សម្តេចតេជោ ហ៊ុន សែន៖ នៅថ្ងៃទី២៣ ខែមិថុនា សម្តេចក្រឡាហោម ស ខេង និងឯកឧត្តម កើត រិទ្ធ នឹងទៅការពារសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា នៅថ្ងៃទី២០ ខែមិថុនាស្អែកនេះ សម្តេចក្រឡាហោម ស ខេង នឹងទៅការពារជាមួយគណៈកម្មការសភា ហើយនឹងត្រូវឆ្លងកាត់តាមគម្រោងសភាប្រជុំនៅថ្ងៃទី២៣ ខែមិថុនាខាងមុខនេះ ហើយសម្តេចក្រឡាហោម ស ខេង និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងទៅការពារសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត។ ការបញ្ជាក់របស់សម្តេចក្នុងពិធីអញ្ជើញជាអធិបតីប្រជុំបូកសរុបរបាយការណ៍ប្រចាំអាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា “ហើយច្បាប់នេះ នឹងចូលជាធរមានហើយ យើងក៏ចង់ដឹងថា អាជើងខ្លាំងវានៅកន្លែងណា? ដែលចេញមកដើម្បីម្ខាងពហិកាមិនចូលរួមបោះឆ្នោត ឥឡូវយើងអំពាវនាវឲ្យអ្នកេងពហិកាចុះ ព្រោះការពហិការបស់អ្នកឯងស្មើនឹងសម្លាប់សិទ្ធិនយោបាយរបស់អ្នកឯងតែប៉ុណ្ណោះ អីចឹងបើអ្នកឯងខ្លាំង អ្នកឯងធ្វើទៅ កុំទៅបោះឆ្នោត ព្រោះបើសិនជាអ្នកឯងមិនបានបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ខាងមុខទេ អ្នកឯងនឹងបាត់បង់សិទ្ធិបោះឆ្នោតនៅឆ្នាំ២០២៨។ បើទោះបីអ្នកឯងបានទៅបោះឆ្នោត២០២៧ សម្រាប់ការបោះឆ្នោតឃុំ សង្កាត់ក៏ដោយ។ ក៏ប៉ុន្តែលក្ខខណ្ឌដើម្បីឈរឈ្មោះសម្រាប់បោះឆ្នោតតំណាងរាស្ត្របាន ទាល់តែបោះឆ្នោតសកលបាន២ដង ដែលយើងដាក់នៅក្នុងសេចក្តីព្រាងច្បាប់។ បើអ៊ីចឹងអ្នកឯងបំពេញ បើមិនបានបោះឆ្នោតលើកនេះ ត្រូវបោះឆ្នោតឆ្នាំ២០២៧-២០២៨ ប៉ុន្តែទៅមានសិទ្ធិបោះឆ្នោតឆ្នាំ២០៣២ អ្នកឯងចាំទៅ។ ឥឡូវអាយុពួកអ្នកឯង៧០អស់ហើយ អ៊ីចឹងអ្នកឯងអាចនៅបានទៀតទេ។ បើថាភ្លើណាស់ គឺធ្វើឲ្យវាភ្លើរហូតទៅ ហើយធ្វើជាអ្នកខ្លាំងរហូតទៅ ពហិកាកុំបោះឆ្នោត។ អ្នកដែលមិនទៅបោះឆ្នោតលើកនេះ ក៏គ្មានសិទ្ធិបោះឆ្នោតឈរឈ្មោះឲ្យគេបោះឆ្នោតធ្វើមេឃុំ ចៅសង្កាត់ នៅឆ្នាំ២០២៧ផងដែរ។ ហើយអ្នកដែលមិនចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ក៏គ្មានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតជាសមាជិកព្រឹទ្ធសភា ជាក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង។ ឥឡូវបើពួកអ្នកឯងចិត្តសឿងដែលកន្លងទៅស្រែកនៅគ្រប់អង្គប្រជុំរបស់គេដែលយើងក្តាប់បានកុំទៅបោះៗ បើអ្នកឯងខ្លាំង អ្នកឯងពូកែ អ្នកឯងកុំទៅបោះ។ បើមិនទៅបោះស្មើនឹងកាត់សិទ្ធិខ្លួនឯង។ ប៉ុន្តែឥឡូវគេប្រមូលផ្តុំទៅទិសដៅមួយផ្សេងទៀត ប៉ុន្តែសាកល្បងមើល មានប៉ុន្មានាក់ដែលហ៊ានទៅចលនាដើម្បីឲ្យធ្វើរឿងហ្នឹង។ អ្នកឯងនឹងអាចជាប់នៅទោសកំហុស”។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា “បើច្បាប់ចេញហើយ អ្នកឯងប្រថុយជាមួយច្បាប់ វាមានតែគុកព្រៃស ត្រពាំងផ្លុង ព្រះវិហារ កន្លែងណាក៏មានដែរ អាគុកហ្នឹង គេធ្វើសម្រាប់ដាក់អាមនុស្សខូច ហើយនៅលើពិភពលោកមិនទាន់មានប្រទេសណាមួយដែលអត់មានគុក អត់មានខ្នោះ អត់មានកាំភ្លើងទេ ផ្តាំទៅ កុំឲ្យវាភ្លើពេក ប៉ុន្តែឥឡូវបែបចង់ស្វាង”៕
ដោយ៖ពលជ័យ

ads banner