័តក្រមអន្តរជាតិ ស្ដីពីការការពារទេសចរនេះ គឺមានគោលបំណងដើម្បីបង្កើនទំនុកចិត្តចំពោះភ្ញៀវទេសចរ និងជំរុញការធ្វើដំណើររបស់ទេសចរនៅទូទាំងពិភពលោក។

កម្ពុជាជាប្រទេសទី១ដែលបានចុះហត្ថលេខាទទួលស្គាល់ និងអនុវត្តក្រមអន្តរជាតិ ស្ដីពីការ ការពារទេសចរមួយនេះ បន្ទាប់មកក៏មានប្រទេសជាសមាជិកបន្តបន្ទាប់។ ការចុះហត្ថលេខាទទួលស្គាល់នេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ពីការគាំទ្រគំនិតផ្តួចផ្តើមរបស់អង្គការទេសចរណ៍ពិភពលោកក្នុងការរៀបចំ និងអនុវត្តក្រមអន្តរជាតិស្ដីពីការការពារទេសចរ ដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតជូនឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ ចុះហត្ថលេខាទទួលស្គាល់ និងគាំទ្រក្រមអន្តរជាតិនេះក្នុងនាមជាប្រទេសដំបូងគេបង្អស់។

ពាក់ព័ន្ធនឹងការការពារទេសចរនេះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យនាវាទេសចរណ៍ MS WESTERDAM ចូលចតនៅក្រុងព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីជួយសង្គ្រោះអាយុជីវិតទេសចរអន្តរជាតិប្រមាណ ២០០០នាក់។

ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានថ្លែងអំណរគុណចំពោះលោក ហ្សូរ៉ាប ប៉ូឡូលីកាស្វីលី (Zurab Pololikashivili) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ដែលបានធ្វើលិខិតគាំទ្រ និងកោតសរសើរកម្ពុជាចំពោះករណីនាវាទេសចរណ៍ MS WESTERDAM ដែលធ្វើឱ្យបណ្តាប្រទេសជុំវិញពិភពលោកកាន់តែស្គាល់ និងចាត់ទុកកម្ពុជាជា «ប្រទេសតូច ប៉ុន្តែមានចិត្តទូលាយ»។

ឯកឧត្តម ជុក ជំនោរ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ការរៀបចំក្រមអន្តរជាតិនេះ គឺផ្តើមចេញពីការវាយតម្លៃខ្ពស់របស់អង្គការទេសចរណ៍ពិភពលោក និងប្រទេសសមាជិកចំពោះប្រសិទ្ធភាព និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយវិបត្តិជំងឺកូវីដ-១៩ នាពេលកន្លងមក ពិសេសគឺកាលដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឱ្យនាវាទេសចរណ៍ MS WESTERDAM ចូលចតនៅក្រុងព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីជួយសង្គ្រោះអាយុជីវិតទេសចរអន្តរជាតិប្រមាណ ២០០០នាក់ ដែលនៅជាប់គាំងនៅលើនាវាកណ្តាលផ្ទៃសមុទ្រ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner