រដ្ឋមន្រ្តីក្រសួងការងារ ស្នើឱ្យនិយោជកគោរពតាមច្បាប់ និងលិខិតបទដ្ឋានជាធរមានរបស់កម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់ក្រុមហ៊ុន អល វីន ស៊ូ (ខេមបូឌា)ធ្វើប្រតិបត្តិការអាជីវកម្មដោយគោរពតាមច្បាប់ និងលិខិតបទដ្ឋានជាធរមានរបស់កម្ពុជា និងបានស្នើឱ្យកម្មករនិយោជិត និងនិយោជកត្រូវចេះសាមគ្គីភាពគ្នា ដើម្បីពង្រឹងសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ។ការថ្លែងរបស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធជាផ្លូវការក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូ (ខេមបូឌា) ឯ.ក ស្ថិតនៅស្រុកសំរោងទង នៅខេត្តកំពង់ស្ពឺ ដែលមានទុនវិនិយោគសរុបប្រមាណ៦.៤លានដុល្លារអាម៉េរិក។

តាមរយៈក្រសួងការងារឯកឧត្តម អ៊ិត សំហេង បានលើកឡើងថា នេះជាការវិនិយោគថ្មីមួយទៀតសម្រាប់ការផលិតការនាំចេញស្បែកជើង ទាំងស្បែកជើងសុវត្ថិភាព និងស្បែកជើងសម្រាប់រដូវរងាស្តង់ដាអន្តរជាតិ ហើយនេះក៏ជាការបន្ថែមឱកាសការងារដល់កម្មករនិយោជិតក្នុងស្រុកជាច្រើនសន្ធឹកសន្ធាប់ដែរក្នុងការបង្កើតប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅទាំងកម្រិតបុគ្គល និងកម្រិតសហគមន៍ផងដែរនោះ។

ឯកឧត្តមមានប្រសាសន៍ថា ការចូលរួមអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការទាក់ទាញវិនិយោគទុន បានបង្កើតឱ្យមាននូវរោងចក្រ សហគ្រាសនៅតាមបណ្តាខេត្តជាច្រើនបន្ថែមទៀត ដើម្បីបង្កើតការងារ និងមុខរបរជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

នាឱកាសនោះ ឯកឧត្តម អ៊ិត សំហេង ក៏បានស្នើដល់ក្រុមហ៊ុន អល វីន ស៊ូ (ខេមបូឌា) ធ្វើប្រតិបត្តិការអាជីវកម្មដោយគោរពតាមច្បាប់ និងលិខិតបទដ្ឋានជាធរមានរបស់កម្ពុជា។ លោកក៏បានស្នើឱ្យកម្មករនិយោជិត និងនិយោជកត្រូវចេះសាមគ្គីភាពគ្នារក្សាឱ្យបាននូវទំនាក់ទំនងល្អនឹងគ្នាដូចជាបងនិងប្អូន ឬជាដៃគូដែលមិនអាចអត់មួយណាបានឡើយ។

ឯកឧត្តមបានថ្លែងថា ៖ «ធ្វើដូចនេះ គឺដើម្បីពង្រឹងសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និងរួមគ្នាប្រែក្លាយរោងចក្រ សហគ្រាសមួយក្លាយជាសហគមន៍សុខសាន្តជាឆ្នាំងបាយរួមរបស់កម្មករនិយោជិត និងនិយោជក។ ប្រសិនជាថ្នាក់ដឹកនាំសហជីពមានធ្វើអ្វីមួយខុសឆ្គង និយោជកគួរចេះអធ្យាស្រ័យ ហៅមកអប់រំ និងណែនាំ ប្រសើរជាងការបណ្តេញចេញ»។

លោក ហ៊ូ ឆាវហួយ អគ្គនាយកក្រុមហ៊ុន អល វីន ស៊ូ (ខេមបូឌា) បានលើកឡើងតាមរយៈក្រសួងការងារផងដែរថា រោងចក្ររបស់ក្រុមហ៊ុនលោក អាចផលិតស្បែកជើងសុវត្ថិភាព និងស្បែកជើងសម្រាប់រដូវរងាស្តង់ដាអន្តរជាតិប្រមាណ ៣លានគូក្នុងមួយឆ្នាំ សម្រាប់បម្រើឱ្យការប្រើប្រាស់ក្នុងផ្ទះក្នុងឧស្សាហកម្ម ពាណិជ្ជកម្ម និងដើម្បីនាំចេញទៅលក់នៅទីផ្សារសហរដ្ឋអាមេរិក។

ជុំវិញការសម្ពោធក្រុមហ៊ុនផលិតស្បែកជើងនេះដែរ ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា លោកស្រី ទូច សើ បានប្រាប់ឱ្យដឹងថា ជាការល្អបំផុត ព្រោះក្រុមហ៊ុននឹងផ្តល់ឱកាសការងារជាច្រើនដល់កម្មករនិយោជិក អាចមានការងារធ្វើ និងមានប្រាក់ចំណូលបន្ថែមទៀត។

ទោះជាយ៉ាងណា លោកស្រីបានលើកឡើងដែរពីការបារម្ភដែរថា វាមានផលលំបាកខ្លះៗសំរាប់កម្មការិនី ដែលមានវ័យពី៣០ឆ្នាំ ឡើងដែរ ដោយសាររោងចក្រខ្លះ គេមិនទទទួលពួកគាត់ចូលធ្វើការនោះទេ។

ពាក់ព័ន្ធនឹងការងារនេះដែរឯកឧត្តម ហ៊ុន ម៉ាណែត បេក្ខភាពអនាគតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល បានខិតខំបង្កលក្ខណៈតាមគ្រប់លទ្ធភាព ដើម្បីធ្វើយ៉ាងឱ្យប្រជាពលរដ្ឋអាចបំពេញនូវសក្តានុពល និងសម្រេចនូវក្តីស្រមៃរបស់ខ្លួន តាមរយៈការដាក់ចេញនូវគោលនយោបាយរបបសេដ្ឋកិច្ចទីផ្សារសេរី, កម្មសិទ្ធិឯកជន, ការលើកកម្ពស់វិស័យអប់រំ និងការទាក់ទាញការវិនិយោគ ដើម្បីបង្កើនឱកាសការងារជូនដល់ប្រជាជន។

ឯកឧត្តមថ្លែងដូចនេះក្នុងពិធីសំណេះសំណាលជាមួយប្រធានរដ្ឋបាល និងប្រធានផ្នែករបស់រោងចក្រ-សហគ្រាស មកពីខេត្តកំពង់ចាម, កំពង់ឆ្នាំង, កំពង់ស្ពឺ, កណ្តាល និងតាកែវ កាលពីថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ «ចំពោះការលើកកម្ពស់វិស័យការងារ គឺត្រូវឈរលើកត្តាចំនួន ៣ សំខាន់ គឺ បរិមាណ គុណភាព និងសមធម៌ ហើយពិតណាស់ក្នុងនាមជាអាណាព្យាបាល, រាជរដ្ឋាភិបាលបានខិតខំបំពេញនូវកិច្ចការជាច្រើន ជាអាទិ៍៖ បង្កើតការងារ, ផ្តល់ការឧបត្ថម្ភគាំទ្រដល់អ្នកវិនិយោគ និងកម្មករ-និយោជិក និងការទាក់ទាញវិនិយោគិនថ្មីៗមកបន្ថែមទៀតជាដើម»៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner