រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ការកំណត់ដែននេសាទ គឺត្រូវយកចិត្តទុកគិតគូរឱ្យមានលក្ខណៈវិទ្យាសាស្ត្រ សេដ្ឋកិច្ច និងនិរន្តរភាពពិតប្រាកដ

អត្ថបទដោយ៖
ឈឹម សុផល

ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីបើកសន្និបាតសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី នៅសណ្ឋាគារភ្នំពេញ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងគូសបញ្ជាក់ថា ការកំណត់ដែននេសាទ គឺត្រូវយកចិត្តទុកគិតគូរឱ្យមានលក្ខណៈវិទ្យាសាស្ត្រ សេដ្ឋកិច្ច និង និរន្តរភាពពិតប្រាកដ ។

ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា សន្និបាតថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអនុវត្តការងារ ដើម្បីបន្តនិរន្តរភាពវិស័យជលផល។ ជាមួយគ្នានេះដែរ ឯកឧត្តម បានណែនាំដល់អង្គពិធីត្រូវយកឱកាសដ៏មានតម្លៃនេះ ពិនិត្យលើបញ្ហាប្រឈមជាក់ស្តែង និងរួមគ្នារកវិធីដោះស្រាយ ដើម្បីការពារធនធាននេសាទឱ្យបានប្រសើរ តាមរយៈការចូលរួមទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ និងតម្រង់ទិសជនខិលខូចឱ្យប្រព្រឹត្តិត្រូវវិញ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក៏បានលើកទឹកចិត្តដល់សហគមន៍ឱ្យមានភាពម្ចាស់ការ ធ្វើការងារនេះដោយបេះដូងដើម្បីប្រយោជន៍រួមគ្នាតែមួយទាំងប្រជាជនសហគមន៍និងធនធានធម្មជាតិ ។ ទាក់ទងនឹងការងារនេះ គឺចាំបាច់ត្រូវពង្រឹងសមត្ថភាព ផ្តល់ចំណេះដឹងដល់សហគមន៍ឱ្យយល់ពីបច្ចេកទេស និងបទដ្ឋានច្បាប់ឱ្យបានច្បាស់លាស់ ព្រមទាំងតុល្យភាពនៃការអភិរក្សនិងអភិវឌ្ឍធនធានជលផល ។ លើសពីនេះទៀត គឺប្រសិទ្ធភាពនៃការអនុវត្ត ដោយត្រូវគោរពតាមបទបញ្ញតិបច្ចេកទេស ដូចជារដូវបិទនេសាទជាដើម។ ចំណែកការបង្រ្កាបបទល្មើសជលផលនានា ត្រូវធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត តាមរយៈការក្តាប់ព័ត៌មានឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងត្រូវមានការសហការពីអាជ្ញាធរខេត្ត និងជលផល៕


ប្រភព៖ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner