ទិវាកម្មករការងារផ្ទះអន្តរជាតិខួបលើកទី១២ ធ្វើឡើងក្រោមប្រធានបទ «កិច្ចគាំពារសង្គមសម្រាប់កម្មករការងារផ្ទះ»

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សមាគម អង្គការពាក់ព័ន្ធ និងតំណាងក្រសួង បានរៀបចំទិវាកម្មករការងារផ្ទះអន្តរជាតិខួបលើកទី១២ ក្រោមប្រធានបទ «កិច្ចគាំពារសង្គមសម្រាប់កម្មករការងារផ្ទះ»ដើម្បីជំរុញឱ្យមានការអនុវត្តនូវកិច្ចគាំពារសង្គមកាន់តែមានប្រសិទ្ធភាពសម្រាប់អ្នកធ្វើការតាមផ្ទះ។

យោងតាមសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានឱ្យដឹងនៅថ្ងៃទី១៨ ខែមិថុនាថា ទិវាកម្មករការងារផ្ទះអន្តរជាតិខួបលើកទី១២នេះ ធ្វើឡើងក្នុងគោលបំណងបន្តផ្សព្វផ្សាយ និងរំលឹកទិវាកម្មករការងារផ្ទះពិភពលោកដែលបានទទួលស្គាល់កម្មករការងារផ្ទះដូចជាកម្មករដទៃទៀត។

សមាគម IDEA បានបន្តថា ក្រៅពីនេះ ក៏ដើម្បីស្វែងយល់អំពីនីតិវិធីក្នុងការចុះបញ្ជីរបស់ម្ចាស់ផ្ទះ ក្នុងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងផ្តល់ឱកាសដល់កម្មករការងារផ្ទះនិងសាធារណៈជន ដើម្បីស្វែងយល់ពីគោលនយោបាយជាតិ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់កម្មករការងារផ្ទះ និងក៏ដើម្បីជំរុញឱ្យមានការអនុវត្តនូវកិច្ចគាំពារសង្គមឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់អ្នកធ្វើការតាមផ្ទះផងដែរ។

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានប្រាប់ឱ្យដឹងថា តាមការស្រាវជ្រាវរបស់អង្គការពលកម្មអន្តរជាតិកន្លងមកស្តីពីស្ថានភាពរស់នៅ និងលក្ខខណ្ឌការងារកម្មករការងារផ្ទះនៅកម្ពុជា បានរកឃើញថា កម្មករការងារផ្ទះនៅតែជាកម្មករដែលស្ថិតក្នុងភាពងាយរងគ្រោះជាងគេក្នុងចំណោមកម្មករដទៃទៀត។

ក្រៅពីនេះពួកគេប្រឈមនឹងការកំណត់សេរីភាពនៃការធ្វើចលនាប្រាក់ឈ្នួលទាបមិនមានកិច្ចសន្យាការងារច្បាស់លាស់ ធ្វើការលើសម៉ោង សម្រាកមិនគ្រប់គ្រាន់ ការងារច្រើនលើសលប់ ហើយងាយប្រឈមនឹងហានិភ័យផ្នែកហិង្សាផ្លូវកាយ ផ្លូវភេទ និងការជួញដូរជាដើម។ នេះបើតាមលោក វន់ ពៅ បញ្ជាក់។

ដោយឡែកលោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) បានលើកឡើងដែរថា កម្មករការងារតាមផ្ទះបច្ចុប្បន្ននេះ មានការកើនឡើងច្រើនដែលត្រូវបានថៅកែចុះឈ្មោះក្នុងបញ្ជីជាមួយប.ស.ស ហើយនៅមានមួយចំនួនទៀតមិនទាន់ទទួលបានអត្ថប្រយោជន៍ ដោយសារម្ចាស់ផ្ទះ ឬថៅកែ មិនបានយល់ដឹងអំពីកាតព្វកិច្ចនៃការចុះបញ្ជីកម្មករតាមផ្ទះរបស់ពួកគាត់។

លោកបានថ្លែងថា ៖ «ប.ស.ស ក៏មានផលលំបាកដែរ ពីព្រោះប.ស.ស មិនអាចទៅគោះទ្វាតាមផ្ទះរបស់ប្រជាពលរដ្ឋសួររកអ្នកម្រើក្នុងផ្ទះដើម្បីឱ្យម្ចាស់ផ្ទះមកចុះបញ្ជិការជាមួយ ប.ស.ស.បានទេ»។

បើតាមការបញ្ជាក់ពីលោក ហេង សុផាន់ណារិទ្ធ កម្មករការងារតាមផ្ទះដែលបានចុះបញ្ជិការនៅ ប.ស.ស. មានចំនួន ៨៩សហគ្រាស ដែលមានកម្មករចំនួន ១៦១នាក់ តែចំនួនកម្មករនៅបម្រើការងារក្នុងផ្ទះខាងលោកមិនទាន់មានទិន្នន័យនោះទេ។

លោក ហេង សុផាន់ណារិទ្ធ បានឱ្យដឹងថា យើងបានចុះផ្សព្វផ្សាយ ដើម្បីពន្យល់ឱ្យគាត់យល់ថា គាត់ជាម្ចាស់ផ្ទះពិតមែន ប៉ុន្តែគាត់ក៏ប្រៀបដូចជានិយោជកមួយរូបដែរ ។អ៊ីចឹងប្រសិនជាគាត់ជួលកម្មករតាមផ្ទះ ឫអ្នកថែសួនអី គឺគាត់ត្រូវតែមានកាតព្វកិច្ចបង់វិភាគទានប.ស.ស ជូនពួកគាត់។

សូមបញ្ជាក់ថា យោងតាមការសិក្សារបស់អង្គការអន្តរជាតិខាងការងារ (ILO) ឆ្នាំ២០១៨ នៅប្រទេសកម្ពុជាកម្មករការងារផ្ទះ ត្រូវបានប៉ាន់ប្រមាណ ថាមានចំនួនប្រមាណ ២៤០ ០០០ នាក់ដែលភាគច្រើន គឺជាស្ត្រី ដែលធ្វើកិច្ចការដូចជា ការបោសសម្អាត ចម្អិនអាហារ បោកគក់ និងអ៊ុតខោអាវ ថែទាំកុមារ ថែទាំមនុស្ស ចាស់ថែទាំសួន ថែទាំទ្រព្យសម្បត្តិ ថែទាំសត្វចិញ្ចឹម និងបើកបររថយន្តសម្រាប់គ្រួសារជាដើម៕ ដោយ៖ ជា សុខនី

ads banner