ឯកឧត្តម ឈិន កេតនា នាំយកអំណោយ ចែកជូនក្រុមគ្រូពេទ្យ និង អ្នកជម្ងឺ ក្នុងឱកាស ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ

ភ្នំពេញ៖ នៅក្នុងទិវាប្រកបដោយសិរីមង្គលដ៏មហោឡារិក នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ព្រះជន្ម ៨៧ យាងចូល ៨៨ ព្រះវស្សានាឆ្នាំនេះ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ រួមទាំងថវិកាមួយចំនួនរបស់អន្តរក្រសួង ប្រគល់ជូនក្រុមគ្រូពេទ្យ និងអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាល ជាង១០០នាក់ នៅមន្ទីរពេទ្យពហុព្យាបាល សម្ដេចឪ សម្ដេចម៉ែ  ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក៏បាននាំនូវព្រះរាជហឫទ័យនឹករលឹកផ្ដាំផ្ញើសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ពីសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹករលឹកបំផុត។

ឯកឧត្តម ឈិន កេតនា មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្សថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ននិងរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងប្រជារាស្ត្រទូទាំងប្រទេសតែងតែរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្របតាមព្រះរាជប្បវេណីពីបុរាណដ៏ថ្កើនថ្កាន និងដើម្បីសម្តែងនូវគាវរភក្តីដ៏ស្មោះ ប្រកបដោយសមាចិត្តកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គបានចាកផុតពីព្រះរោគាទាំងឡាយ បានប្រកបនូវ ព្រះបរមសុខគ្រប់ប្រការ ព្រះរាជសុខភាពដ៏ល្អបរិបូរណ៍ ព្រះកាយពលមាំមួន  ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ទ្រង់គង់នៅជាសុខ ដើម្បីបានជាម្លប់ដ៏ត្រជាក់ត្រជំ និងសេចក្តីសុខក្សេមក្សាន្តនៃប្រជារាស្ត្រខ្មែរជាកូនចៅ ចៅទួត របស់ព្រះអង្គជាយូរអង្វែងតរៀងទៅ។

ក្នុងឱកាសដ៏មង្គលនេះ ឯកឧត្តម ឈិន កេតនា បញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីក្នុងរយៈកាលជាង ៤០ ឆ្នាំមកនេះ សម្ដេចបានដឹកនាំប្រទេសជាតិឲ្យមានការប្រែប្រួលអភិវឌ្ឍលើគ្រប់វិស័យ ប្រទេសជាតិអាចរៀបចំពិធីបុណ្យផ្សេងៗបានយ៉ាងសប្បាយរីករាយ ជាមួយសុខសន្តិភាពគ្រប់ទីកន្លែង ព្រមទាំងបានលើកកម្ពស់ជីវភាពរស់នៅរបស់មន្ត្រីរាជការ បុគ្គលិក កម្មករ និងប្រជាជនទូទាំងប្រទេសប្រកបដោយសេចក្តីសុខក្សេមក្សាន្ត ជាក់ស្ដែងឆ្នាំ ២០២៣ ព្រះរាជាណាចក្រកម្ពុជាបានបើកទំព័រមាសជាប្រវត្តិសាស្ត្រក្នុងការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឆ្នាំ ២០២៣ ប្រកបដោយជោគជ័យ និងមោទកភាពបំផុត។ ឯកឧត្តម ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ដែលជាការបង្ហាញអំពីសិទ្ធនិងកាតព្វកិច្ចក្នុងនាមជាពលរដ្ឋល្អ និងបោះឆ្នោតជូនគណបក្សណាដែលរួមសុខរួមទុក្ខនិងរស់នៅជាមួយប្រជាជនដូចសព្វថ្ងៃនេះ។

បន្ទាប់អំពីកម្មវិធីសំណេះសំណាលសាកសួរសុខទុក្ខ រួចមក ឯកឧត្តម ឈិន កេតនា បានចែកជូននូវអំណោយមនុស្សធម៌ រួមទាំងថវិកាមួយចំនួនរបស់អន្តរក្រសួង ជូនដល់ក្រុមគ្រូពេទ្យ និងអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាល និងស្រ្តីសម្រាលកូនដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យពហុព្យាបាល សម្ដេចឪ សម្ដេចម៉ែ៕ រូបភាព អត្ថបទ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner