សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្ងៃចុះជួបជាមួយកម្មករ-កម្មការិនី ក្រោយការបោះឆ្នោតបន្តទៀត
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ រួចរាល់ សម្ដេចនឹងចុះជួបជាមួយកម្មករ-កម្មការិនី ជាបន្តទៀត។
សម្ដេចតេជោ បានបញ្ជាក់ថា ក្រោយបោះឆ្នោត ខ្ញុំនឹងចុះ១០កន្លែងទៀត ខ្ញុំដាក់ក្នុងកម្មវិធីហើយ។ បោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខ្ញុំដាក់កម្មវិធីថ្ងៃទី២៧ ខែកក្កដា ខ្ញុំនឹងចាប់ផ្ដើមជួបកម្មករ-កម្មការិនីបន្ដទៀត។
សម្ដេច ថា ការចុះជួបនេះ គឺចង់ពិនិត្យអ្វីដែលជាសមទ្ធិផល នៅជុំទី១ ដែល បានជួបកម្មករ ហើយដោះស្រាយបញ្ហាឲ្យពួកគាត់ និងចាប់ផ្ដើមឈានចូល ក្នុងដំណាក់កាល អនុវត្ដនយោបាយគាំទ្រសង្គម ទៅលើបញ្ហាស្ដ្រីមានផ្ទៃពោះ រហូតទៅដល់កូនអាយុ២ឆ្នាំ ដែលត្រូវចាប់ផ្ដើមពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។
ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា រឿងទាំងអស់នេះ មិនមានជារឿងងាយស្រួលនោះទេ សម្រាប់នាយករដ្ឋមន្ដ្រី នៅប្រទេសកម្ពុជា ខណៈដែលប្រទេសនានា ដែលជានាយករដ្ឋមន្ដ្រី និងប្រធានាធិបតី ឡើងមកគឺស្រួល ព្រោះមានទាំងអស់។
ការប្រកាសរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ រោងចក្រផលិតទឹកស្អាតបាក់ខែងជំហាន ដែលជា រោងចក្រផលិតទឹកស្អាតធំជាងគេនៅកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង ៣សៀល ៕
អត្ថបទ ៖ ស៊ូ វណ្ណលុក ថត ៖ វេង លឹមហួត , សួង ពិសិដ្ឋ