ប្រជាជន​ទុយនេស៊ី​​ រាប់​រយ​នាក់​ ធ្វើ​បាតុកម្ម​ទាម​ទារ​ឱ្យ​ដោះ​លែង​អ្នក​ទោស​នយោបាយ​

ទុយនីស៖ ប្រជាជន​ទុយនេស៊ី​ដែល​គាំទ្រ​​សម្ព័ន្ធ​ភាព​គណបក្ស​ប្រឆាំងរាប់​​​រយ​នាក់​ បាន​ចេញ​ធ្វើ​បាតុកម្ម​តវ៉ា​កាល​ពី​ថ្ងៃ​​អាទិត្យ​ ដើម្បី​ទាម​ទារ​ឱ្យ​មាន​ការ​ដោះ​លែង​អ្នក​ទោស​នយោបាយ​ប្រហែល​ ២០ នាក់​ ដែល​ជា​គូ​ប្រជែង​រ​បស់​លោក​ប្រធានាធិបតី​ ​កាអ៊ីស​​ សៃអ៊ីដ​ ​(Kais Saied)​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​បណ្ដាញ​ព័​ត៌មា​ន​ Al Jazeera។

បាតុកម្ម​តវ៉ា ដែល​ធ្វើ​ឡើង​នៅ​រដ្ឋ​ធានី​ទុយនីស​​ ត្រូវ​បាន​រៀប​ចំ​​ដោយ​សម្ព័ន្ធភាព​​របស់​គណបក្ស​​ប្រឆាំង​ ដែ​ល​មាន​ឈ្មោះ​ថា​ ​​​រណសិរ្ស​​សង្គ្រោះ​​ជាតិ​ ​ខណៈ​​មាន​ការ​ដាក់​ពង្រាយ​កង​កម្លាំង​សន្តិសុខ​ជា​ច្រើនពី​រដ្ឋាភិបាល​​ទុយនេស៊ី​ផងដែរ។ ​ ​

ក្រុម​បាតុករ​​​មាន​គ្នា​ប្រហែល​៣០០ នាក់​ ដោយ​ភាគ​ច្រើន​​កាន់​រូប​ថត​បុគ្គល​ដែល​ខ្លួន​ហៅ​ថា​ «អ្នក​ទោស​នយោបាយ​» ​ដើម្បី​​សម្ដែង​ការគាំទ្រ​លើ​អតីត​រដ្ឋ​មន្រ្តី​ ​​ឥស្សរជន​ធុរកិច្ច​ និង​បុគ្គល​​ផ្សេង​ទៀត​ ដែល​​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​តាំង​ពី​​​ខែ​កុម្ភៈ​។​ ក្រុមបាតុករ​ក៏​បាន​លើក​ស្លាក​ និង​បដារ​ផ្សេង​ទៀត​ ដែល​ចោទ​ប្រកាន់​លោក​ សៃអ៊ីដ​ ថា​ជា​ ជន​ផ្ដាច់​ការ​ និង​បំផ្លិច​បំផ្លាញ​ប្រទេស​ផង​ដែរ​។

​ជុំ​វិញ​ព្រឹត្តិការណ៍​ចុង​ក្រោយ​នេះ​ គេ​មិន​ឃើញ​មាន​​ការ​បក​ស្រាយ​យ៉ាង​ណា​នៅ​ឡើយ​ទេ​ ពី​រដ្ឋាភិបាល​រ​បស់​​លោក​ សៃអ៊ីដ​​ ដែល​ចាត់​ទុក​​បុគ្គល​​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​​ថា​ជា​ «ភេរវក​» ពាក់​ព័ន្ធ​នឹង​ «​ការ​ឃុប​ឃិត​ប្រឆាំង​នឹង​សន្តិសុខ​រដ្ឋ​»​។

គួរ​​បញ្ជាក់​ថា​ ទុយនេស៊ី ​គឺ​ជា​ប្រទេស​ប្រជាធិបតេយ្យ​តែ​មួយ​គត់​ដែល​បាន​ផុស​ចេញ​ពី​ការ​បះ​បោរ​​ «​​និទាឃ​រដូវ​អារ៉ាប់​» ដែល​រីក​រាល​ដាល​ក្នុង​តំបន់​កាល​ពី​ជាង​មួយ​ទសវត្សរ៍​មុន​។ ប៉ុន្តែ​ក្នុង​ខែ​កក្កដា​ ឆ្នាំ​ ២០២២ លោក​ សៃអ៊ីដ​ បាន​បង្កក​​ បន្ទាប់​មក​រំលាយ​សភា​ ហើយ​ធ្វើ​ការ​កាន់​អំណាច​ដោយ​ក្រឹត្យ​។

ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នោះ​ មាន​លោក​ Rached Ghannouchi ដែល​ជា​ប្រធាន​គណបក្ស​ Ennahdha ​​ដែល​​ជា​គណបក្ស​ដ៏​ធំ​បំផុត​នៅ​ក្នុង​សភា ​មុន​ពេល​ លោក​ សាអ៊ីដ​ ចូលកាន់​អំណាច​។ កាល​ពី​ថ្ងៃ​សុក្រ ​មន្ត្រី​ប្រឆាំង​ភេរវកម្ម​បាន​សាក​សួរ​លោក​ Ghannouchi ​រយៈ​ពេល​​៣​ម៉ោង​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើប​អង្កេត​លើ​ការ​អះ​អាង​​ពី​ការ​រៀប​ចំ​ «​ផែនការ​ប្រឆាំង​នឹង​សន្តិសុខ​រដ្ឋ​»។

​លោក​ Ahmed Nejib Chebbi ​ដែល​​​ជា​​ប្រធាន​​រណសិរ្ស​​សង្គ្រោះ​​ជាតិ​ ​បាន​​ប្រាប់​​ក្រុម​​បាតុករ​​ថា​ អ្នក​ទោស​នយោបាយ​ ​​«​ត្រូវ​​បា​ន​​ចាប់​​ដាក់​​ពន្ធនាគារ​​​ដោយ​​​សារ​​ ​តែ​​ពួក​គេ​​បាន​​​ប្រើ​​សិទ្ធិ​​ស្រប​​ច្បាប់​​របស់​​ពួក​គេ​​ក្នុង​​ការ​​ប្រឆាំង​»៕

ដោយ៖ហួន ឌីណា

ប្រភព​៖ Tunisia protesters demand release of ‘political prisoners’  https://www.aljazeera.com/news/2023/6/18/tunisia-protesters-demand-the-release-of-political-prisoners

ads banner