អ.ស.ប ៖ រុស្ស៊ី​នៅ​តែ​បន្ត​បិទផ្លូវ​​ជំនួយ​សង្រ្គោះ​ទៅ​ប្រជាជន​រង​ផល​ប៉ះ​ពាល់​ដោយ​ទឹក​ជំនន់​បាក់​ទំនប់​វារីអគ្គិសនី​

​អ.ស.ប៖ អង្គការ​សហប្រជាជាតិ​(អ.ស.ប) បាន​ចោទ​ប្រកាន់​រុស្ស៊ី​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ នៅ​តែ​បន្ត​​បិទ​ផ្លូវ​ជំនួយ​មនុស្ស​ធម៌​ទៅ​កា​ន់​​ប្រជាជន​ដែល​រស់​នៅ​តំបន់​រង​ផល​ប៉ះ​ពាល់​ពីទឹក​ជំនន់​បាក់​ទំនប់​វារីអគ្គិសនី កាខូវកា​ ក្នុង​​​ភាគ​ខាង​កើត​នៃ​តំបន់​ឃើរសុនរបស់​អ៊ុយក្រែន​ ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​កង​​ទ័ព​រុស្ស៊ី​។ ​ ​

​ទំនប់​វារីអគ្គិសនី កាខូវកា ត្រូវ​បាន​គេ​បំផ្ទុះ​កាល​ពី​ថ្ងៃ​ទី​​៦ ខែ​មិថុនា​ ដែល​ធ្វើ​ឱ្យ​ទឹក​ជន​លិច​នៅ​តំបន់​ខាង​ក្រោ​មទំនប់​​​​ ដោយ​បង្ខំ​ឱ្យ​មាន​ការ​ជម្លៀស​ខ្លួន​ប្រជាជន​រាប់​ពាន់​នាក់​ ហើយ​បង្ក​ជា​ការ​ភ័យ​ខ្លាច​ចំពោះ​គ្រោះ​ម​ហន្តរាយ​បរិស្ថាន​​ ខណៈ​​អ៊ុយក្រែន​ និង​រុស្ស៊ី​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ពី​ការ​បំផ្លិច​បំផ្លាញ​។ ​

​អ្នក​សម្រប​សម្រួល​ផ្នែក​មនុស្ស​ធម៌​របស់​អ.ស.ប ​ប្រចាំ​ប្រទេស​អ៊ុយក្រែន​ លោកស្រី​​ ដេនីស ប្រោន(Denise Brown) ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​៖ «​រហូត​មក​ដល់​​ពេល​នេះ​ រដ្ឋាភិបាល​នៃ​សហព័ន្ធ​រុស្ស៊ី​បាន​បដិសេធ​សំណើ​របស់​យើង​ក្នុង​ការ​ចូល​ទៅ​កាន់​តំបន់[អ៊ុយក្រែន​]​ដែល​​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​យោធា​បណ្តោះ​អាសន្ន​របស់​ខ្លួន​»​។

​លោកស្រី​​ ប្រោន  បាន​និយាយ​ថា​​ ៖ «​អ.ស.បនឹង​បន្ត​ធ្វើ​ការ​ឱ្យ​​អស់​ពី​សមត្ថភាព​ ដើម្បី​​ជួ​យ​ប្រជាជន​ទាំង​អស់​ រួម​ទាំង​អ្នក​រង​ទុក្ខ​ដោយ​សារ​ការ​បំផ្លិច​បំផ្លាញ​ទំនប់​នា​ពេល​ថ្មី​ៗ​នេះ​ ដែល​ត្រូវ​ការ​ជំ​នួយ​សង្គ្រោះ​ជីវិត​ជា​បន្ទាន់​ មិន​ថា​ពួក​គេ​នៅ​ទីណា​ក៏​ដោយ​»​។លោក​ស្រី​បាន​បន្ថែម​ថា​​ ៖ «​យើង​ជំរុញ​ឱ្យ​អាជ្ញាធរ​រុស្ស៊ី​ ធ្វើ​សកម្មភាព​ស្រប​តាម​កាតព្វកិច្ច​របស់​ខ្លួន​ ក្រោម​ច្បា​ប់​មនុស្ស​ធម៌​អន្តរជាតិ​»​។

​កាល​ពី​ថ្ងៃ​សៅរ៍ ​ក្រុម​មន្ត្រី​នៅ​ក្នុង​តំបន់​កាន់​កាប់​ដោយ​រុស្ស៊ី​ បាន​ប្រកាស​ថា​​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ការ​បា​ក់​ទំនប់​នៅ​ខាង​ខ្លួន​ បាន​កើន​ឡើង​ដល់​ ២៩​ នាក់​ ខណៈ​ដែល​ទីក្រុង​កៀវ ​​បាន​និយាយ​ថា​ ចំនួន​អ្នក​ស្លាប់​នៅ​​ខាង​ខ្លួន​វិញ​ ​បាន​កើន​ឡើង​ដល់​ ១៦​ នាក់​ ហើយ​ ៣១​ នាក់​នៅ​តែ​បាត់​ខ្លួន​៕

ដោយ៖ហួន ឌីណា ប្រភព​៖ UN says Russia still blocking aid to dam breach victims  https://www.channelnewsasia.com/world/un-says-russia-still-blocking-aid-dam-breach-victims-3571156

ads banner