អ.ស.ប៖ រុស្ស៊ីនៅតែបិទខ្ទប់ជំនួយបញ្ជូនទៅឱ្យជនរងគ្រោះបាក់ទំនប់វារីអគ្គិសនីនៅអ៊ុយក្រែន

អ.ស.ប ៖ អង្គការសហប្រជាជាតិ នៅថ្ងៃទី១៨ ខែមិថុនា បានចោទប្រកាន់រុស្ស៊ីទាក់ទិននឹងការបន្តរារាំងការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់គ្រប់គ្រងដោយកងកម្លាំងរុស្ស៊ី ស្ថិតនៅភាគខាងកើតអ៊ុយក្រែន ដែលរងផលប៉ះពាល់ពីទឹកជំនន់ ដោយសារការបាក់ទំនប់វារីអគ្គិសនី កាខូវកា នាពេលថ្មីៗនេះ។

Read. អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិប្រចាំប្រទេសអ៊ុយក្រែន លោកស្រី Denise Brown បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យម្សិលមិញថា រហូតមកទល់ពេលនេះ រដ្ឋាភិបាលរុស្ស៊ីនៅតែបដិសេធសំណើរបស់ពួកយើង ក្នុងការធ្វើដំណើរចូលទៅកាន់តំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយយោធាជាបណ្តោះអាសន្នរបស់រុស្ស៊ី។

លោកស្រី Brown បន្តថា អង្គការសហប្រជាជាតិនឹងបន្តការខិតខំធ្វើគ្រប់មធ្យោបាយឱ្យអស់ពីលទ្ធភាព ដើម្បីនាំយកជំនួយមនុស្សធម៌ទៅដល់ដៃប្រជាជនទាំងអស់ រួមទាំងជនរងទុក្ខវេទនា ដោយសារការបំផ្លិចបំផ្លាញទំនប់វារីអគ្គិសនី កាខូវកា ក្នុងតំបន់ខើសុន នាពេលថ្មីៗនេះ ដែលកំពុងត្រូវការជំនួយសង្គ្រោះជីវិតជាបន្ទាន់ មិនថាពួកគេនៅទីណាក៏ដោយ។

លោកស្រី Brown បានសង្កត់ធ្ងន់ទៀតថា យើងជំរុញឱ្យអាជ្ញាធររុស្ស៊ីធ្វើសកម្មភាពស្របតាមកាតព្វកិច្ចរបស់ពួកគេ ស្ថិតក្រោមច្បាប់មនុស្សធម៌អន្តរជាតិ។ ការវាយប្រហារលើទំនប់វារីអគ្គិសនី កាខូវកា កាលពីថ្ងៃទី០៦ ខែមិថុនា បានធ្វើឱ្យជន់លិចតំបន់ខើសុន ដែលក្រោមការគ្រប់គ្រងរបស់រុស្ស៊ី និងអ៊ុយក្រែន ដោយបង្ខំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួន និងបង្កឱ្យមានការភ័យខ្លាចចំពោះគ្រោះមហន្តរាយបរិស្ថាន។

ដោយឡែកកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ ក្រុមមន្ត្រីក្នុងតំបន់កាន់កាប់ដោយរុស្ស៊ីបានប្រកាសថា ចំនួនអ្នកស្លាប់ដោយសារការបាក់ទំនប់នេះបានកើនឡើងដល់ ២៩នាក់ ខណៈដែលអ៊ុយក្រែនបាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងទឹកដីរបស់ខ្លួនបានកើនឡើងដល់ ១៦នាក់ ហើយ៣១នាក់ទៀតនៅតែបន្តបាត់ខ្លួន។ ជុំវិញបញ្ហានេះ អ៊ុយក្រែនបានចោទរុស្ស៊ីថា បានបំផ្ទុះបំផ្លាញទំនប់វារីអគ្គិសនីនៅទន្លេឌីនីប្រូ នេះ ខណៈដែលរុស្ស៊ីបានទម្លាក់កំហុសលើអ៊ុយក្រែនវិញ៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner