សម្ដេចតេជោ ហ៊ុន សែន៖ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន មិនអនុញ្ញាតឱ្យកាត់ចូល ជាក្រុងរបស់រាជធានីភ្នំពេញទេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន មិនអនុញ្ញាតឱ្យកាត់ចូលជាក្រុងរបស់រាជធានីភ្នំពេញទេ គឺបង្កើតជាក្រុងថ្មី សម្រាប់ខេត្តកណ្ដាល ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានប្រកាស បែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រ ព្រឹត្តកម្មទឹកស្អាត បាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានសម្រេចបង្កើតក្រុង ១ទៀត គឺ «ក្រុងសំពៅពូន» នៃខេត្តកណ្ដាល ដោយកាត់យក ៥ឃុំ ពីស្រុកកោះធំ។ អនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន បានកំណត់ថា ក្រុងសំពៅពូន មានសង្កាត់ចំនួន ៥ គឺ សង្កាត់ឈើខ្មៅ, សង្កាត់ព្រែកជ្រៃ, សង្កាត់ព្រែកស្ពឺ, សង្កាត់ជ្រោយតាកែវ និងសង្កាត់សំពៅពូន។ ទីតាំងរដ្ឋបាលក្រុងសំពៅពូន ត្រូវស្ថិតនៅក្នុងសង្កាត់សំពៅពូន។

កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចតេជោ ក៏បានសម្រេចបង្កើតក្រុង «ក្រុងអរិយក្សត្រ» នៃខេត្តកណ្តាល ដោយកាត់បញ្ចូលឃុំចំនួន ៦ នៃស្រុកខ្សាច់កណ្តាល និងឃុំចំនួន ៥ នៅស្រុកល្វាឯម ។

ក្រុងអរិយក្សត្រ ជាក្រុងទី២ របស់ខេត្តកណ្តាល ដែលមានសង្កាត់ចំនួន ១១ គឺ សង្កាត់បាក់ដាវ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រុំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង សង្កាត់ព្រែកក្មេង និងសង្កាត់បារុង។ ទីតាំងរដ្ឋបាល ក្រុងអរិយក្សត្រ ត្រូវស្ថិតនៅក្នុងសង្កាត់អរិយក្សត្រតែម្តង ។

ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល ក្រុងអរិយក្សត្រ ត្រូវអនុលោមតាម ច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕ អត្ថបទ ៖ ស៊ូ វណ្ណលុក ថត ៖ វេង លឹមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner