ឯកសារកិច្ចសហប្រតិបត្តិការចំនួន២ ត្រូវបានចុះហត្ថលេខា ក្រោយជំនួបកំពូលទ្វេភាគីរវាង ប្រធានាធិបតីស្រីលង្កា និងនាយករដ្ឋមន្ត្រីកម្ពុជា

ដើម្បីពង្រឹងទំនាក់ទំនងវិស័យការទូត និងពាណិជ្ជកម្មព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា ឯកសារកិច្ចសហប្រតិបត្តិការចំនួន២ គឺ៖ ទី១-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចពិគ្រោះយោបល់ រវាងក្រសួងការបរទេសនៃប្រទេសទាំង២ និងទី២-អនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មក្រុងកូឡុំបូ ត្រូវបានចុះ ហត្ថលេខា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Malthripala Sirsena) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា ក្រោយពីបានបញ្ចប់ជំនួបកំពូល ទ្វេភាគីរវាង មេដឹកនាំទាំងពីរ នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩។
ថ្លែងក្នុងវេទិការធុរកិច្ចកម្ពុជា-ស្រីលង្ការ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានរំលឹកពីប្រវត្តិនៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងស្រីលង្កា ព្រមទាំងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅកាន់ប្រទេសស្រីលង្កា ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងអំពីវឌ្ឍនភាពកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា រយៈពេលពីរទសវត្សរ៍ចុងក្រោយ និងការវិវត្តសំខាន់ៗពាក់ព័ន្ធនឹងកាលានុវត្តភាពធុរកិច្ច និងសក្តានុពលវិនិយោគ ក៏ដូចជាវិធានការថ្មីៗរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាស ធុរកិច្ច និងវិនិយោគនៅកម្ពុជា។ សម្ដេចបានលើកឡើងពីការដាក់ចេញនូវវិធានការមុតស្រួចមួយចំនួនសំដៅបង្កើនភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា កែលម្អ និងលើកស្ទួយថែមទៀតនូវបរិយាកាសវិនិយោគ និងធុរកិច្ច និងធ្វើពិពិធ កម្មសេដ្ឋកិច្ចជាតិ និងឱកាសការងារប្រកបដោយគុណភាពកាន់តែច្រើនថែមទៀត ជូនប្រជាជនកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្តែងការស្វាគមន៍ចំពោះវិឌីយោគិនបរទេសទាំងអស់ ជាពិសេស អ្នកវិនិយោគស្រីលង្កា ដែលមានបំណងវិនិយោគនៅកម្ពុជា និងបានលើកទឹកចិត្ត ឱ្យមានការចាប់ដៃគូ អាជីវកម្ម រវាងវិស័យឯកជននៃប្រទេសទាំងពីរ តាមរយៈការពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែង យល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

ភាគីស្រីលង្កា បានសម្តែងសុទិដ្ឋិនិយម ចំពោះទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ស្រីលង្កា និងបាន ចាត់ទុកជាសញ្ញានៃតភ្ជាប់ប្រកបដោយសក្តានុពលរវាងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ីខាងកើត។ ដើម្បីទាក់ទាញអាជីវកម្ម និងការវិនិយោគបន្ថែម វាពិតជាសំខាន់ណាស់ ដែលយើងត្រូវតែមានយន្តការ អនុវត្តនៅនឹងកន្លែង។

សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា បាន តភ្ជាប់ទំនាក់ទំនងការទូតលើកដំបូង នៅក្នុងឆ្នាំ១៩៥២ ប៉ុន្តែត្រូវបានកាត់ផ្តាច់ដោយសារសង្គ្រាម ស៊ីវិលនៅកម្ពុជា ឆ្នាំ១៩៧៥។ លុះមកដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៩៦ ប្រទេសទាំងពីរ បានភ្ជាប់ទំនាក់ទំនងការទូតផ្លូវការឡើងវិញ និងបានពង្រឹងជាបន្តបន្ទាប់ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំទៅវិញទៅមក៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner