អាជីវកម្ម «ណែមយើង» នៅតែអាចរីកលូតលាស់បាន ទោះចាប់ផ្ដើមក្នុងកំលុងពេលនៃការរាត្បាតកូវីដក៏ដោយ
បាត់ដំបង៖ អាជីវកម្មមួយចំនួនធំបានបិទទ្វារអស់ជាច្រើនកន្លែងដោយសារតែវិបត្តិចំណូលដែលកើតមានឡើង ក្នុងកំលុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ។ដោយឡែកអាជីវកម្មផលិតណែមមួយកន្លែងបែរជាដើរផ្ទុយពីអាជីវកម្មផ្សេងៗ ដោយជំនួញមួយនេះចាប់ផ្ដើមក្នុងកំលុងផ្ទុះជំងឺកូវីដ១៩ តែអាចទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងបន្ទាប់ពីវិបត្តិសេដ្ឋកិច្ចនេះបានធូរស្រាល។
លោក សំ បូរិន ជាម្ចាស់អាជីវកម្ម “ណែមយើង” ដែលជាសិប្បកម្មផលិតណែមរសជាតិបាត់ដំបងបាននិយាយថា យើងចាប់ផ្ដើមនៅឆ្នាំ២០១៦ តែបើគិតជាការចាប់ផ្ដើមជាជីវកម្មពេញលេញតែម្ដងគឺនៅកំលុងពេលនៃការរីករាលជំងឺកូវីដ១៩ ពោលគឺនៅពេលមានវិបត្តិយើងចាប់ផ្ដើមធ្វើ។ លុះពេលសេដ្ឋកិច្ចដើរឡើងវិញគេក៏ស្គាល់យើងច្រើន។
លោកបន្តថា សម្រាប់សិប្បកម្មនេះមានអ្នកផលិតចំនួនប្រាំមួយនាក់ ហើយការផលិតប្រចាំថ្ងៃអាចផលិតបានប្រមាណ ៦០០-៧០០ កញ្ចប់ ឬថ្ងៃខ្លះមានការកុម្ម៉ង់ច្រើនអាចផលិតដល់ទៅ ១ ៥០០ កញ្ចប់ក៏មានដែរហើយលក់បោះដុំទៅតាមបណ្ដាលខេត្តស្ទើរទូទាំងប្រទេស ពិសេសទៅតាមបណ្ដាលផ្សារទំនើប ម៉ាត និងផ្សារធម្មជាតិដូចជា ឡាក់គី, ជីបម៉ុង, តេលា, កាល់តិច និងTotal Circle-K ជាដើម។
សម្រាប់ចំណុចពិសេសរបស់ផលិតផល «ណែមយើង» លោក សំ បូរិន បានបញ្ជាក់ថា ចំពោះផលិតផលយើង គឺពាក់ព័ន្ធនឹងអនាម័យ បើគ្មានអនាម័យក៏លក់អត់បានដែ។រ ទីមួយគឺអនាម័យនេះតែម្ដង។ ទីពីរគឺរសជាតិ។យើងផលិតណែមដោយមានការច្នៃមានការវេចខ្ចប់បានត្រឹមត្រូវតាមស្តង់ដារអាចលក់ក្នុងផ្សារទំនើបបាន។
ចំពោះផលិតផលណែម «សិប្បកម្មណែមយើង» មានផលិតផលចំបងៗបីប្រភេទគឺ ណែមសាច់ត្រីសុទ្ធ, ណែមសាច់ត្រីលាយស្បែកជ្រូក និងណែមស្បែកជ្រូកសុទ្ធ ដែលសុទ្ធតែមានរសជាតិឆ្ងាញ់ ផលិតពីវត្ថុធាតុដើមល្អៗ ពិសេសការផលិតមានកាលកំណត់ត្រឹមត្រូវ។
ពាក់ព័ន្ធនឹងការដឹកជញ្ជូនវិញ ម្ចាស់សិប្បកម្មរូបនេះរៀបរាប់ថា ការដឹកជញ្ជូន គឺខាងសិប្បកម្មរបស់លោក ដឹកនៅពេលដែលណែមមិនទាន់គ្រប់អាយុ។
លោកបានពន្យល់ថា ណែមមិនទាន់គ្រប់អាយុនេះ មានន័យថាណែមដែលយើងផលិតហើយ មានរយៈពេលបួនយប់បួនថ្ងៃ ទើបគ្រប់អាយុរបស់វា។ មានរជាតិជូរល្មម ។បន្ទាប់ពីគ្រប់អាយុហើយទើបគេត្រូវរក្សាទុកក្នុងទូទឹកកចៀសវាងណែមជូរជ្រុល ខូចគុណភាព ។លុះដាក់រក្សាទុកក្នុងកន្លែងត្រជាក់ហើយ គេអាចរក្សាទុកបានរយៈពេល ៩០ថ្ងៃបន្ថែមទៀត។
បើតាមការបញ្ជាក់ប្រាប់ពីម្ចាស់សិប្បកម្មណែម លោក សំ បូរិន ក៏មានគម្រោងទៅថ្ងៃអនាគត គឺលោកចង់គ្រប់គ្រងទីផ្សារបន្ថែម និងពង្រីកសមត្ថភាពផលិតឱ្យបានកាន់តែច្រើន ដើម្បីផ្គត់ផ្គង់ផលិតផលណែមបាត់ដំបងនេះរបស់លោកនេះ ទៅទូទាំងប្រទេសតែម្តង៕
ដោយ៖នី ស្រីពៅ

