ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ចុះជួបផ្ទាល់ជាមួយកម្មករ-និយោជិត គឺដើម្បីដឹងសុខទុក្ខជាក់ស្តែង និងដើម្បីដោះស្រាយបញ្ហា ព្រមទាំងសំណូមពរផ្សេងៗ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានចុះជួបផ្ទាល់ជាមួយកម្មករ-និយោជិត គឺដើម្បីដឹងសុខទុក្ខជាក់ស្តែង និងដើម្បីដោះស្រាយបញ្ហា ព្រមទាំងសំណូមពរផ្សេងៗ ពីព្រោះនេះ គឺជាទម្លាប់ការងាររបស់សម្តេចតេជោ តាំងពីដើមរៀងមក។ ទម្លាប់ចុះមូលដ្ឋាន គឺជាការត្រួតពិនិត្យប្រសិទ្ធភាពគោលនយោបាយ សំដៅកែលម្អបំពេញបន្ថែមចំណុចខ្វះខាត និងសម្រេចចិត្តឱ្យចំគោលដៅ តាមរយៈការជួបសាកសួរផ្ទាល់ជាមួយនឹងអ្នកទទួលផលជាក់ស្តែងពីគោលនយោបាយដែលបានដាក់ចេញនីមួយៗ។ បើទោះបីជា សម្តេចតេជោ មានភារកិច្ចរវល់មមាញឹកយ៉ាងណាក៏ដោយ គឺទម្លាប់ចុះផ្ទាល់នៅមូលដ្ឋានបែបនេះ គឺជារបៀបរបបការងាររបស់លោក ដោយឈរលើឆន្ទៈ និងមនសិការនៃផលប្រយោជន៍ជាតិ និងប្រជាជនគ្រប់ពេលវេលា។ ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយប្រធានរដ្ឋបាល និងប្រធានផ្នែករបស់រោងចក្រ-សហគ្រាស មកពីខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល និងតាកែវ កាលពីថ្ងៃព្រឹកថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ទិសស្លោក “អតីតកាលឈឺចាប់ បច្ចុប្បន្នស៊ូយ៉ាប់ ដើម្បីអនាគតរុងរឿង” គឺជាមាគ៌ាសំខាន់ក្នុងការអភិវឌ្ឍប្រទេស ដែលមានគោលដៅធ្វើឱ្យប្រជាជនមានជីវិតរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ តាមរយៈការផ្តល់នូវសិទ្ធិសេរីភាព ជីវភាព សុខសន្តិភាព និងសេចក្តីសុខសុភមង្គល ព្រមជាមួយនឹងឱកាសគ្រប់បែបយ៉ាងក្នុងការរៀបចំផែនការជីវិតសម្រាប់អនាគតរបស់ខ្លួន។ រាជរដ្ឋាភិបាល បានខិតខំបង្កលក្ខណៈតាមគ្រប់លទ្ធភាព ដើម្បីធ្វើយ៉ាងឱ្យប្រជាពលរដ្ឋអាចបំពេញនូវសក្តានុពល និងសម្រេចនូវក្តីស្រមៃរបស់ខ្លួន តាមរយៈការដាក់ចេញនូវគោលនយោបាយរបបសេដ្ឋកិច្ចទីផ្សារសេរី កម្មសិទ្ធិឯកជន ការលើកកម្ពស់វិស័យអប់រំ និងការទាក់ទាញការវិនិយោគ ដើម្បីបង្កើនឱកាសការងារជូនដល់ប្រជាជន។ល។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តទៀតថា ចំពោះការលើកកម្ពស់វិស័យការងារ គឺត្រូវឈរលើកត្តាចំនួន៣សំខាន់ គឺ បរិមាណ គុណភាព និងសមធម៌៖ ទី១.បរិមាណ សំដៅដល់ការរុញការវិនិយោគឱ្យទៅដល់មូលដ្ឋាន ដើម្បីបង្កភាពងាយស្រួល និងកាត់បន្ថយការចំណាយលើការធ្វើដំណើរ និងការរស់នៅរបស់កម្មករ-និយោជិត ទី២.គុណភាព សំដៅទៅលើប្រភេទនៃការវិនិយោគ ឬការធ្វើអាជីវកម្មដែលមានយុទ្ធសាស្ត្រច្បាស់លាស់ និងភាពយូរអង្វែង ការផ្តល់ឱកាសដល់កម្មករ និយោជិតទទួលបានបៀរវត្ស និងអត្ថប្រយោជន៍ល្អប្រសើរ ព្រមទាំងមានលទ្ធភាពបង្កើនសមត្ថភាព និងចំណេះដឹងកាន់តែខ្ពស់ ការការពារសិទ្ធិ និងការយកចិត្តទុកដាក់លើសុខមាលភាពរបស់កម្មករ-និយោជិត ការយកចិត្តទុកដាក់ទៅលើបរិស្ថាន និងសហគមន៍ និងការចូលរួមពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព និងផលិតភាពការងារ តាមរយៈការនាំមកនូវបច្ចេកវិទ្យាទំនើបថ្មីៗ និងទី៣.សមធម៌ សំដៅទៅលើការថែរក្សានូវសុខដុមនីយកម្ម នៃទំនាក់ទំនងរវាងនិយោជក និងនិយោជិត ដែលប្រៀបបាននឹងប្តីប្រពន្ធ ហើយរាជរដ្ឋាភិបាលប្រៀបដូចជាឪពុកម្តាយ-អាណាព្យាបាល ដោយក្នុងនេះចាំបាច់ត្រូវយកចិត្តទុកដាក់លើកការគាំពារសិទ្ធ អត្ថប្រយោជន៍ និងការពង្រឹងការទទួលខុសត្រូវរបស់ភាគីនិយោជក និងនិយោជិត ក្នុងក្របខ័ណ្ឌច្បាប់។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ពិតណាស់ ក្នុងនាមជាអាណាព្យាបាល រាជរដ្ឋាភិបាលបានខិតខំបំពេញនូវកិច្ចការជាច្រើន ជាអាទិ៍៖ ទី១.បានខិតខំបង្កើតការងារតាមរយៈការទាក់ទាញ និងបង្កលក្ខណៈដល់អ្នកវិនិយោគ ដើម្បីឱ្យពួកគេមកបណ្តាក់ទុននៅកម្ពុជា ជាប្រយោជន៍ដើម្បីជីវភាពផ្ទាល់របស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ទី២.បានផ្តល់ការឧបត្ថម្ភគាំទ្រដល់អ្នកវិនិយោគ និងកម្មករ-និយោជិត តាមរយៈការដាក់ចេញនូវគោលនយោបាយអនុគ្រោះ និងលើកទឹកចិត្តដល់ការប្រកបធុរកិច្ចរបស់អ្នកវិនិយោគ ក៏ដូចជាគោលនយោបាយគាំពារសង្គមបម្រើឱ្យសុខុមាលភាពរបស់កម្មករ-និយោជិត។ មួយវិញទៀត ការខិតខំប្រឹងប្រែងបំពេញការងាររបស់ប្រធានរដ្ឋបាល និងប្រធានផ្នែកនៅតាមរោងចក្រ-សហគ្រាស គឺអាចជាគុណតម្លៃមួយដ៏សំខាន់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា តាមរយៈការជួយដល់វិនិយោគិនក្នុងការពង្រីកគម្រោងវិនិយោគដែលមានស្រាប់ឱ្យកាន់តែរីកចម្រើន និងការទាក់ទាញវិនិយោគិនថ្មីៗមកបន្ថែមទៀត៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner