ចំនួនអ្នកស្លាប់កើនដល់ ១៣នាក់ ក្រោយព្យុះស៊ីក្លូនដ៏កំណាចវាយប្រហារប្រេស៊ីល
ប្រាស៊ីលីយ៉ា៖ ទីភ្នាក់ងារការពារជនស៊ីវិលរបស់រដ្ឋប្រេស៊ីល បាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៣នាក់ ជាមួយនឹងការរកឃើញសាកសពមនុស្សពីរបន្ថែមទៀតនៅក្នុងទីក្រុងខារ៉ា។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ទារកមានអាយុ ៤ខែម្នាក់ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ដែរ។
ព្យុះស៊ីក្លូនដ៏កំណាចមួយដែលវាយប្រហារភាគខាងត្បូងប្រទេសប្រេស៊ីល បានសម្លាប់ជីវិតមនុស្ស ១៣នាក់ ហើយបង្ខំឱ្យប្រជាជនរាប់ពាន់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរនៅថ្ងៃអាទិត្យម្សិលមិញ។ ព្យុះស៊ីក្លូនដ៏កំណាចនេះ បានវាយប្រហាររដ្ឋ រីយ៉ូហ្ក្រាន់ ដូស៊ូល កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍មុននេះ។
ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំង បានបង្កការខូចខាតនៅតាមបណ្តាទីក្រុងជាច្រើនរបស់រដ្ឋនេះ ក្នុងនោះរួមមានទាំងទីក្រុង Porto Alegre ផងដែរ នៅក្នុងគ្រោះមហន្តរាយអាកាសធាតុចុងក្រោយបង្អស់ក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ។ មនុស្សសរុប ៣,៧១៣នាក់ត្រូវខូចខាតផ្ទះសម្បែង និង ៦៩៧នាក់ត្រូវបានជម្លៀសកាលពីចន្លោះថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ចេញពីតំបន់ដែលប្រឈមហានិភ័យ ដោយសារគន្លងផ្លូវធ្វើដំណើររបស់ព្យុះស៊ីក្លូននោះ។
សូមរម្លឹកថា ប៉ុន្មានឆ្នាំនេះ ប្រេស៊ីលបានទទួលរងការវាយប្រហារពីគ្រោះមហន្តរាយធម្មជាតិអាក្រក់ៗជាបន្តបន្ទាប់ ដែលក្រុមអ្នកជំនាញនិយាយថា បណ្តាលមកពីបញ្ហាប្រែប្រួលអាកាសធាតុភពផែនដី។ តួយ៉ាងកាលពីខែកុម្ភៈ យ៉ាងហោចណាស់មនុស្ស ៦៥នាក់បានស្លាប់ នៅពេលដែលភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ និងការរអិលបាក់ដីនៅក្នុងរដ្ឋសៅប៉ូឡូ ភាគអាគ្នេយ៍ប្រទេសប្រេស៊ីល៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា