សម្តេចតេជោ ហ៊ុន សែន បញ្ហាទឹក និងភ្លើង វាគ្រប់គ្រាន់ទេ សម្រាប់ការប្រើប្រាស់
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាទឹក និងភ្លើង គ្រប់គ្រាន់សម្រាប់ប្រើថ្ងៃនេះ ប៉ុន្តែវាមិនអាចគ្រប់គ្រាន់ សម្រាប់ថ្ងៃស្អែកទេ ដូច្នេះ កុំនិយាយពាក្យថា គ្រប់គ្រាន់ឱ្យសោះ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចតេជោ បានបន្តថា នៅពេលដែរយើង កំពុងអង្គុយនៅទីនេះ តើមានទារក ប៉ុន្មាននាក់ ដែលត្រូវកើត។ យើងកំពុងអង្គុយនេះ តើមានមនុស្សប៉ុន្មានគូ ដែលកំពុងរៀបការ។ អញ្ចឹង តែកាលណាចំនួនមនុ ស្សកើនឡើង តម្រូវការប្រើប្រាស់ នឹងកើនឡើង។
សម្ដេចថា នៅពេលដែលគេរៀបការ ច្បាស់ជាត្រូវការផ្ទះសំបែង និងកសាងក្រុម គ្រួសារ ដូច្នេះវាត្រូវតែមានការបំបែកផ្ទះ ហើយត្រូវការភ្លើង ត្រូវការទឹក ។ អញ្ចឹងទេ បានជាយើងដាក់ផែនការផលិតរបស់យើង ជាបន្តបន្ទាប់ មិនអាចនៅទ្រឹង មួយកន្លែងនោះទេ ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាល បានគិតគូរពីនយោបាយទឹកសម្រាប់ប្រជាពលរដ្ឋក្រីក្រ ក្នុងនោះអ្នកដែលប្រើប្រាស់ទឹកមិនលើស៧ម៉ែត្រគូប គឺតម្លៃទឹក១ម៉ែត្រគូបត្រឹម៤០០ រៀលប៉ុណ្ណោះ ហើយអ្នកដែលប្រើទឹកចាប់ពី៨ម៉ែត្រគូបដល់១៥ ម៉ែត្រគូបតម្លៃ៧២០រៀល ក្នុង១ម៉ែត្រគូបប៉ុណ្ណោះ ៕ អត្ថបទ ៖ ស៊ូ វណ្ណលុក ថត ៖ វេង លឹមហួត , សួង ពិសិដ្ឋ

