ការលេងកីឡា មិនត្រឹមតែផ្ដល់ឱ្យយើងនូវសុខភាពល្អប៉ុណ្ណោះទេ តែថែមទាំងបង្ហាញពីការរីកចម្រើន នៃផ្នត់គំនិតល្អៗនៅក្នុងជីវភាពរស់នៅរបស់ប្រជាជន
កំពង់ធំ៖ លោកជំទាវ បណ្ឌិត ជា សិរី បានថ្លែងថា កីឡារស់នៅក្នុងមិត្តភាពនិងសន្តិភាព ព្រោះថា ការលេងកីឡា មិនត្រឹមតែផ្ដល់ឱ្យយើងនូវសុខភាពល្អប៉ុណ្ណោះទេ តែថែមទាំង បង្ហាញការរីកចម្រើននៃផ្នត់គំនិតល្អៗនៅក្នុងជីវភាពរស់នៅរបស់ប្រជាជន ពិសេសក្នុងស្រទាប់យុវជន ឲ្យប្រព្រឹត្តិតែអំពើល្អ និងចាកឆ្ងាយពីអំពើទាំងឡាយណាដែលសង្គមស្អប់ខ្ពើម ពិសេសបញ្ហាគ្រឿងញៀន ។
ការលើឡើងរបស់លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារចុះមូលដ្ឋានស្រុកសន្ទុក ដូច្នេះ ក្នុងពិធីបិទការប្រកួតបាល់ទាត់មិត្តភាពយុវជនឃុំប្រាសាទ និងកំពង់ថ្ម ក្រោមប្រធានបទ “កីឡារស់ក្នុងសន្តិភាព” នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។
លោកជំទាវ ជា សិរី បានលើកឡើងថា ការដែលយើងមានឱកាសបានរៀបចំការប្រកួតកីឡាកម្រិតថ្នាក់ឃុំ ស្រុក ពិសេស ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះទទួលបានជោគជ័យកន្លងទៅនេះ គឺអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព និងមានការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
លោកជំទាវ ក៏បានអំពាវនាវដល់យុវជន ខិតខំបន្តប្រឹងប្រែងរៀនសូត្រ និងបំពេញការងារឱ្យបានល្អ ដើម្បីជួយដល់គ្រួសារ ក៏ដូចជាសង្គមជាតិយើង ជាពិសេស ឲ្យក្លាយជាកម្លាំងស្នូលនៃការអភិវឌ្ឍជាតិនាពេលខាងមុខ ដែលរាជរដ្ឋាភិបាល នឹងផ្ដល់ឱ្យការងារយ៉ាងច្រើននៅគ្រប់វិស័យ ។
សម្រាប់ការប្រកួតបាល់ទាត់មិត្តភាពរវាងយុវជនឃុំប្រាសាទ និងឃុំកំពង់ថ្មនេះ មានរយះពេល៤សប្តាហ៍ ។ ជាលទ្ធផលជ័យលាភីលេខ ១ បានទៅក្រុមយុវជនឃុំកំពង់ថ្ម, លេខ ២ បានទៅក្រុមយុវជនឃុំប្រសាទ, លេខ៣ បានទៅកីឡាករយុវជនមកពីបណ្ដាភូមិរបស់ឃុំទាំង២នេះ។
លោកជំទាវ បណ្ឌិត ជា សិរី ក៏បានអញ្ជើញទៅប្រគល់ផ្ទះថ្មី២ខ្នង ដល់គ្រួសារខ្វះខាត រស់នៅភូមិស្រែតាកោ ឃុំប្រាសាទ ដែលជាអំណោយមនុស្សធ៌មរបស់ឯកឧត្តមបណ្ឌិត ជា ចាន់តូ និងលោកជំទាវ ខៀវ ស៊ីណា៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត