ប្រមុខការទូតចិន-អាមេរិកព្រមព្រៀងជួបគ្នាម្តងទៀត ក្រោយបញ្ចប់ជំនួបនៅទីក្រុងប៉េកាំង
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន និងសមភាគីអាមេរិក នៅថ្ងៃទី១៨ ខែមិថុនា បានរៀបចំនូវអ្វីដែលគេហៅថា កិច្ចពិភាក្សាដោយភាពស្មោះត្រង់ និងក្នុងន័យស្ថាបនា អំពីភាពខ្វែងគំនិតគ្នារវាងប្រទេសទាំងពីរ ចាប់ពីបញ្ហាតៃវ៉ាន់រហូតដល់ពាណិជ្ជកម្ម ប៉ុន្តែសម្រាប់ជំនួបលើកក្រោយនៅទីក្រុងវ៉ាស៊ីនតោនហាក់មានសង្ឃឹមតិចតួច។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន កំលុងដំណើរទស្សនកិច្ចលើកដំបូងមកកាន់ប្រទេសចិន ក្នុងរយៈពេល ៥ឆ្នាំ បានសង្កត់ធ្ងន់ពីតម្រូវការ ដើម្បីកាត់បន្ថយហានិភ័យនៃការយល់ខុស និងការគណនាខុស នៅក្នុងកិច្ចពិភាក្សារបស់គាត់ ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក ឈីន កាង។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេស។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានដកស្រង់សម្តីលោក ឈីន ដែលបានប្រាប់ប្រមុខការទូតកំពូលអាមេរិកវិញថា កោះតៃវ៉ាន់ គឺជាបញ្ហាផលប្រយោជន៍ស្នូលរបស់ប្រទេសចិន ដែលជាបញ្ហាសំខាន់បំផុតក្នុងទំនាក់ទំនងចិន-អាមេរិក និងជាហានិភ័យដ៏លេចធ្លោបំផុត។
ជាមួយគ្នានេះ មន្ត្រីអាមេរិក និងអ្នកវិភាគបានរំពឹងថា ដំណើរទស្សនកិច្ចរបស់លោក ប្លីងគែន នឹងត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំទ្វេភាគីបន្ថែមទៀតរវាងអាមេរិក-ចិនក្នុងពេលប៉ុន្មានខែខាងមុខ រួមទាំងការធ្វើដំណើរដែលអាចកើតមានដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោកស្រី ចាណេត យ៉េលែន និងរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោកស្រី ជីណា រ៉េម៉ុនដូ។
ទស្សនកិច្ចនេះក៏អាចកំណត់ដំណាក់កាលសម្រាប់កិច្ចប្រជុំរវាងលោក ស៊ី និងលោក បៃដិន នៅក្នុងកិច្ចប្រជុំកំពូលពហុភាគីនៅពេលក្រោយក្នុងឆ្នាំនេះផងដែរ។
សូមរម្លឹកថា លោក បៃដិន និងលោក ស៊ី បានធ្វើកិច្ចពិភាក្សាទល់មុខគ្នាជាលើកដំបូងដែលរង់ចាំជាយូរមកហើយ នៅក្រៅកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានសេដ្ឋកិច្ចធំៗចំនួន ២០ ដែលហៅកាត់ថា G20 កាលពីខែវិច្ឆិកា នៅលើកោះបាលី របស់ឥណ្ឌូនេស៊ី ដោយពួកលោកបានពិភាក្សាអំពីបញ្ហាកោះតៃវ៉ាន់ និងកូរ៉េខាងជើង ហើយសន្យារក្សាការទំនាក់ទំនងគ្នាជាញឹកញាប់ថែមទៀត៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា