ប្រធានាធិបតីស្រីលង្កា កំពុងជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព
ភ្នំពេញ៖ ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា កំពុងជួបប្រជុំទ្វេភាគីជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០១៩នេះ។
ក្នុងជំនួបកំពូលទ្វេភាគីនេះ វិស័យសំខាន់ៗជាច្រើន នឹងត្រូវលើកយកមកពិភាក្សា សំដៅពង្រឹងថែមទៀតនូវចំណងទាក់ទងមិត្តភាព រវាងប្រទេសទាំងពីរ ដែលបានចងភ្ជាប់គ្នាយ៉ាងជ្រាលជ្រៅតាមរយៈព្រះពុទ្ធសាសនា។ ថ្នាក់ដឹកនាំទាំងពីរ ក៏នឹងធ្វើការផ្លាស់ប្តូរទស្សនៈគ្នា លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយបារម្ភ និងផលប្រយោជន៍រួមផងដែរ។
ដើម្បីពង្រឹងទំនាក់ទំនងវិស័យការទូត និងពាណិជ្ជកម្មព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា ឯកសារកិច្ចសហប្រតិបត្តិការចំនួន២ គឺ៖ ទី១-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចពិគ្រោះយោបល់ រវាងក្រសួងការបរទេសនៃប្រទេសទាំង២ និងទី២-អនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មក្រុងកូឡុំបូ ត្រូវបានចុះហត្ថលេខា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Malthripala Sirsena) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា ក្រោយពីបានបញ្ចប់ជំនួបកំពូល ទ្វេភាគីរវាងមេដឹកនាំទាំងពីរ៕ធ.ដ