ណាតូ​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​​ «សង្គ្រោះ​» សន្តិភាព​នៅ​កូសូវ៉ូ​ ខណៈ​មាន​ការ​អំពាវ​នាវ​ឱ្យ​​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ជាមួយ​ស៊ែប៊ី​

ណាតូ៖ អគ្គ​មេ​បញ្ជាការ​របស់​​ណាតូ​ប្រចាំ​រដ្ឋ​ធានី​​ប្រ៊ីស្ទីណា​បាន​ថ្លែង​កាល​ពី​យប់​ថ្ងៃ​ចន្ទ​ថា​ កង​កម្លាំង​​អង្គការ​នៅ​ក្នុ​ង​ប្រទេស​កូសូវ៉ូ​ បាន​ត្រៀម​ខ្លួន​រួច​រាល់​​​ដើម្បី​ប្រឈម​មុខ​នឹង​ស្ថាន​ភាព​ណា​មួយ​ ប្រសិន​បើ​​អំពើ​ហិ​ង្សា​ស្រដៀ​ង​នឹង​ការ​​​ប្រឈម​មុខ​ដាក់​គ្នា​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ គំរាម​កំហែង​ដល់​សន្តិភាព​​នៅ​កូសូវ៉ូ​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ 

ការ​ថ្លែង​យ៉ាង​ដូច្នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ទាហាន​​​រក្សា​​សន្តិភាព​​ណាតូ​​ប្រមាណ​​៣០​​នាក់​​ដែល​ដាក់​ពង្រាយ​​ឱ្យ​ការពារ​សាលា​ក្រុង​ចំនួន​បី​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​កូសូវ៉ូ​ បាន​​​រង​​របួស​​ក្នុង​​ការ​​ប៉ះ​​ទង្គិច​​​ជា​មួយ​​បាតុករ​​ស៊ែប៊ី​​កាល​ពី​​ចុង​​ខែ​​ឧសភា​។ ក្រុម​បាតុករ​ស៊ែប៊ី​​ប្រមាណ​ ៥២ នាក់ ក្នុង​ចំណោម​រាប់​រយ​នាក់​​ ដែល​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​របស់​ជន​ជាតិ​ស៊ែប៊ី​នៅ​កូសូវ៉ូ​​ បាន​រង​របួស​នា​ពេល​នោះ​។

​មេ​បញ្ជាការ​កង​ទ័ព​ណាតូប្រចាំ​កូសូវ៉ូ​ (KFOR)​ ​លោក​ Angelo Michele Ristuccia ​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ពី​ទីស្នាក់ការ​កណ្តាល​ណាតូ​​នៅ​ជាយ​ក្រុង​ប្រ៊ីស្ទីណា​ ថា​៖ «​យើងនឹង​ចាត់​វិធានការ​​ប្រឈម​មុខ​នឹង​កាលៈ​ទេសៈ​ណា​មួយ​។​ នោះ​ហើយ​ជា​មូលហេតុ​ដែល​យើង​ទទួល​បាន​កម្លាំង​បន្ថែម​។​ យើង​មិន​​​ធ្វើ​ប្រតិកម្ម​ទេ​​ យើង​​ធ្វើ​សកម្មភាព​»​។

​អង្គការ​ណាតូ ​ដែល​ជួយ​ការពារ​កូសូវ៉ូ​​​​ចាប់​តាំង​ពី​សង្គ្រាម​បញ្ចប់​ក្នុង​ឆ្នាំ​ ១៩៩៩ ​​បាន​សម្រេច​ចិត្ត​ដាក់​ពង្រាយ​កង​ទ័ព​បន្ថែម​ចំនួន​ ៧០០ នាក់​​ ដែល​ធ្វើឱ្យ​​កង​ទ័ព​ណាតូ​នៅ​ក្នុង​ប្រទេស ដែល​មាន​ជន​ជាតិ​អាល់បានី​រស់​នៅ​ភាគ​ច្រើន​មួយ​​នេះ​​ កើន​ឡើង​ដល់​ជាង​ ៤ ៥០០ នាក់​។ ​ ​

យ៉ាង​ណា​មិញ​ លោក​​ Ristuccia ​​បន្ត​​​ថា​ ស្ថានការណ៍​​ជាមួយ​ស៊ែប៊ី​នៅ​​តែ​​​តាន​តឹង​​ខ្លាំង​ បើ​​ទោះ​​​បី​​ជា​​មាន​​ភាព​​ស្ងប់​​ស្ងាត់​​ក្នុង​​រយៈ​ពេល​​ប៉ុន្មាន​​ថ្ងៃ​​ចុង​​ក្រោយ​​នេះ​ក៏ដោយ​។

លោក​បន្ត​ថា ​៖ «​​មិន​មាន​សេចក្ដី​សម្រេច​យោធា​នៅ​ពេល​នេះ​ទេ​ ពី​ព្រោះ​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​ដោះ​ស្រាយ​ស្ថាន​ភាព​នេះ​ គឺ​ការ​សម្រេច​ចិត្ត​នយោបាយ​ដែល​ផ្អែក​លើ​ឆន្ទៈ​របស់​ភាគី​ទាំង​​២​​នៃ​ជម្លោះ​ ដើម្បី​ធ្វើ​ឱ្យ​ទំនាក់​ទំនង​របស់​ពួក​គេ​មាន​លក្ខណៈ​ធម្មតា ​ប៉ុន្តែ​​​ជា​ដំបូង​ ត្រូវ​បន្ថយ​ភាព​តាន​តឹង​សិន​»។ ​ ​

គួរ​គូស​បញ្ជាក់​ថា​ ​ភាគ​ខាង​ជើង​នៃ​កូសូវ៉ូ ​ដែល​មាន​ជន​ជាតិ​ស៊ែប៊ី​រស់​នៅ​​ភាគ​​ច្រើន​​ ​បាន​ប្រឈម​មុខ​នឹង​ភា​ព​តាន​តឹង​ដ៏​អាក្រក់​បំផុត​ ចាប់​តាំង​ពី​ប្រទេស​នេះ​បាន​ប្រកាស​ឯករាជ្យក្នុង​ឆ្នាំ​ ២០០៨​​​ ពី​​ស៊ែប៊ី​ ដែល​នៅ​តែ​មិន​ទទួល​ស្គាល់​អធិបតេយ្យ​ភាព​​​​របស់​កូសូវ៉ូ​​ដោយ​ការ​ទូត​។

​អំពើ​ហិង្សានៅ​ភាគ​ខាង​ជើង​នេះ​ ​បាន​ផ្ទុះ​ឡើងជា​ថ្មី​​កាល​ពី​ខែ​មុន​​ បន្ទាប់​ពី​អភិបាល​ក្រុង​ជន​ជាតិ​អាល់បានី​​ បាន​ចូល​កាន់​តំណែង​បន្ទាប់​ពី​​ការ​បោះ​ឆ្នោត​ក្នុង​តំបន់​ ដែល​មាន​ចំនួន​អ្នក​ទៅ​បោះឆ្នោត​ត្រឹម​តែ​ ៣,៥ ភាគ​រយ​ប៉ុណ្ណេះ ដោយ​សារ​តែ​ជន​ជាតិ​​ស៊ែប៊ី​​ធ្វើ​ពហិការ​មិន​ចូល​រួម​។

ជន​ជាតិ​ស៊ែប៊ី​ ប្រហែល​ ៥០ ០០០នាក់​ ដែល​រស់​នៅ​​រស់​នៅ​ភាគ​ខាង​ជើង​កូសូវ៉ូ​ បាន​បដិសេធ​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​ក្រុង​ប្រ៊ីស្ទីណា​ ហើយ​ចាត់​ទុក​​ក្រុង​បែលក្រាដ​ ជា​រដ្ឋធានី​របស់​ខ្លួន​។  ​

ប្រតិកម្ម​ទៅ​នឹង​ភាព​តាន​តឹងចុង​ក្រោយ​​នេះ​ សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ បាន​អំពាវ​នាវ​ឱ្យ​នាយក​រដ្ឋ​មន្ត្រី​​កូសូវ៉ូ​ លោក​ Albin Kurti ​ដក​អភិបាល​ក្រុង​ទាំង​ឡាយ​ និង​ដក​ប៉ូលិស​ពិសេស​ដែល​ដាក់​ពង្រាយ​ដើម្បី​​តម្លើង​អភិបាល​ក្រុង​ទាំង​អស់​​នោះ ​ហើយ​រក្សា​កិច្ច​ព្រម​ព្រៀង​ឆ្នាំ​ ២០១៣​ សម្រាប់​សមាគម​​ក្រុង​ស៊ែប៊ី​ស្វយ័ត​ក្នុង​តំបន់​​​។

ចំណែក លោក​ Kurti ​បាន​ធ្វើ​ការ​ទាម​ទារ​របស់​ខ្លួន​ ហើយ​ភាព​តាន​តឹង​កាន់​តែ​កើន​ឡើង​កាល​ពី​សប្តាហ៍​មុន​ នៅ​ពេល​ដែល​​ស៊ែប៊ី​​បាន​ចាប់​ខ្លួន​មន្ត្រី​ប៉ូលីស​កូសូវ៉ូ​​៣​នាក់​នៅ​តំបន់​ព្រំដែន​ក្រោម​កាលៈ​ទេសៈ​ជម្លោះ ​ហើយ​បាន​បញ្ជា​ឱ្យ​បន្ត​ឃុំ​ខ្លួន​​ប៉ូលីស​ទាំង​នោះ​រយៈ​ពេល​១​​ខែ​។​

​កូសូវ៉ូ ​និយាយ​​​ថា​ ប៉ូលីស​​ទាំង​​​បីត្រូវ​​បាន​​ចាប់​​ខ្លួន​​នៅ​​ក្នុង​​ទឹក​​ដី​​របស់​​ខ្លួន​ ​ដោយ​​មន្ត្រី​​ស៊ែប៊ី ​ដែល​​បាន​​ឆ្លង​​កាត់​​ព្រំដែន ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ប៊ែលក្រាដ​ (ស៊ែប៊ី​) ​បាន​អះ​អាង​ថា​ ពួក​គេ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ទឹក​ដី​ស៊ែប៊ី​។  ​

លោក Ristuccia ​បាន​និយាយ​កាល​ពី​យប់​ថ្ងៃ​ចន្ទ​ដដែល​ថា ​​៖ «​យើង​នៅ​ទីនេះ​ដើម្បី​ជៀស​វាង​ស្ថាន​ការណ៍​កាន់​តែ​អាក្រក់​ឡើង​ៗ​ និង​ដើម្បី​បំបាត់​ភាព​តាន​តឹង​។ មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​បន្ថយ​ភាព​តាន​តឹង​ គឺ​​អាស្រ័យ​លើ​ឆន្ទៈ​នយោបាយ​របស់​ភាគី​ជម្លោះ​ទាំង​ពីរ​»។

ជាមួយ​គ្នា​នេះ​ផង​ដែរ​ ​សហភាព​អឺរ៉ុប​កាល​ពី​ថ្ងៃ​ចន្ទ​ដូច​គ្នា​ ​បាន​ប្រាប់​មេ​ដឹក​នាំ​​ស៊ែប៊ី ​និង​កូសូវ៉ូ​  ​ឱ្យ​ចូល​រួម​កិច្ច​ពិភាក្សា​វិបត្តិ​នៅ​ទីក្រុង​ប្រ៊ុចសែល​ «​ដោយ​គ្មាន​លក្ខខណ្ឌ​ជា​មុន​»​ ខណៈ​ដែល​ប្លុក​នេះ​​ដាក់​សម្ពាធ​លើ​ភាគី​ទាំង​​២​ឱ្យ​ប​ន្ធូរ​បន្ថយ​ភាព​តាន​តឹង​។​

​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​សហភាព​អឺរ៉ុប​ លោក​ Peter Stano  បាន​និយាយ​ថា​ កាល​​បរិច្ឆេទ​​​នៃ​​កិច្ច​​ប្រជុំ​​នៅ​​មិន​​ទាន់​​បាន​​កំណត់​​នៅ​​ឡើយ​​ទេ​ ​ព្រោះ​​ភាគី​​​ទាំង​សង​ខាង​មិន​ទាន់​​បាន​​បញ្ជាក់​​ពី​​កា​រ​​ចូល​​រួម​របស់​ខ្លួន​​រហូត​​មក​​ដល់​​ពេល​​នេះ​​​។​ ប៉ុន្តែ​លោក​​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​រំពឹង​ថា​ ពួក​គេ​នឹង​បង្ហាញ​អាកប្បកិរិយា​សម​ហេតុ​សម​ផល​ ហើយ​មក​ទីក្រុង​ប្រ៊ុចសែល ​និង​ខិត​ខំ​ប្រឹង​ប្រែង​ចាំ​បាច់​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​»។

សូម​​បញ្ជាក់​​ថា​ កាល​ពី​ថ្ងៃ​អាទិត្យ ​ប្រធានាធិបតី​ស៊ែប៊ី ​លោក​ Aleksandar Vucic ​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា​ ដំណើរ​ការ​កិច្ច​សន្ទនា​ក្រុង​បែលក្រាដ​-ប្រ៊ីស្ទីណា​ គឺ​ «គ្មាន​ន័យ​» នោះ​ទេ​ លុះ​ត្រា​តែ​​ជន​ជាតិ​ស៊ែប៊ី​នៅ​​កូសូវ៉ូ​ ​ត្រូវ​បាន​ដោះ​លែង​ឱ្យ​មាន​សេរី​ភាព​។ ​​លោក​បន្ត​ថា​ ​រាល់ការ​សន្ទនា​អំពី​វិបត្តិ​ តែង​​ទាម​ទារ​ឱ្យ​ប្រទេស​ស៊ែប៊ី​ចុះ​ចូល​​ ​ប៉ុន្តែ​ «​ខ្ញុំ​គ្មាន​អ្វី​ត្រូវ​ផ្តល់​ឱ្យ​ទៀត​ទេ​ ​តែ​ប៉ុណ្ណឹង​»​។

ប៉ុន្តែ​​​​លោក​ Kurti ​វិញ​ ​បាន​​ទទូច​​ថា​ លោក​​កំពុង​​រង់​ចាំឱ្យ​​​តំណាង​​​​កូសូវ៉ូ​​អាច​ចូល​​ទៅ​​​និយាយ​ជាមួយ​​ប៉ូលិស​ ​ដែល​ស៊ែប៊ី​​បាន​​ឃាត់​ខ្លួន​សិន​ ​មុន​​នឹង​​យល់​ព្រម​អ្វី​មួយ​៕

ប្រែសម្រួល៖ហួន ឌីណា

ប្រភព​៖ NATO ready to act to save Kosovo’s peace, calls for de-escalation

Kosovo PM Kurti presents plan to defuse tension in Serb-majority area

https://www.trtworld.com/europe/kosovo-pm-kurti-presents-plan-to-defuse-tension-in-serb-majority-area-13602902

EU calls for Serbia, Kosovo to attend crisis talks ‘without preconditions’

ads banner