អ្នកដាំដូងខ្ទិះថា ដូងខ្ទិះមានទីផ្សារខ្ពស់ ងាយស្រួលថែទាំ និងប្រមូលផលបានយូរឆ្នាំ
បាត់ដំបង៖ ដូងជាដំណាំពហុប្រយោជន៍នៅក្នុងសង្គមខ្មែរតាំងពីយូរយារណាស់មកហើយ ដែលប្រជាជនខ្មែរនិយមដាំដើម្បីទាញប្រយោជន៍ជាផ្លែ ទឹក ស្លឹក និងខ្ទិះសម្រាប់ប្រើជាគ្រឿងផ្សំចម្អិនម្ហូប និងបង្អែមស្ទើរគ្រប់ប្រភេទ។ បច្ចុប្បន្ននេះ នៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា កសិករបានងាកមកដាំដំណាំដូងមួយប្រភេទគឺដូងខ្ទិះ ដែលជាដូងកម្រ មានទីផ្សារល្អ និងទទួលផលបានយូរឆ្នាំ។
ដូងខ្ទិះជាប្រភេទដូងដែលមានសាច់ក្រាស់ ទន់ស្រដៀងផ្លែត្រសក់ស្រូវទុំ មានក្លិនក្រអូបប្រហើរគួរឱ្យចង់ទទួលទាន ។អាចបរិភោគសាច់ដោយផ្ទាល់ក៏បាន ឬយកទៅធ្វើបង្អែមជាមួយផ្លែឈើផ្សេងក៏បាន។
ស្ថិតនៅភូមិអំបែងថ្ងែ ស្រុកសង្កែ ខេត្តបាត់ដំបង អ្នកស្រី អឹម ធិច ជាកសិករដែលកំពុងដាំដុះ ដូងខ្ទិះតឿ និងដូងខ្ទិះបុរាណលើផ្ទៃដីប្រមាណពីរហិកតា។អ្នកស្រីបានឱ្យដឹងថា ដូងខ្ទិះជាប្រភេទដូងដែលងាយស្រួលដាំដុះ ងាយស្រួលថែទាំ មានទីផ្សារល្អ ហើយអាចលក់ក្នុងតម្លៃថ្លៃ។ ដូងខ្ទិះ ជាដូងសាច់ពេញមួយដូងតែម្ដង មានរសជាតិឆ្ងាញ់ និងជំនួយសុខភាព ហើយការដាំដូងខ្ទិះងាយស្រួលលក់ទៅលើទីផ្សារ មិនថាតែពេលបានខ្ទិះ ឬអត់នោះទេ។
អ្នកស្រី បានរៀបរាប់ថា ការដាំដូងខ្ទិះនេះប្រៀបដូចជាការសន្សំទ្រព្យទុកអញ្ចឹង។ ដំណាំប្រភេទនេះមិនចំណាយច្រើនក្នុងការថែទាំ ចំណែកចំណូលដែលទទួល អ្នកស្រីអាចយកទៅផ្គត់ផ្គង់គ្រួសារយ៉ាងសម្បូរបែប និងសល់មួយចំនួនយកទៅពង្រីកការដាំដុះរបស់ខ្លួនបន្តទៀត។
កសិកររូបនេះបញ្ជាក់ថា ចម្ការដូងខ្ទិះពីរហិកតារបស់អ្នកស្រី គឺផ្គត់ផ្គង់ទីផ្សារមិនគ្រប់គ្រាន់នោះទេបច្ចុប្បន្ននេះ មិនថាទាំងមានខ្ទិះ និងទឹកទេ ពេលណាដែលបានផលគឺគេយកអស់ៗតែម្ដង។
អ្នកស្រី អឹម ធិច បានឱ្យដឹងទៀតថា សម្រាប់ដូងខ្ទិះមួយផ្លែអាចលក់បានក្នុងតម្លៃប្រមាណបីម៉ឺនរៀល ដែលគេអាចច្នៃទៅជាភេសជ្ជៈក្រឡុករហូតដល់ទៅ ១០កែវឯណោះ។ ចំណែក ពេលគ្មានខ្ទិះគឺអាចលក់បានមយយផ្លែ តម្លៃប្រាំពាន់រៀល គឺភាគច្រើនលក់មកកាន់រាជធានីភ្នំពេញ។
ដ្បិតថាមានឈ្មោះដូងខ្ទិះ តែមិនប្រាកដរាល់ផ្លែទាំងអស់ជាដូងខ្ទិះនោះទេ។ អ្នកស្រី អឹម ធិច និយាយថា ផលដែលទទួលបានពីដូងខ្ទិះមិនទៀងនោះទេ ជួនកាលក្នុងមួយធ្លាយអាចមានខ្ទិះត្រឹមបីផ្លែប៉ុណ្ណោះដោយ វាជារឿងធម្មជាតិ។ ចំណែកផ្លែធម្មតាអាចលក់ទៅកាន់ទីផ្សារ និងមានតម្លៃខ្ពស់ជាងដូងទូទៅ។
ទាក់ទិនទៅនឹងការដាំដុះ កសិករនៅស្រុកសង្កែរូបនេះថា ដូងខ្ទិះតឿដែលអ្នកស្រីបានដាំត្រូវប្រើពេលប្រមាណបីឆ្នាំទើបអាចទទួលផលបាន។ប៉ុន្តែអត្រាទទួលផងសងវិញគឺអាចបានរហូតដល់៦០ឆ្នាំឯណោះ។
អ្នកស្រី អឹម ធិច បានឱ្យដឹងទៀតថា សម្រាប់ការថែទាំ មិនមានផលពិបាកក្នុងការថែទាំនោះទេ នៅពេលដែលរៀបប្រព័ន្ធទឹកបានល្អ ត្រឹមត្រូវហើយ គឺគេអាចដាំចោលបាន ដោយត្រូវការត្រួតពិនិត្យ ឬបាញ់ថ្នាំក្នុងរដូវដែលសម្បូរដង្កូវប៉ុណ្ណោះ។
អ្នកស្រីបន្ត សម្រាប់ថ្លៃដើមក្នុងការដាំ ពូជដូងខ្ទិះក្នុង មួយដើម អាចតម្លៃប្រមាណបួនម៉ឺនរៀល ក៏ប៉ុន្តែមុនទទួលផលដូងនោះ គេក៏អាចដាំដំណាំចម្រុះក្នុងចម្ការនោះ ដើម្បីទទួលបានផលវិលជុំផងដែរ។
អ្នកស្រីចង់ឃើញពលរដ្ឋចេះច្នៃអ្វីដែលខ្លួនមានឱ្យកើតជាចំណូលដល់ខ្លួនឯង ក្រោយសង្កេតឃើញថាប្រជាជនជាច្រើននៅក្នុងតំបន់របស់ខ្លួនចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ។
អ្នកស្រីថ្លែងដូច្នេះថា បើទោះបីជាការងារជាកសិករមិនអាចក្លាយជាអ្នកមាន ឬសេដ្ឋីក៏ដោយ តែយើងក៏មិនចាំបាច់ត្រូវចំណាកស្រុក ស៊ីឈ្នួលឱ្យគេនោះឡើយ ព្រោះចម្ការក៏អាចផ្ដល់ចំណូលជាប្រចាំមិនចេះរីងស្ងួត ប្រសិនបើយើងចេះកែច្នៃ និងមានភាពវ័យឆ្លាត។
លើសពីនេះ កសិករជាស្រ្តីរូបនេះបានបង្ហើបឱ្យដឹងថា អ្នកស្រីមានបំណង កែប្រែកសិដ្ឋានទំហំពីរហិកតារបស់ខ្លួនទៅជាតំបន់កសិទេសចរណ៍សម្រាប់ភ្ញៀវបរទេសមកទស្សនាកម្សាន្ត ព្រោះតំបន់របស់អ្នកស្រីជាដែនដីទេសចរណ៍ ហើយចម្ការដូងខ្ទិះមិនដែលមានឡើយនៅអឺរ៉ុប ពោលគឺមានតែនៅអាស៊ីអាគ្នេយ៍ដែលនេះវាក៏ជាចំណុចទាក់ទាញដែលអាចទាញចំណូលពីទេសចរណ៍បានផងដែរ។
គួរបញ្ជាក់ថា «ដូងខ្ទិះបាត់ដំបង» ត្រូវបានក្រសួងពាណិជ្ជកម្ម សម្រេចជ្រើសរើសដើម្បីចុះបញ្ជីម៉ាកសមូហភាពដើម្បីជួយធានានិរន្តរភាព ក៏ដូចជារក្សាបាននូវអត្ថប្រយោជន៍ដល់ប្រជាកសិករ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងរួមចំណែកផ្សព្វផ្សាយពីទំនៀមទម្លាប់វប្បធម៌ និងប្រពៃណីក្នុងតំបន់ទៅកាន់ឆាកអន្តរជាតិ កាលពីខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ៕ ដោយ៖ស្រ៊ុន សិរីវឌ្ឍនៈ