ក្រសួងសេដ្ឋកិច្ច កំពុងធ្វើសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា២០២៣-២០២៨ ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាននិងកំពុងពិនិត្យពិភាក្សាជាមួយភាគីពាក់ព័ន្ធទាក់ទិននឹងសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា រួមទាំងធ្វើឱ្យប្រសើរឡើងនូវច្រកទទួលសេវាហិរញ្ញវត្ថុ។

នាព្រឹកថ្ងៃទី ១៩ ខែមិថុនាឆ្នាំ២០២៣ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨នេះ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

តាមរយៈកិច្ចប្រជុំដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញជាមួយភាគីពាក់ព័ន្ធឯកឧត្តមបានលើកឡើងថាសេចក្ដីព្រាងគោលនយោបាយនេះមានចក្ខុវិស័យ អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និងផ្ដល់កាលានុវត្តភាពដល់គ្រប់តួអង្គ សំដៅរួមចំណែកជំរុញសម្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាដ៏រស់រវើក។

ឯកឧត្តមមានប្រសាសន៍ថា សេចក្តីព្រាងនេះ ក៏មានគោលបំណងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុរស់រវើក តាមរយៈការអភិវឌ្ឍបរិស្ថានគោលនយោបាយអំណោយផល,ការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះ,ការជំរុញការប្រើប្រាស់បច្ចេកវិទ្យាគាំទ្រ និងការជំរុញការអភិវឌ្ឍនិងនវានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីធ្វើឱ្យប្រសើរឡើងនូវច្រកទទួលសេវាហិរញ្ញវត្ថុ, ភាពជឿទុកចិត្ត និងគុណភាពជីវិតរបស់អ្នកប្រើប្រាស់ ក្នុងយុគសម័យឌីជីថល។

ទាក់ទងនឹងការរៀបចំសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨នេះដែរ លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងដែរថា ការរៀបចំ គោលនយោបាយ អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជានេះ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការគ្រប់គ្រងលំហូរហិរញ្ញវត្ថុ ទូទាំងប្រទេស ជាពិសេសពាក់ព័ន្ធនឹងវិស័យឯកជន។

លោកបានប្រាប់ថា ៖ «កន្លងមកការគ្រប់គ្រងលំហូរសាច់ប្រាក់ កម្ចីឥណទាននានា មិនមានប្រព័ន្ធនៃការគ្រប់គ្រងឱ្យបានត្រឹមត្រូវ ហើយថ្មីៗនេះក្រសួងសេដ្ឋកិច្ច និងធនាគារជាតិ បានរៀបចំប្រព័ន្ធដោះកូដមួយ។ ដូច្នេះការរៀបចំឱ្យមានរៀបចំគោលនយោបាយ អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជានេះ ពិតជាមានសារៈសំខាន់ ដែលធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុកាន់តែមានភាពរឹងមាំ និងមានការគ្រប់គ្រងបានល្អ មិនប៉ះពាល់ដល់ការដូលរលំនៃវិបត្តិហិរញ្ញវត្ថុតទៅទៀត»។

យោងតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា គិតត្រឹមឆ្នាំ២០២២ ប្រព័ន្ធធនាគារនៅកម្ពុជា មានធនាគារពាណិជ្ជ ចំនួន៥៩, ធនាគារឯកទេសចំនួន៩, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើពីសាធារណជន៥, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនទទួលប្រាក់បញ្ញើពីសាធារណជន៨២, គ្រឹះស្ថានឥណទានជនបទ ២២៤។

របាយការណ៍បន្តថា គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ១៦, អ្នកដំណើរការតតិយភាគី៥, គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់៣៤, អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន១,ការិយាល័យតំណាងធនគារបរទេសប្រាំមួយនិងអាជីវកម្មប្តូរប្រាក់ចំនួន២.៨៦៩កន្លែង។

ប្រព័ន្ធធនាគារកម្ពុជានៅបន្តប្រមូលផ្ដុំភាគច្រើនដោយវិស័យធនាគារដែលរួមចំណែកប្រមាណ ៨៥,២ភាគរយ នៃទ្រព្យសកម្មសរុបប្រព័ន្ធធនាគារ បន្ទាប់មកវិស័យមីក្រូហិរញ្ញវត្ថុរួមចំណែកប្រមាណ ១៤,២ភាគរយ និងគ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ០,៦ភាគរយ។

ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារបន្តមានកំណើន ១៤,៥ភាគរយ (១៦ភាគរយ ឆ្នាំ២០២១) ដល់ ៣២៥,៨ ទ្រីលានរៀល (៧៩,៧ ប៊ីលានដុល្លារអាមេរិក) ដោយសារការកើនឡើងនៃចំនួនគ្រឹះស្ថានថ្មីៗចំនួន៧ (គ្រឹះស្ថានធនាគារពាណិជ្ជ ៤ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៣) ដែលទួលបានអាជ្ញាប័ណ្ណប្រតិបត្តិការពីធនាគារជាតិនៃកម្ពុជា៕ ដោយ៖ វណ្ណ សុជាតា

ads banner