សម្តេចតេជោ ហ៊ុន សែន បញ្ជាទៅកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរខេត្តជាប់ព្រំដែនវៀតណាម រួមគ្នាទប់ស្កាត់ក្រុមឧទ្ទាម ដែលអាចរត់ចូលមកកម្ពុជា

កំពង់ចាម៖ សម្តចតេជោ ហ៊ុន សែន បានប្រកាសចេញបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរខេត្តរបស់កម្ពុជាជាប់ព្រំដែនប្រទេសវៀតណាម ពិសេស ខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ ត្រូវប្រុងប្រយ័ត្ន និងរឹតបន្តឹងចលនាជ្រៀតចូលកម្ពុជា នៃ ក្រុមឧទ្ទាម វាយប្រហារក្នុងប្រទេសវៀតណាម សម្លាប់មនុស្ស និងមានបំណងចូលមកជ្រកកោណនៅកម្ពុជា។

សម្តេចតេជោ បញ្ជាក់ថា កម្ពុជា មិនអនុញ្ញាតឱ្យនរណាម្នាក់ ឬក្រុមណាមួយ យកទឹកដីកម្ពុជា បង្កើតចលនា ឬកម្លាំងប្រដាប់អាវុធ ដើម្បីវាយប្រហារលើប្រទេសណាមួយឡើយ។

សម្តេច បន្តថា មេដឹកនាំចលនាបង្កើតកងកម្លាំងឧទ្ទាមវាយប្រហារឃុំចំនួន២ និងសម្លាប់មនុស្សជាច្រើននៅប្រទេសវៀតណាម រយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អាចមានមេដឹកនាំចលនាកំពុងនៅកម្ពុជា ដែលមិនខុសពីករណីជនជាតិម៉ុងតាញ៉ា ឬករណីបង្កើតឱ្យមានជនភៀសខ្លួននៅខេត្តរតនគិរី កាលពីពេលកន្លងទៅនោះទេ។

សម្ដេចបានដាក់ការសង្ស័យថា អាចមានមេខ្លោងនៅក្នុងប្រទេសកម្ពុជា និងចាត់ទុកក្រុមបះបោរនេះ ជាក្រុមភេរវករផងដែរ។ សម្ដេចថា កម្ពុជា មិនអនុញ្ញាតឲ្យជនបរទេសណាមួយ យកទឹកដីកម្ពុជា ដើម្បីធ្វើការប្រឆាំងជាមួយនឹងបរទេសឡើយ ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានព្រមានទៅដល់អង្គការអន្តរជាតិ ឬពលរដ្ឋកម្ពុជាទាំងឡាយណា ដែលឃុបឃិតឲ្យក្រុមនេះ ចូលកម្ពុជាផងដែរ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានដាក់ចេញបទបញ្ជាដូច្នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ជិត២ម៉ឺននាក់ មកពីរោង ចក្រសហគ្រាសចំនួន៦ នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) ភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner