កម្ពុជា-ឥណ្ឌូណេស៊ី ជំរុញឱ្យមានការតភ្ជាប់គោលដៅទេសចរណ៍សៀមរាបអង្គរ ជាមួយតំបន់ប្រាសាទបុរោពុទ្ធោ

ភ្នំពេញ៖ ភាគីកម្ពុជា និងភាគីឥណ្ឌូណេស៊ីបានឯកភាពគ្នាជំរុញឱ្យមានការតភ្ជាប់គោលដៅទេសចរណ៍រវាងសៀមរាបអង្គរ ជាមួយតំបន់ប្រាសាទបុរោពុទ្ធោ (Borobudur) ខណៈគោលដៅទាំងពីរសុទ្ធជាគោលដៅទេសចរណ៍ ដ៏ទាក់ទាញផ្នែក វប្បធម៌ពោរពេញទៅដោយអច្ឆរិយភាព។

ការឯកភាពនេះធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីរវាងប្រតិភូក្រសួងទេសចរណ៍កម្ពុជា ដឹកនាំដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយប្រតិភូក្រសួងទេស ចរណ៍ឥណ្ឌូណេស៊ី ដឹកនាំដោយឯកឧត្តម សាន់ឌីយ៉ាហ្កា សាឡះហ៊ូដឌីង អ៊ូណុ (Sandiaga Salahudding Uno) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចទំនើប នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ។

ឯកឧត្តម សាន់ឌីយ៉ាហ្កា សាឡះហ៊ូដឌីង បានកោតសរសើរចំពោះអច្ឆរិយភាព នៃតំបន់រមណីយដ្ឋានអង្គរ និងសូមឱ្យមានការតភ្ជាប់គោលដៅទេសចរណ៍ រវាង សៀមរាបអង្គរ ជាមួយតំបន់ប្រាសាទបុរោពុទ្ធោ (Borobudur) ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរទៅវិញទៅមក និងរួមចំណែកទាក់ទាញភ្ញៀវទេសចរប្រទេសទី៣។

ឯកឧត្តម សាន់ឌីយ៉ាហ្កា សាឡះហ៊ូដឌីង ក៏បានអញ្ជើញឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ទៅទស្សនកិច្ចនៅតំបន់ប្រាសាទបុរោពុទ្ធោផងដែរ ដើម្បីរឹតចំណងមិត្តភាពលើវិស័យទេសចរណ៍ឱ្យកាន់តែជិតស្និទ្ធ។

ឯកឧត្តម ថោង ខុន បានលើកឡើងពីអនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងឥណ្ឌូណេស៊ីនៅឆ្នាំ២០២២ និងបានស្នើឱ្យឆាប់រៀបចំផែនការទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែប្រសើរជាងមុន ផ្សព្វផ្សាយគោលដៅទេសចរណ៍ប្រទេសទាំងពីរឱ្យកាន់តែផុសផុលផងដែរ។

ភាគីទាំងពីរក៏បានឯកភាពជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុងសំខាន់ៗរបស់ឥណ្ឌូណេស៊ីមកកាន់ខេត្តសៀមរាប ខណៈអាកាសយានដ្ឋានអន្តរជាតិថ្មីនៅខេត្តសៀមរាប ក៏ជិតនឹងបើកដំណើរការជាផ្លូវការនៅក្នុងឆ្នាំ២០២៣នេះផងដែរ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner