សម្ដេចតេជោ ហ៊ុន សែន៖ អាណត្តិក្រោយរដ្ឋាភិបាលនឹងប្តូរទៅយុទ្ធសាស្រ្តបញ្ចកោណក្រោយអនុវត្តយុទ្ធសាស្រ្តចតុកោណបាន ៤អាណត្តិ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងឱ្យដឹងថា នៅអាណត្តិក្រោយពោលគឺនីតិកាលទី៧ នៃរដ្ឋសភា រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា នឹងដាក់ចេញការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្រ្តបញ្ចកោណដែលមានមុំ៥ ក្រោយអនុវត្តយុទ្ធសាស្រ្តចតុកោណបាន ៤អាណត្តិរួចមក ដែលនឹងមានការបញ្ចូលធាតុថ្មីក្នុងន័យទំនើបកម្មរដ្ឋាភិបាល និងការរីកចម្រើន។
ការគូសបញ្ជាក់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជានិងជាប្រមុខគណបក្សប្រជាជនកម្ពុជានេះ ធ្វើឡើងក្នុងពិធីប្រជុំបូកសរុបរបាយការណ៍ប្រចាំអាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រដ្ឋាភិបាលបានអនុវត្តកម្មវិធីនយោបាយនៃយុទ្ធសាស្រ្តចតុកោណដែលមានមុំ៤ បាន ៤ដំណាក់កាល ក្នុងរយៈពេល ៤អាណត្តិរួចមកហើយ។ ពោលគឺ ក្នុង ១អាណត្តិ អនុវត្ត ១ ដំណាក់កាល ហើយពេលខាងមុខនេះ នឹងប្តូរទៅជាយុទ្ធសាស្រ្តបញ្ចកោណ ដែលមានមុំ៥វិញ។

សម្ដេចតេជោមានប្រសាសន៍បញ្ជាក់ថា៖ «រាជរដ្ឋាភិបាល បាននិងកំពុងឈានទៅរៀបចំយុទ្ធសាស្រ្តបច្ចកោណដែលក្នុងនោះបានប្រមូលនូវធាតុទាំងឡាយដែលមានក្នុងយុទ្ធសាស្រ្តចតុកោណ ជាមួយនឹងការបញ្ចូលធាតុថ្មីបន្ថែមទៀត ដើម្បីឱ្យការដឹកនាំរដ្ឋាភិបាលកាន់តែមានប្រសិទ្ធភាព និងរីកចម្រើន»។
ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា សមិទ្ធផលដែលរដ្ឋាភិបាលសម្រេចបានជាមួយយុទ្ធសាស្រ្តចតុកោណទាំង ៤ អាណត្តិនោះ បានស្តែងឡើងនឹងភ្នែកជាក់ស្តែងទាំងវិស័យកសិកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការពង្រឹងវិស័យឯកជន និងកាងារ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស ដែលបានរីកចម្រើនគ្រប់វិស័យសម្រាប់ជីវភាពសង្គមកម្ពុជា។
សម្រាប់មុំទាំង៥ នៃយុទ្ធសាស្រ្តបញ្ចកោណ អាណត្តិក្រោយនេះ ឯកឧត្តម សុខ ឥសាន មិនទាន់អាចប្រាប់បាននៅឡើយទេ ដោយសារវាអាចប្រែប្រួលទៅតាមស្ថានភាព និងតម្រូវការជាក់ស្តែង ដែលរង់ចាំការចេញលទ្ធផលផ្លូវការពីគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលផ្ទាល់។
ឯកឧត្តមសង្កត់ធ្ងន់ថា ៖ «ការដាក់យុទ្ធសាស្រ្តត្រីកោណ ចតុកោណ បញ្ចកោណជាដើមនេះ វាស្របទៅតាមតម្រូវការរបស់ប្រទេសជាតិ និងសំណូមពររបស់ប្រជាពលរដ្ឋ»។
ចំណែកឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានប្រាប់ឱ្យដឹងដោយលោកសរុបជារួមថា រដ្ឋាភិបាលបានសម្រេចគោលដៅយ៉ាងត្រចះត្រង់សំដៅការអភិវឌ្ឍសង្គមជាតិ លើកកម្ពស់ជីវភាពប្រជាជន កសាងហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍធនធានមនុស្ស ក្នុងយុទ្ធសាស្រ្តចតុកោណកន្លងទៅ។

ឯកឧត្តមបានថ្លែងថា សម្រាប់ទិសដៅបន្ទាប់ យោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន រដ្ឋាភិបាលនឹងគិតគូរបន្ថែមលើការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសឲ្យសមស្របទៅតាមការវិវត្តនៃសាកលលោកលើផ្នែកបច្ចេកវិទ្យាឌីជីថល៕ ដោយ៖សំបាន ច័ន្ទដារ៉ា