សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើ្ជញ សម្ពោធផ្លូវការ ក្រុមហ៊ុន ហាវត្រាស ឃែភីថល អ៊ិនវេសមុិន
ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាង ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើ្ជញជាអធិបតី ក្នុងពិធីសម្ពោធផ្លូវការ ក្រុមហ៊ុន ហាវត្រាស ឃែភីថល អ៊ិនវេសមុិន (Hao Trust Capital Investment Co, Ltd) នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ។
សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ៖ ក្រោមការដឹកនាំ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន បច្ចុប្បន្ននេះ កម្ពុជាទទួលបាននូវស្ថិរភាព សន្ដិសុខ និងសន្តិភាព និង ការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលក្នុងនោះវិស័យសេវាហិរញ្ញវត្ថុ ទាំងផ្នែកធនាគារ និងមិនមែនធនាគារ ហើយរាជរដ្ឋាភិបាលកម្ពុជា តែងតែលើកទឹកចិត្ត និងគាំទ្រដល់វិស័យឯកជន និងចាត់ទុកវិស័យឯកជន ជាដៃគូ និងជាកម្លាំងអូសទាញ និងជំរុញល្បឿនសេដ្ឋកិច្ចដែលជាកត្តា មិនអាចខ្វះបាន ។
សម្តេចកិត្តិសង្គហបណ្ឌិត បានកោតសរសើរដល់ក្រុមហ៊ុន ដែលបានខិតខំស្វែងរកឱកាសវិនិយោគនៅកម្ពុជា ក្នុងបរិយាកាសនយោបាយ ដ៏ល្អប្រកបដោយស្ថិរភាព និងសុខសន្តិភាពនៅកម្ពុជា ។
សម្តេចកិត្តិសង្គហបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុននេះពិតជាអាចប្រតិបត្តិសកម្មភាពបរធនបាលកិច្ច ប្រកបដោយជោគជ័យ ដើម្បីក្លាយខ្លួន ទៅជាក្រុមហ៊ុនមួយគួរជាទីទុកចិត្តរបស់អតិថិជន មានក្រមសីលធម៌ស្អាតស្អំ ជាមូលដ្ឋានដ៏រឹងមាំ ដែលបង្កើតភាពរុងរឿង សុភមង្គល និងជោគជ័យដោយចីរភាពយូរអង្វែង និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ចំណូល និងឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា ។
ខ្ញុំសូមស្នើក្រុមហ៊ុន ធ្វើសកម្មភាពអាជីវកម្មរបស់ខ្លូនដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ជាធរមានរបស់កម្ពុជា និងយកចិត្តទុកដាក់ដល់ការឧបត្ថម្ភគាំទ្រដោយការទទួលខុសត្រូវនៃក្រុមហ៊ុន លើការងារមនុស្សធម៌ និងសង្គមកិច្ច ។
គួរលឹកផងដែរថា ៖ ក្រុមហ៊ុនហាវត្រាស ឃែភីថល អ៊ិនវេសម៊ិន ដែលបានទទួលអាជ្ញាបណ្ណ ក្រុមហ៊ុនបរធនបាលពីនិយ័តករ បរធនបាលកិច្ច ចុះថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៣ ក្នុងនាមជាក្រុមហ៊ុនបរធនបាលសម្រាប់ប្រតិបត្តិការ បរធនបាលកិច្ចចំនួន ៤ ប្រភេទ គឺ, បរធន បាលកិច្ចសាធារណៈ ,បរធនបាលកិច្ចពាណិជ្ជកម្ម ,បរធនបាលកិច្ច សង្គម និង បរធនបាលកិច្ចបុគ្គល ៕
ដោយ ៖ ថេត វិចិត្រ