សម្ដេចតេជោ ហ៊ុន សែន៖ ថ្ងៃក្រោយ កម្ពុជា អាចក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទី ខណៈទីផ្សារអន្តរជាតិ កំពុងមានតម្រូវការខ្ពស់

កំពង់ចាម៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ថ្ងៃក្រោយ កម្ពុជា អាចក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទី ពីព្រោះកម្ពុជា មានអំណោយផលក្នុងការដាំដុះស្វាយចន្ទី ហើយស្វាយចន្ទី គឺមានតម្រូវការខ្ពស់លើទីផ្សារអន្តរជាតិ ខណៈកាលពីឆ្នាំ២០២២ កម្ពុជា ប្រមូលផលស្វាយចន្ទីបាន ១១៨០០០០ តោន។

សម្តេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្ន រាជរដ្ឋាភិបាល បានធ្វើប្រតិភូកម្មទៅថ្នាក់មូលដ្ឋាន អាចមានសិទ្ធិធ្វើការវិយោគ ក្នុងដើមទុនរហូតទៅដល់ ៥លានដុល្លារ ដែលកត្តានេះ ជាផ្នែកមួយក្នុងការទាក់ទាញវិនិយោគលើវិស័យកសិកម្មរបស់កម្ពុជា ទៅដល់ប្រជាពលរដ្ឋដោយផ្ទាល់នៅថ្នាក់មូលដ្ឋាន។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ជិត២ម៉ឺននាក់ មកពីរោង ចក្រសហគ្រាសចំនួន៦ នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) ភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ។

សូមជម្រាបថា យោងរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា បានឲ្យដឹងថា ក្នុងឆ្នាំ២០២២ កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិមានចំនួន ៦៧ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន ១ ០៧៧លានដុល្លា ថយចុះ ៣៤.៦៥ភាគរយ។ ការថយចុះនេះដោយសារតែបញ្ហាប្រែប្រួលអាកាសធាតុ។

ដោយឡែក ក្នុងរយៈពេល៣ខែ ឆ្នាំ២០២៣នេះ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញតួលេខថា កម្ពុជា ផលិតគ្រាប់ស្វាយចន្ទីស្រស់បាន ២៦ម៉ឺនតោន ខណៈការនាំទៅវៀតណាម មានចំនួនជាង ២៣ម៉ឺនតោន (២៣៣៥០តោន) ដោយគិតជាទឹកប្រាក់ប្រមាណ ៣២០លានដុល្លារ ថយចុះ ១២,៩៥% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។

សម្រាប់ការដាំដុះភាគច្រើនក្នុងខេត្តចំនួន១០ មានដូចជា៖ ខេត្តកំពង់ធំ ក្រចេះ កំពង់ចាម ព្រះវិហារ ត្បូងឃ្មុំ ជាដើម ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner