ការនាំចេញទុរេនរបស់វៀតណាមរកចំណូលបាន ៥០០លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូង ដោយសារតម្រូវការនៅចិនស្ទុះឡើងខ្លាំង
ហាណូយ៖ ប្រទេសវៀតណាមរកចំណូលបានជាង ៥០០លានដុល្លារពីការនាំចេញទុរេនក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៣នេះ ដែលស្មើនឹងការកើនឡើង ១៨ដង បើធៀបនឹងឆ្នាំមុន។
ប្រទេសវៀតណាមបាននាំចេញទុរេនជាង ៦៥,០០០តោនក្នុងអំឡុងខែមករា ដល់ខែឧសភា កើនឡើង ៤១ភាគរយ បើធៀបនឹងចំនួនសរុបកាលពីឆ្នាំ២០២២ ក្នុងនោះប្រទេសចិនរ៉ាប់រងការបញ្ជាទិញរហូតដល់ ៩៧ភាគរយ នេះបើយោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម។ ផ្លែទុរេនវៀតណាមបានចូលដល់រដូវប្រមូលផលកាលពីខែឧសភា ដូច្នេះតម្លៃនៃការនាំចេញផ្លែឈើបានកើនឡើងខ្ពស់បំផុតដល់ទៅ ៣៣២លានដុល្លារ ពោលគឺខ្ពស់ជាង ១០ដង បើធៀបនឹងខែមេសា។
ប្រទេសអាស៊ីអាគ្នេយ៍នេះ បច្ចុប្បន្នមានតំបន់កសិកម្មចំនួន ២៩៣កន្លែង និងទីតាំងវេចខ្ចប់ទុរេនចំនួន ១១៥កន្លែង ដែលត្រូវបានផ្តល់កូតាផ្លូវការ ដើម្បីនាំចេញទៅកាន់ប្រទេសចិន។ ចិននៅតែជាទីផ្សារដ៏ធំបំផុតសម្រាប់បន្លែ និងផ្លែឈើរបស់វៀតណាម ក្នុងអំឡុងខែមករា ដល់ខែឧសភា ជាមួយនឹងការដឹកជញ្ជូនមានតម្លៃ ៨០៥លានដុល្លារ ដែលស្មើនឹង ៥៩ភាគរយនៃទំហំនាំចេញសរុបរបស់វៀតណាម ខ្ពស់ជាង ៥៣ភាគរយក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមសមាគមន៍បន្លែ និងផ្លែឈើវៀតណាម។
ជាមួយគ្នានេះ អគ្គលេខាធិការសមាគមបន្លែ និងផ្លែឈើវៀតណាម លោក Dang Phuc Nguyen បាននិយាយថា តម្រូវការផ្លែឈើ និងបន្លែរបស់វៀតណាមទំនងជានឹងកើនឡើងប្រហែល ២០ភាគរយ ដល់ទឹកប្រាក់ ៤ពាន់លានដុល្លារនៅឆ្នាំ២០២៣នេះ ខណៈដែលវៀតណាមត្រូវបានគេរំពឹងថា នឹងមើលឃើញការនាំចេញទៅកាន់ប្រទេសចិន ពង្រីកដល់ ២.៥ពាន់លានដុល្លារ។ ចំណែកការនាំចេញទុរេនរបស់វៀតណាម ក៏ត្រូវបានគេព្យាករដែរថា នឹងកើនដល់ ១ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣នេះ៕
ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា