ឥណ្ឌូណេស៊ី ទិញរ៉ាដាយោធារយៈចម្ងាយឆ្ងាយ ចំនួន ១៣ គ្រឿង ពីក្រុមហ៊ុនបារាំង Thales
ហ្សាការតា៖ ឥណ្ឌូណេស៊ីបានបញ្ជាទិញរ៉ាដាយោធារយៈចម្ងាយឆ្ងាយចំនួន ១៣ ពីក្រុមហ៊ុនផលិតប្រព័ន្ធអគ្គិសនីបារាំង Thales ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងឃ្លាំមើលដែនអាកាសនៅទូទាំងប្រជុំកោះរបស់ខ្លួន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ដែលដកស្រង់ការឱ្យដឹងរបស់ក្រុមហ៊ុន Thales និងក្រុមហ៊ុនការពារជាតិឥណ្ឌូនេស៊ី PT Len Industri កាលពីថ្ងៃអាទិត្យ។
ក្រុមហ៊ុនទាំងពីរ បាននិយាយក្នុងសេចក្ដីថ្លែងការណ៍រួមថា រ៉ាដាដែលឥណ្ឌូណេស៊ីបញ្ជាទិញ មានឈ្មោះ Ground Master 400 Alpha (GM400a) ដែលនឹងជួយយោធាឥណ្ឌូណេស៊ី ក្នុងការចាប់យករូបភាពដែនអាកាស ដើម្បីទប់ស្កាត់ការគំរាមកំហែងគ្រប់ប្រភេទ រាប់ចាប់តាំងពីយន្តហោះចម្បាំង និងមីស៊ីលរហូតដល់ឧទ្ធម្ភាគចក្រ និងដ្រូន។
បើតាម AFP តម្លៃកិច្ចសន្យាដែលមានរយៈពេលច្រើនឆ្នាំនេះ មិនត្រូវបានគេបង្ហាញឱ្យដឹងឡើយ ខណៈរ៉ាដានីមួយៗមានតម្លៃរាប់សិបលានដុល្លារ។
ប្រធានក្រុមហ៊ុន Thales International លោកស្រី Pascale Sourisse បានប្រាប់ AFP ថា GM400a គឺជារ៉ាដាចល័តអាចចាប់យករូបភាពបានក្នុងរយៈចម្ងាយ ៥១៥ គីឡូម៉ែត្រ និងរួមបញ្ចូលសមត្ថភាពបញ្ញាសិប្បនិម្មិត ដើម្បីគ្រប់គ្រងទិន្នន័យដ៏ច្រើន ដែលវាទទួលបាន។ លោកស្រីបន្តថា ការទិញរ៉ាដាជំនាន់ចុងក្រោយទាំង ១៣ គ្រឿងនេះ បង្ហាញពីការព្រួយបារម្ភរបស់ឥណ្ឌូណេស៊ី សម្រាប់ការត្រួតពិនិត្យដែនអាកាសជុំវិញ ដែលផ្សារភ្ជាប់ដោយផ្ទាល់ទៅនឹងស្ថានភាពនៅឥណ្ឌូប៉ាស៊ីហ្វិកបច្ចុប្បន្ន ដែលចិនកំពុងបង្កើនអំណាច។
គួរបញ្ជាក់ថា កិច្ចសន្យាទិញលក់ តម្រូវឱ្យក្រុមហ៊ុន Thales សាងសង់រ៉ាដា និងប្រព័ន្ធកុំព្យូទ័រសម្រាប់ដំណើរការព័ត៌មានដែលរ៉ាដាទទួលបាន ខណៈក្រុមហ៊ុន PT Len ទទួលបន្ទុកសាងសង់ស្ថានីយ៍ដែលឧបករណ៍នឹងត្រូវបានដំឡើង ក៏ដូចជាធាតុផ្សំមួយចំនួនរបស់រ៉ាដា។
គួរកត់សម្គាល់ថា ការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ បាននាំឱ្យមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងទីផ្សាររ៉ាដា ហើយលោកស្រី Sourisse បាននិយាយថា នេះជាមូលហេតុដែលក្រុមហ៊ុន Thales បានផ្លាស់ប្តូរអង្គភាពឧស្សាហកម្មរបស់ខ្លួន និងអភិវឌ្ឍសមត្ថភាពផលិតកម្មនៅក្នុងប្រទេសថ្មីៗ ក៏ដូចជាប្រទេសបារាំងផងដែរ៕
ដោយ៖ហួន ឌីណា ប្រភព៖ Indonesia orders 13 long-range military radars from Thales