ប្រជាជនប៉េរូជួសជុលស្ពានខ្សែពួរ ដែលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ
លីម៉ា៖ ប្រជាសហគមន៍ក្នុងតំបន់ Cusco បានរួបរួមកម្លាំងគ្នាជួសជុលស្ពាន ឃ្យូអេស្វាឆាកា (Q’eswachaka) ឡើងវិញ។ ស្ពាននេះត្រូវបានចារឹកក្នុងបញ្ជីតំណាងសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិក្នុងឆ្នាំ២០១៣។
រៀងរាល់ខែមិថុនា សហគមន៍ក្នុងតំបន់ Cusco រដ្ឋធានីនៃចក្រភព Inca បានចូលរួមកិច្ចខិតខំប្រឹងប្រែង ក្នុងការបង្កើតខ្សែពួរចេញពីរុក្ខជាតិ q’oya ដើម្បីជួសជុលស្ពាន Q’eswachaka ឡើងវិញ។ ក្នុងឆ្នាំ២០១៣ ស្ពាននេះត្រូវបានចារឹកក្នុងបញ្ជីតំណាងសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។
លោក Braulio Huilca ជានិសិត្សផ្នែកគណនេយ្យមួយរូបបាននិយាយថា នេះជាមោទនភាពមួយសម្រាប់ពួកយើងក្នុងការជួសជុលស្ពាននេះឡើងវិញ… ដូចដែលអ្នកបានឃើញហើយ… ការងារនេះត្រូវបានធ្វើជាលក្ខណៈសហគមន៍, ការរួបរួមគ្នា ហើយនឹងការរួមបញ្ចូលគ្នាទាំងកម្លាំងចិត្តកម្លាំងកាយ។
លោក Cirilo Huilca Puma អ្នកសាងសង់ស្ពានមួយរូប បាននិយាយថា ជីដូនជីតារបស់យើងតាំងពីសម័យមុន បានបន្សល់វាទុកឱ្យពួកយើង ដូច្នេះខ្ញុំដឹងគុណស្ពាន Q’eswachaka ខ្លាំងណាស់ នោះហើយជាមូលហេតុដែលខ្ញុំចូលរួមជួសជុលស្ពាននេះឡើងវិញ។
រីឯនាង Naida Villavicencio ជាអ្នកទេសចរក្នុងតំបន់ បានបញ្ជាក់ថា វាមិនត្រឹមតែតំណាងឱ្យការងារជួសជុលស្ពាន់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាការបង្ហាញពីស្មារតីរួបរួមគ្នាក្នុងសហគមន៍ និងគំនិតរួមសាមគ្គីគ្នាផងដែរ។
ដោយឡែកលោក Felipe Hanampa Huamani ជាសិប្បករមួយរូប ក៏បាននិយាយដែរថា បើយើងបោះបង់ស្ពានចោល នោះទំនៀមទំលាប់តាំងពីសម័យបុរាណនេះនឹងត្រូវបាត់បង់ ហើយលែងមានទំនៀមទម្លាប់នេះទៀតហើយ… ហើយក៏គ្មានប្រាក់ចំណូលសម្រាប់អ្នកស្រុក និងប្រជាជនប៉េរូខ្លួនឯងដែរ… យើងក៏គ្មានចំណូលសម្រាប់ខ្លួនឯងដែរ… ព្រោះការងារនេះ គឺជាការបង្កើតប្រាក់ចំណូលសេដ្ឋកិច្ចសម្រាប់ពួកយើង ពីវិស័យទេសចរណ៍ក្នុងតំបន់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា



