សត្វចង្រិតវាយប្រហាររដ្ឋ Nevada របស់សហរដ្ឋអាមេរិក
ណេវ៉ាដា៖ អ្នកឈ្លានពានបានកាន់កាប់ផ្នែកខ្លះនៃរដ្ឋណេវ៉ាដា របស់សហរដ្ឋអាមេរិក ប៉ុន្តែពួកគេមិនមែនជាជនល្មើស ឬមនុស្សភពផ្កាយនោះទេ ពួកគេគឺជាសត្វចង្រិត។
ហ្វូងសត្វចង្រិតរាប់លានក្បាលកំពុងវាយលុកទីក្រុងអែលខូ រួមមានទាំងផ្លូវថ្នល់ និងផ្ទះសម្បែងប្រជាជន ហើយថែមទាំងរំខានដល់សេវាមន្ទីរពេទ្យទៀតផង។ អ្នកស្រុកទីក្រុងអែលខូ បាននិយាយថា ពួកគេមានការធុញទ្រាន់នឹងរំខានពីសត្វចង្រិត។
ហើយអ្នកស្រុកម្នាក់ទៀតបានបញ្ជាក់ថា ពួកគេមានអារម្មណ៍ថា ត្រូវបានរំលោភបំពានយ៉ាងខ្លាំង។ សត្វចង្រិតទាំងនោះ ថែមទាំងបង្កបញ្ហាដល់សេវាសង្គ្រោះបន្ទាន់ទៀតផង។ ជាមួយគ្នានេះ អ្នកជំនាញខាងសត្វចង្រិតនៃរដ្ឋណេវ៉ាដា លោក Jeff Knight បាននិយាយថា ហ្វូងសត្វចង្រិតមិនមែនជារឿងចម្លែកទេនៅក្នុងតំបន់ ប៉ុន្តែវាជាការកត់សម្គាល់មួយ ដោយសារចំនួនមនុស្សរីករាលដាលទៅកាន់តំបន់ព្រៃជាងពីមុន។
ដំណឹងអាក្រក់សម្រាប់ប្រជាជនទីក្រុងអែលខូ នោះគឺពួកគេមិនចាំបាច់ធ្វើរឿងអ្វីច្រើននោះទេ ដោយគ្រាន់តែរង់ចាំឱ្យវាចប់ទៅបានហើយ។ លោក Knight បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មានមធ្យោបាយមួយ នោះគឺការអត់ធ្មត់ ហើយសត្វចង្រិតទាំងនោះអាចនឹងចាកចេញពីទីក្រុងនាពេលឆាប់ៗនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា