AVIVoice Ep128: ភាពច្បាស់លាស់ និងផលប៉ះពាល់នៃយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូងក្នុងតំបន់

រដ្ឋបាលទីក្រុងសេអ៊ូលហាក់ងាកមកផ្ដល់តម្លៃមកកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកកាន់តែខ្លាំង បូករួមទាំងវេទិការអាស៊ានផងដែរ ដែលការណ៍នេះ ធ្វើឱ្យវត្តមានរបស់កូរ៉េខាងត្បូងកាន់តែមានឥទ្ធិពល និងការមើលឃើញពីក្រសែរភ្នែករបស់មហាអំណាចនិងបណ្ដាប្រទេសនានាក្នុងតំបន់។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ទន់ លីណាសុផាឬទ្ធិ នឹងពន្យល់អំពីផលប៉ះពាល់នៃយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូងចំពោះប្រទេសចិន និងភាពប្រទាក់ក្រឡាគ្នារវាងយុទ្ធសាស្រ្តនេះជាមួយនឹងវេទិការតំបន់អាស៊ាន ក៏ដូចជាភាពច្បាស់លាស់រួមទាំងការប្ដេជ្ញាចិត្តរបស់កូរ៉េចំពោះឥណ្ឌូ-ប៉ាស៊ីហ្វិក។

សំណួរទី ១៖ យើងអាចសង្កេតមើលឃើញបានថា ក្រោមការដឹកនាំនៃរដ្ឋបាលរបស់លោក Yoon Suk-yeol បានបង្កើននូវភាពស្និតស្នាលជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់កាន់តែខ្លាំងឡើងនិងគួរឱ្យកត់សម្គាល់ នោះគឺស.រ.អ. ហើយជាពិសេសនោះ គឺការបង្វែរនូវវត្តមានរបស់កូរ៉េខាងត្បូងឱ្យកាន់តែខ្លាំងទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ។ ពាក់ព័ន្ធទៅនឹងចំនុចនេះ តើការដាក់ចេញនូវយុទ្ធសាស្រ្តរបស់ទីក្រុងសេអ៊ូលទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមានភាពច្បាស់លាស់យ៉ាងដូចម្ដេចខ្លះ?

ពិតហើយដូចខ្ញុំបានលើកឡើងកាលពីសប្ដាហ៍មុននេះ យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូងមានគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយតំបន់ និងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយបណ្តាប្រទេសដៃគូរបស់ខ្លួន។ ហើយជាពិសេសការផ្តោតសំខាន់របស់យុទ្ធសសាស្រ្តដ៏ថ្មីមួយនេះ គឺផ្តោតលើគោលនយោបាយភាគខាងត្បូងថ្មីនៃគោលនយោបាយការបរទេសរបស់រដ្ឋបាលទីក្រុងសេអ៊ូល ដែលសំដៅស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសដូចជា ឥណ្ឌា បណ្តាប្រទេសនៅអាស៊ាន និងអូស្ត្រាលីជាដើម រួមជាមួយនឹងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការអាស៊ីឦសាន (Northeast Asia Cooperation Initiative) ដែលស្វែងរកការលើកកម្ពស់កិច្ចសហប្រតិបត្តិការត្រីភាគីរវាងកូរ៉េខាងត្បូង ជប៉ុន និងចិន។

បន្ថែមពីលើនេះ ការសង្កត់ធ្ងន់របស់កូរ៉េខាងត្បូងលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកត្រូវបានជំរុញដោយកត្តាជាច្រើន រួមទាំងសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់តំបន់ សក្តានុពលសម្រាប់កំណើនសេដ្ឋកិច្ច និងតម្រូវការក្នុងការធ្វើឱ្យមានតុល្យភាពទំនាក់ទំនងជាមួយមហាអំណាចជិតខាងដូចជាចិន និងជប៉ុនជាដើម។ យ៉ាងណាមិញ កូរ៉េខាងត្បូងមានការប្ដេជ្ញាចិត្តយ៉ាងខ្លាំងចំបោះយុទ្ធសាស្រ្តរបស់ខ្លួនទៅកាន់តំបន់ដ៏លេចធ្លោមួយនេះ ក្នុងការស្វែងរងនូវផលប្រយោជន៍រួមសម្រាប់ការអភិវឌ្ឍន៍ជាតិ និងជម្រុញកំណើនសេដ្ឋកិច្ចក្នុងស្រុកនិងតំបន់ផងដែរ ហើយដើម្បីសម្រេចបាននូវគោលបំណងទាំងអស់នេះ រដ្ឋបាលរបស់លោក Yoon មានបំណងក្នុងការលើកកម្ពស់យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួនតាមរយៈបណ្តាញផ្សេងៗ ដែលយើងអាចឃើញមានដូចជាកិច្ចសន្ទនាទ្វេភាគី និងពហុភាគី ការចូលរួមផ្នែកសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការសន្តិសុខផងដែរ។ ឧទាហរណ៍ជាក់ស្ដែង កូរ៉េខាងត្បូងបានចូលរួមយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើមក្នុងតំបន់ដូចជាវេទិកាតំបន់អាស៊ាន (ASEAN Regional Forum) និងកិច្ចសន្ទនាសន្តិសុខចតុភាគី (Quadrilateral Security Dialogue – the QUAD) ក៏ដូចជាការស្វែងរកច្រកថ្មីសម្រាប់កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសឥណ្ឌូប៉ាស៊ីហ្វិកផ្សេងៗទៀត។

សរុបមក យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកក្រោមរដ្ឋបាលរបស់លោក Yoon Suk-yeol ឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍ដែលកំពុងកើនឡើងនៅក្នុងតំបន់ និងបំណងប្រាថ្នារបស់ខ្លួនក្នុងការចូលរួមយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅសេដ្ឋកិច្ច និងសន្តិសុខរួមគ្នា។ ហើយសកម្មភាពដែលខ្ញុំបាលរៀបរាប់ខាងលើនេះ វាអាចបញ្ជាក់យ៉ាងច្បាស់អំពីការប្ដេជ្ញា និងការតាំងចិត្តរបស់កូរ៉េក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទាំងទ្វេភាគី និងពហុភាគីក្នុងតំបន់ ជាពិសេសភាពច្បាស់លាស់នៃយុទ្ធសាស្រ្តរបស់ខ្លួន ដើម្បីរួមចំណែកដល់ថែរក្សាសន្តិភាព ស្ថេរភាព និងវិបុលភាពក្នុងតំបន់ផងដែរ។

សំណួរទី ២៖ តើយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់រដ្ឋបាលទីក្រុងសេអ៊ូលមួយនេះមានន័យយ៉ាងណាចំពោះចិន?

មែនទែនទៅ បើទោះបីជាពេលថ្មីៗនេះ ប្រទេសចិនបានរិះគន់វិធីសាស្រ្ត approach របស់រដ្ឋាភិបាលលោក Yoon ទៅកាន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយចោទប្រកាន់ថាកូរ៉េខាងត្បូងដើរតាម និងធ្វើតាមយុទ្ធសាស្រ្តទីក្រុងវ៉ាស៊ីនតោនដោយងងឹតងងុលក៏ដោយ ក៏ប៉ុន្តែការឆ្លើយតបជាផ្លូវការរបស់ប្រទេសចិនចំពោះយុទ្ធសាស្ត្រចុងក្រោយបំផុត គឺមានលក្ខណៈមិនច្បាស់លាស់នោះទេ។

យ៉ាងណាមិញ យើងអាចប្រមើរមើលបានថា យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់កូរ៉េខាងត្បូងគឺពិតជា​មាន​ឥទ្ធិពល​ជាច្រើន​សម្រាប់​ចិន។ ប្រទេសចិនចាត់ទុកតំបន់នេះជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់ ហើយបានអនុវត្តគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ខ្លួន (BRI) ដើម្បីពង្រីកឥទ្ធិពល និងផលប្រយោជន៍សេដ្ឋកិច្ចក្នុងតំបន់។ ក្នុងន័យនេះ ការផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងរបស់កូរ៉េខាងត្បូងលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិកអាចធ្វើអោយទំនាក់ទំនងរបស់ចិនមានភាពស្មុគស្មាញជាមួយប្រទេសជិតខាងរបស់ខ្លួន ហើយអាចមានផលប៉ះពាល់ជាច្រើនចំពោះផលប្រយោជន៍របស់ចិននៅក្នុងតំបន់ផ្ទាល់។

ជាក់ស្ដែង យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ទីក្រុងសេអ៊ូលអាចប្រឈមនឹងមហិច្ឆតា និងឥទ្ធិពលក្នុងតំបន់របស់ទីក្រុងប៉េកាំង ដោយប្រទេសចិនព្យាយាមបង្កើតការគ្រប់គ្រងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រនៅក្នុងតំបន់ តាមរយៈគំនិតផ្តួចផ្តើមដូចជា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងការបង្កើនសកម្មភាពយោធានៅសមុទ្រចិនខាងត្បូងជាដើម។ ហើយការផ្តោតអារម្មណ៍របស់កូរ៉េខាងត្បូងលើឥណ្ឌូប៉ាស៊ីហ្វិកអាចកំណត់នូវសមត្ថភាពរបស់ចិនក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ និងបង្ហាញពីបញ្ហាប្រឈមចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការរៀបចំកិច្ចការក្នុងតំបន់នានាផងដែរ។

លើសពីនេះ ទំនាក់ទំនងកាន់តែស៊ីជម្រៅរបស់កូរ៉េខាងត្បូងជាមួយអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកអាចប៉ះពាល់ដល់តុល្យភាពយុទ្ធសាស្ត្ររបស់ចិនជាមួយអាមេរិក។ ជាឧទាហរណ៍ជាក់ស្ដែង កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរបស់កូរ៉េខាងត្បូងជាមួយសហរដ្ឋអាមេរិក រួមទាំងការចូលរួមក្នុងសមយុទ្ធយោធារួមគ្នា និងប្រព័ន្ធការពារមីស៊ីល អាចត្រូវបានមើលឃើញដោយប្រទេសចិនថាជាមធ្យោបាយមួយដើម្បីទប់ស្កាត់វត្តមានក្នុងតំបន់របស់ខ្លួន។

ចំនុចនៃផលប៉ះពាល់មួយទៀតនោះគឺ យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូងក៏អាចជះឥទ្ធិពលអវិជ្ជមានដល់ផលប្រយោជន៍សេដ្ឋកិច្ចរបស់ចិននៅក្នុងតំបន់ផងដែរ ដោយយើងមើលឃើញថា កិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងត្បូងក្នុងការពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបណ្តាប្រទេសអាស៊ាន ក៏ដូចជាការពង្រីកវត្តមានសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងតំបន់អាចប្រឈមនឹងឥទ្ធិពលសេដ្ឋកិច្ច និងការវិនិយោគរបស់ចិននៅក្នុងតំបន់ផ្ទាល់។

ជារួម យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូងបង្ហាញទាំងឱកាស និងបញ្ហាប្រឈមសម្រាប់ប្រទេសចិន។ ខណៈពេលដែលយុទ្ធសាស្រ្តនេះអាចកំណត់សក្តានុពលនៃមហិច្ឆតាក្នុងតំបន់របស់ប្រទេសចិន និងប្រកួតប្រជែងផលប្រយោជន៍របស់ខ្លួននៅក្នុងតំបន់នោះ វាក៏បង្ហាញពីឱកាសសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខរវាងចិន និងកូរ៉េខាងត្បូងផងដែរ។

សំណួរទី ៣៖ ដូចបានដឹងរួចហើយថាកូរ៉េខាងត្បូងកាលពីពេលថ្មីៗនេះ បានបង្កើននិងពង្រឹងនូវទំនាក់ទំនងជាមួយនឹងអាស៊ានដែលជាតំបន់ដែលមានសក្ដានុពលក្នុងការជម្រុញការអភិវឌ្ឍន៍របស់កូរ៉េខាងត្បូងផ្ទាល់តែម្ដង។ ពាក់ព័ន្ធទៅនឹងចំនុចនេះ តើយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកនេះអាចនឹងផ្ដល់នូវផលប៉ះពាល់អ្វីខ្លះដល់តំបន់អាស៊ានជាពិសេស?

ក្រៅពីការជះឥទ្ធិពលដល់មហាអំណាចក្នុងតំបន់ យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់ទីក្រុងសេអ៊ូលក៏​មាន​ឥទ្ធិពល​ជាច្រើនដល់​អាស៊ានផងដែរ។ អាស៊ានគឺជាសសរស្តម្ភដ៏សំខាន់មួយនៃគោលនយោបាយភាគខាងត្បូងថ្មីរបស់កូរ៉េខាងត្បូង ហើយប្រទេសនេះបានចូលរួមយ៉ាងសកម្មជាមួយបណ្តាប្រទេសអាស៊ានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងគាំទ្រស្ថិរភាពក្នុងតំបន់។

នៅក្នុងន័យមួយ​គឺ​ថា អាស៊ាន​ទំនង​ជា​ក្លាយ​ជា​ដៃគូ​យ៉ាងសំខាន់​សម្រាប់​កូរ៉េខាងត្បូង​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ នោះគឺដោយសារតែ កូរ៉េខាងត្បូង​កំពុង​សម្លឹង​មើល​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន ជាពិសេស​ក្នុង​វិស័យ​ដូចជា​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និង​ការវិនិយោគជាដើម។ ហើយភាគីទាំងពីរក៏កំពុងស្វែងរកកាលានុវត្តភាពដើម្បីបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដូចជាតាមរយៈវិស័យទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌ជាដើម។

ផលប៉ះពាល់មួយទៀតនោះគឺ ការចូលរួមរបស់កូរ៉េខាងត្បូងជាមួយអាស៊ាន អាចជួយធ្វើឱ្យមានតុល្យភាពរវាងមហាអំណាចប្រកួតប្រជែងក្នុងតំបន់ រួមទាំងប្រទេសចិន និងជប៉ុនផងដែរ។ តាមរយៈ​ការពង្រឹង​ទំនាក់ទំនង​ជាមួយ​អាស៊ាននេះទៀតសោធ កូរ៉េខាងត្បូង​ស្ថិតក្នុង​ស្ថានភាព​ល្អប្រសើរ​ក្នុង​ការចូលរួមដោះស្រាយភាពស្មុគស្មាញ​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់ និង​បន្ត​ផលប្រយោជន៍​របស់ខ្លួន​ក្នុង​តំបន់។

មួយវិញទៀត យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកមួយនេះមានសក្តានុពលក្នុងការផ្តល់ផលប្រយោជន៍ដល់អាស៊ានតាមមធ្យោបាយមួយចំនួន។ ជាឧទាហរណ៍ ការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាចជួយជំរុញកំណើន និងការអភិវឌ្ឍន៍ក្នុងបណ្តាប្រទេសអាស៊ាន។ កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខកាន់តែជិតស្និទ្ធក៏អាចបង្កើនស្ថិរភាពក្នុងតំបន់ និងជួយដោះស្រាយបញ្ហាប្រឈមរួម ដូចជាសន្តិសុខដែនសមុទ្រ និងការគំរាមកំហែងសន្តិសុខមិនប្រពៃណីជាដើម។

ពិតមែនហើយ ក្នុងរយៈពេលខ្លី វាអាចជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខរវាងភាគីទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលវែងទៅមុខទៀត អាស៊ានប្រហែលជាត្រូវគិតគូរយ៉ាងម៉ត់ចត់អំពីរបៀបរបបថាតើយុទ្ធសាស្ត្ររបស់កូរ៉េខាងត្បូងសមនឹងផលប្រយោជន៍របស់មហាអំណាចក្នុងតំបន់ និងអាទិភាពផ្ទាល់ខ្លួនសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់យ៉ាងដូចម្ដេចខ្លះ ដើម្បីជាឈ្នាន់មួយសម្រាប់រក្សានូវផលប្រយោជន៍រួម ក្រោមកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងតំបន់។

សំណួរទី ៤៖  ផ្ទាប់ជាមួយនឹងសំណួរខាងលើ កូរ៉េខាងត្បូងទើបតែប្រកាស់ដាក់ចេញនូវនូវគំនិតផ្តួចផ្តើមសាមគ្គីភាពកូរ៉េ-អាស៊ាន (Korean-ASEAN Solidarity Initiative – KASI) កាលពីកិច្ចប្រជុំកំពូលអាស៊ានកាលពីឆ្នាំ២០២២ កន្លងទៅនៅទីក្រុងភ្នំពេញ ដែលគំនិតផ្ដួចផ្ដើមមួយនេះ នឹងត្រូវប្រើជាវេទិការសម្រាប់កិច្ចសហប្រតិបត្តិការដែលបានបង្កប់នៅក្នុងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ទីក្រុងសេអ៊ូល ហើយមានគោលបំណងអភិវឌ្ឍការផ្លាស់ប្តូរសេដ្ឋកិច្ចរវាងប្រទេសកូរ៉េខាងត្បូង និងរដ្ឋសមាជិកអាស៊ាន (ASMs)។ ផ្ទាប់ជាមួយគ្នានេះ តើយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូង មានភាពស្របគ្នាយ៉ាងដូចម្ដេចខ្លះទៅនឹងគំនិតផ្តួចផ្តើមសាមគ្គីភាពកូរ៉េ-អាស៊ាន យ៉ាងដូចម្តេច?

បាទដូចកញ្ញាលើកឡើងអម្បាញមិញនេះ គំនិតផ្តួចផ្តើមសាមគ្គីភាពកូរ៉េ-អាស៊ាន (KASI) គឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូង។ ពិតហើយ គំនិតផ្តួចផ្តើមនេះមានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូកាន់តែច្រើនរវាងប្រទេសកូរ៉េខាងត្បូង និងបណ្តាប្រទេសអាស៊ានក្នុងវិស័យផ្សេងៗ រួមទាំងពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងវប្បធម៌។

មធ្យោបាយសំខាន់មួយ ដែលយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូង មានភាពស្របតាម គំនិតផ្ដួចផ្ដើម KASI គឺថា គំនិតផ្តួចផ្តើមទាំងពីរផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការធ្វើសមាហរណកម្មរវាងប្រទេសកូរ៉េខាងត្បូង និងប្រជាជាតិអាស៊ីអាគ្នេយ៍។ ជាក់ស្ដែង KASI ស្វែងរកការធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរវាងកូរ៉េខាងត្បូង និងអាស៊ាន តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ទូលំទូលាយ ខណៈដែលយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូងក៏បានសង្កត់ធ្ងន់យ៉ាងខ្លាំងលើការចូលរួមផ្នែកសេដ្ឋកិច្ចជាមួយបណ្តាប្រទេសអាស៊ានផងដែរ។

បន្ថែមពីលើនេះ គំនិតផ្តួចផ្តើមទាំងពីរក៏ផ្តោតលើការលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងការពង្រឹងទំនាក់ទំនងវប្បធម៌រវាងប្រទេសកូរ៉េខាងត្បូង និងប្រជាជាតិអាស៊ីអាគ្នេយ៍ផងដែរ។ KASI មានគោលបំណងលើកកម្ពស់ការយល់ដឹង កាន់តែស៊ីជម្រៅនៃវប្បធម៌កូរ៉េ និងអាស៊ាន តាមរយៈគំនិតផ្តួចផ្តើមដូចជាពិធីបុណ្យវប្បធម៌ កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាភាសាជាដើម។ ដូចគ្នានេះដែរ យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូង ស្វែងរកការពង្រីកទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងកម្មវិធីផ្លាស់ប្តូរវប្បធម៌រវាងកូរ៉េខាងត្បូង និងបណ្តាប្រទេសអាស៊ាន។

ហើយចំនុជដ៏សំខាន់មួយទៀតនោះផងដែរ ទាំងគំនិតផ្តួចផ្តើមសាមគ្គីភាពកូរ៉េ-អាស៊ាន និងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូង មានគោលបំណងពង្រឹងសន្តិសុខ និងស្ថិរភាពក្នុងតំបន់ ដោយជំរុញកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងលើបញ្ហាសន្តិសុខមិនមែនប្រពៃណី ដូចជាគ្រោះមហន្តរាយធម្មជាតិ ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (Cybercrime) និងអំពើភេរវកម្មជាដើម។ ហើយកូរ៉េខាងត្បូងក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការពង្រឹងសន្តិសុខដែនសមុទ្រនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលជាផ្នែកសំខាន់នៃការព្រួយបារម្ភសម្រាប់បណ្តាប្រទេសអាស៊ាន និងបណ្ដាប្រទេសនានាក្នុងតំបន់ផងដែរ។

ជារួម យើងអាចសម្រុបបានថា យុទ្ធសាស្ត្រ KASI និងឥណ្ឌូប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូងមានគោលបំណងត្រួតស៊ីគ្នាច្រើន និងបំពេញគ្នាទៅវិញទៅមកបានយ៉ាងល្អ។ ហើយតាមរយៈគំនិតផ្តួចផ្តើមទាំងនេះ កូរ៉េខាងត្បូងក៏សង្ឃឹមថានឹងពង្រឹងភាពជាដៃគូជាមួយអាស៊ាន និងរួមចំណែកដល់កំណើនសេដ្ឋកិច្ច ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

*****

វាគ្មិន៖ លោក ទន់ លីណាសុផាឬទ្ធិ អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធសាស្រ្ត​ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)

អ្នកសម្របសម្រួល៖ កញ្ញា ណារិទ្ធិ រ៉ូសនីតា

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner